​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អ្នកការទូត​ជាន់ខ្ពស់​ចិន​ម្នាក់​បាន​និយាយថា ចិន​មិន​អាច​សហការ​ជាមួយ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ទៀត​ទេ​បន្ទាប់​ពី​ការិយាល័យ​នេះ​បញ្ចេញ​​របាយការណ៍​មួយ​ដែល​រិះគន់​គោលនយោបាយ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចំពោះ​ជនជាតិ​ភាគតិច​អ៊ុយ​ហ្គួ​រ​(Uighurs)​និង​ក្រុម​ជនជាតិភាគតិច​ដទៃទៀត​នៅ​តំបន់​ស៊ីន​ជាំ​ង​(Xinjiang)​នៅ​ចុង​​ខាងលិច​ប្រទេស​ចិន​។​

​ទោះជា​យ៉ាងណា លោក ចេ​ន ស៊ូ (Chen Xu)​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ហ្សឺ​ណែ​វ បាន​បែងចែក​ដាច់​ពីគ្នា​រវាង​មិន​ធ្វើការ​ជាមួយ​ការិយាល័យ​សិទ្ធិមនុស្ស​និង​កិច្ចសហការ​ជា​​មួយ​អង្គការ​ពិភពលោក​មួយ​នេះ​ជារួម​។​

​លោកថាចិន នឹង​បន្ត​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ជារួម ដោយ​ចាត់ទុក​អង្គការ​ពិភពលោក​នេះ​ជា​ស្នូល​នៃ​ទំនាក់ទំនង​អន្តរជាតិ តែ​ឈប់​សហការ​ជាមួយ​ការិយាល័យ​សិទ្ធិ​​មនុស្ស​ដោយសារ​វា​មិន​តំណាងអោយ​អង្គការសហប្រជាជាតិ​បន្ទាប់​ពី​ចេញ​ការ​វាយ​តំលៃ​ដូច្នេះ​។

បើតាម​លោកចេន របាយការណ៍​ចេញ​កាលពី​សប្តាហ៍​មុន ដែល​ថា​ចិន​បាន​រំលោភ​សិទ្ធិ​ខ្លះ​នៅ​ក្រោម​គោល​នយោបាយ​ប្រឆាំង​ភេរវកម្ម​របស់​ខ្លួន និង​ថា​ការរំលោភ​សិទ្ធិមនុស្សរ​បស់​ចិន​នៅ​ទីនោះ​​អាច​ស្មើនឹង​«​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​» ជា​ការបន្ទោស​គោលនយោបាយ​និង​ការ​ប្រតិបត្តិ​របស់​ចិន​«​ដោយ​គ្មាន​មូលដ្ឋាន​»​។​

​លោក​បាន​ប្រាប់​សមាគម​សារព័ត៌មាន​អង្គការសហប្រជាជាតិ​ថា «​យើង​មិន​អាច​សហការ​ជាមួយ​ការិយាល័យ​នេះ នៅក្នុង​ពេល​ជាមួយគ្នា​វា​ចេញ​ការ​វាយ​តំលៃ​បែបនេះ​បានទេ​។​ចិន​ជឿថា របាយការណ៍​​នេះ​រួម​មាន​ការ​គំរាម​មួយ​និង​មិន​អាច​ធ្វើ​កិច្ច​សហការ​បាន​ទេ ដរាបណា​មិន​មាន​ការកែប្រែ​»​។​

​រំលឹកថា​កាលពី​ថ្ងៃ​៣១​សីហា ការិយាល័យ​របស់​លោក​ស្រី មី​សែ​ល បា​ឆេ​លេត​(Michelle Bachelet)​ស្នងការ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​សំរាប់​សិទ្ធិ​មនុស្ស​​គ្រា​នោះ​បាន​ចេញ​របាយការណ៍​​មួយ​ដោយ​ចោទប្រកាន់​ចិន​ថា​បាន​ប្រព្រឹត្ត​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​លើ​ជនជាតិ​អ៊ុយ​ហ្គួ​រ​និង​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​ដទៃទៀត​។​វា​ទទូច​សុំ​អោយ​សហគមន៍​អន្តរជាតិ​«​យកចិត្តទុកដាក់​ជា​បន្ទាន់​​ចំពោះ​ស្ថានការណ៍​នៅ​ស៊ីន​ជាំ​ង​។​

​ទោះជា​យ៉ាងណា ចិន​បាន​បដិសេធ​ការ​វាយ​តំលៃ​នេះ​ដោយ​ចាត់ទុកថា​វា​ជា​ការរៀបចំ​ឡើង​ដោយ​បណ្តា​ប្រទេស​លោកខាងលិច​៕

​លោកចេនបា​ននិយាយថា ចិន នឹង​បន្ត​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ជារួម ដោយ​ចាត់ទុក​អង្គការ​ពិភពលោក​នេះ​ជា​ស្នូល​នៃ​ទំនាក់ទំនង​អន្តរជាតិ តែ​ឈប់​សហការ​ជាមួយ​ការិយាល័យ​សិទ្ធិ​​មនុស្ស​ដោយសារ​វា​មិន​តំណាងអោយ​អង្គការសហប្រជាជាតិ​បន្ទាប់​ពី​ចេញ​ការ​វាយ​តំលៃ​ដូច្នេះ​

លោក​ស្រី មី​សែ​ល បា​ឆេ​លេត​ ធ្វើអោយចិនខឹងដោយសាររបាយការណ៍សិទ្ធិមនុស្សនៅស៊ីនជាំងបន្ទាប់ពីចិនអនុញ្ញាតអោយលោកស្រីចុះទៅកាន់តំបន់ចុងខាងលិចនោះដោយផ្ទាល់