ដោយ​: ដេប៉ូ​/​ភ្នំពេញ​: គណៈ​វិស្វករ​កម្ពុជា ពិត​ជាមាន​ការវិវត្ត​រីកចម្រើន​គួរឱ្យកត់សំគាល់​តាំងពី​ចាប់ផ្តើម​បង្កើតឡើង​កាលពី ឆ្នាំ​២០០៩ រហូតមកដល់​បច្ចុប្បន្ន ដែលមាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច តេ​ជោ ហ៊ុន សែន ជា​ប្រធានកិត្តិយស​របស់​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា ហើយ​មាន​អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុជា ជា​សេនាធិការ បាន​ខិតខំ​សម្រេច​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​។ នេះ​ជាការ​ថ្លែង​បញ្ជាក់​ពី​សំណាក់ លោក អ៉ិ​ត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​។​

​បញ្ជាក់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​មន្ទីរពិសោធន៍​គ​ណៈ​វិស្វករ​កម្ពុជា ដែល​រៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២២ លោក អ៊ិត សំហេង បង្ហាញ​ក្តីសង្ឃឹម​ជឿជាក់ថា មន្ទីរពិសោធន៍​នេះ នឹង​បន្ត​ជំរុញ និង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​គណៈ​វិស្វករ​កម្ពុជា ក្នុងការ​គ្រប់គ្រង ត្រួតពិនិត្យ វិភាគ តាមដាន និង​ធ្វើ​កោសល្យវិច័យ​លើ​ការប្រកប​វិជ្ជាជីវៈ​វិស្វកម្ម របស់​វិស្វករ​អាជីព​នៅ​គណៈ​វិស្វករ​កម្ពុជា ដើម្បី​រួមចំណែក ចូលរួម​គិតគូរ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​អភិវឌ្ឍ​ធនធាន​បញ្ញា​វ័​ន្ត​វិស្វកម្ម​ជាតិ ដែលជា​តម្រូវ​ការចាំបាច់​ក្នុង​ការកសាង​ប្រទេស ប្រកបដោយ​កិត្តិយស សេចក្តីថ្លៃថ្នូរ សុចរិត​ភាព និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​វិស្វករ​យើង​។​

​ជាមួយគ្នា លោក អ៊ិត សំហេង បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុជា ដែល​បាន​ចាប់យក​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន CAST Laboratories PTE Ltd នៃ​ប្រទេស​សិង្ហ​បុរី ដែលជា​ក្រុមហ៊ុន​មួយ​មាន​បច្ចេកវិទ្យា​ខ្ពស់ កម្រិតស្តង់ដា​អន្តរជាតិ ISO មាន​ជំនាញ និង​បទពិសោធន៍​យូរ​ឆ្នាំ ទៅលើ​ការងារ​តេស្ត​សម្ភារៈ​គ្រឿង​ផ្គុំ ការផ្តល់​វិ​ញ្ញាប​ន​ប័ត្រ និង​ការវាយតម្លៃ​ប្រកបដោយ​គុណភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ទៅលើ​ការសាងសង់ ដោយមាន​ការទទួលស្គាល់​ជា​សាកល ទាំង​អង្គភាព​បទ​ប្បញ្ញត្តិ​ជាតិ និង​អន្តរជាតិ​។​

​លោក សុខុម រិទ្ធី​វុ​ធ អគ្គលេខាធិការ នៃ​គណៈ​វិស្វករ​កម្ពុជា ឲ្យ​ដឹងថា គណៈ​វិស្វករ​កម្ពុជា គឺជា​អាជ្ញាធរ​វិស្វកម្ម​ជាតិ​មួយ ដែល​ត្រូវបាន​បង្កើតឡើង ស្របទៅនឹង​ការវិវត្ត​នៃ​សង្គម​សេដ្ឋកិច្ច និង​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក លើ​សេវាកម្ម​វិស្វកម្ម​ឆ្លងដែន​ក្នុង​តំបន់​អាស៊ាន ក្នុង​គោលបំណង​ប្រមូលផ្តុំ​ធនធាន​បញ្ញាវន្ត​វិស្វករ​ជាតិ​ចុះបញ្ជី គ្រប់គ្រង និង​អភិវឌ្ឍ​សមត្ថភាព​ប្រតិបត្តិ​វិជ្ជាជីវៈ ដើម្បី​ធានា​ឱ្យ​ការប្រកប​វិជ្ជាជីវៈ​វិស្វកម្ម​មាន គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និង​ការទទួលខុសត្រូវ​ខ្ពស់ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក Lim eng Heng Chairman of Group CEO of cast laboratorie Pte Ltd. ក៏បាន​បង្ហាញ​ពី​សេចក្ដី​សាទរ ចំពោះ​ការដាក់អោយ​ដំណើរការ​នូវ​មន្ទីរពិសោធន៍​គណៈ​វិស្វករ​កម្ពុជា ដែល​ទាំងនេះ​ក៏​ជា​ចំណែក​មួយ​យ៉ាងសំខាន់​សម្រាប់​សក្ដានុពល​ក្នុងប្រទេស និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ផងដែរ ។​

​គួរ​បញ្ជាក់ថា​ក្នុង​ពីនេះ​ដែរ​បើតាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា បញ្ជាក់ថា ដើម្បី​ជំរុញ​ឱ្យ​គោលបំណង​របស់​គណៈ​វិស្វករ​កម្ពុជា​អាច​សម្រេចបាន​ប្រកបដោយ​សុក្រឹត្យភាព អគ្គលេខាធិការដ្ឋាន គណៈ​វិស្វករ​កម្ពុជា ត្រូវ​រៀបចំ​ផែនការ​បណ្ដុះបណ្ដាល​បំប៉ន​ជំនាញ​វិជ្ជាជីវៈ​វិស្វកម្ម ការត្រួតពិនិត្យ​វិស័យ​សំណង់ និង​មុខជំនាញ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ ដោយ​សហការ​ជាមួយ​ដៃគូរ គឺ​ក្រុមហ៊ុន CAST Laboratories PTE Ltd នៃ​ប្រទេស​សិង្ហ​បុរី ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​បទដ្ឋាន​បច្ចេកទេស​ស្តង់ដា​ផ្សេងៗ ជូន​ដល់​វិស្វករ​ដែល​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា ពីព្រោះថា មន្ទីរពិសោធន៍​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ក្លាយជា​ស្ពាន​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង តាមរយៈ​ការធ្វើ​តេស្ត​ត្រួតពិនិត្យ ការវាយតម្លៃ​សម្ភារ គ្រឿង​ផ្គុំ ការធ្វើ​កោសល្យវិច័យ​លើ​ការងារ​វិស្វកម្ម​៕