​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ហៅ​ការ​ខ្វះ​ការយកចិត្តទុកដាក់​ជា​សកល​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ថា​”​ឆ្កួត​លីលា​​បំផុត​” កាលពី​ថ្ងៃ​សុក្រ​ទី​៩​កញ្ញា ខណៈ​លោក​ចុះ​ទៅ​មើល​ប៉ា​គី​ស្ថាន ដើម្បី​ប្រមូល​ជំនួយ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​មូសុង​ដ៏​បំផ្លិចបំផ្លាញ​។​

​មនុស្ស​ជិត ១.៤០០ នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះទឹកជំនន់​ដែល​គ្របដណ្តប់​មួយ​ភាគ​បី​នៃ​ប្រទេស ដែល​ជា​តំបន់​មាន​ទំហំ​ប៉ុន​ចក្រភព​អង់គ្លេស ដោយ​បាន​បំផ្លាញ​ដំណាំ​និង​បំផ្លាញ​ផ្ទះសម្បែង អាជីវកម្ម ផ្លូវថ្នល់ និង​ស្ពាន​។​

​ប៉ា​គី​ស្ថាន​និយាយថា ខ្លួន​នឹង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងហោចណាស់ ១០ ពាន់​លាន​ដុល្លារ​ដើម្បី​កសាង​និង​ជួសជុល​ឡើង​វិញ​ដែល​ជា​ចំនួន​ច្រើន​ណាស់​មិន​អាច​លៃលក​បាន​ទេ​សម្រាប់​ប្រទេស​ដែល​ជំពាក់​​បំណុល​គេ​ខ្លាំង​បែបនេះ ប៉ុន្តែ​អាទិភាព​គឺ​អាហារ​និង​ទី​ជម្រក​សម្រាប់​មនុស្ស ៣៣ លាន​នាក់​ដែល​រង​ផលប៉ះពាល់​។​

​លោក​គូថេ​រ៉េស​បាន​និយាយថា លោក​សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​នឹង​នាំឱ្យ​មាន​ជំនួយ​អន្តរជាតិ ដោយ​កត់សម្គាល់​ថា​ប៉ា​គី​ស្ថាន​តែងតែ​បង្ហាញ​ចិត្តសប្បុរស​ចំពោះ​អ្នកដទៃ​ដោយ​ទទួល​ជន​​ភៀសខ្លួន​រាប់លាន​នាក់​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ពី​ប្រទេសជិតខាង​អា​ហ្វ​ហ្គានី​ស្ថានក្នុង​តម្លៃដ៏​ច្រើន​សម្បើម​។​

​ប៉ា​គី​ស្ថាន​ទទួល​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​ជា​ញឹកញាប់​មាន​ភាព​បំផ្លិចបំផ្លាញ ក្នុង​រដូវ​មូសុង​ប្រចាំឆ្នាំ ដែល​មាន​សារៈសំខាន់​សម្រាប់​វិស័យ​កសិកម្ម និង​ការផ្គត់ផ្គង់​ទឹក​។​ប៉ុន្តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ដូច​ឆ្នាំ​នេះ​​គឺ​មិន​ធ្លាប់​ឃើញ​រាប់​ទសវត្សរ៍​មក​ហើយ ហើយ​មន្ត្រី​ប៉ា​គី​ស្ថាន​បាន​បន្ទោស​បម្រែបម្រួល​អាកាសធាតុ ដែល​កំពុង​បង្កើន​ភាព​ញឹកញាប់​និង​កម្រិត​នៃ​អាកាសធាតុ​ធ្ងន់ធ្ងរ​នៅ​ជុំវិញ​ពិភពលោក​។​

​លោក​គូថេ​រ៉េស​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​រដ្ឋធានី​ប៉ា​គី​ស្ថាន ដោយ​បង្ហាញ​ការសោកស្ដាយ​ចំពោះ​ការខ្វះ​ការយកចិត្តទុកដាក់រ​បស់​ពិភពលោក​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ជា​ពិសេស​ប្រទេស​ឧស្សាហកម្ម​ដែល​អ្នកវិទ្យាសាស្ត្រ​បន្ទោស យ៉ាង​ដូច្នេះ​ថា “​នេះ​គឺជា​ភាព​ឆ្កួត​លីលា​បំផុត ហើយ​នេះ​ជា​ការធ្វើអត្តឃាត​ជា​សមូហភាព​”​។​

​ប៉ា​គី​ស្ថាន​ទទួលខុសត្រូវ​ចំពោះ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពិភពលោក​តិចជា​ង​មួយ​ភាគរយ ប៉ុន្តែ​ស្ថិតនៅ​លំដាប់​ទី​ប្រាំបី​ក្នុង​បញ្ជី​ដែល​ចងក្រង​ដោយ​អង្គការក្រៅរដ្ឋាភិបាល Germanwatch​នៃ​បណ្តា​​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​ចំពោះ​អាកាសធាតុ​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ​។​

​លោក​គូថេ​រ៉េស​គ្រោង​នឹង​ចុះមើល​ផ្នែក​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ភាគខាងត្បូង​នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​ក៏​ចុះទៅ​មើល​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល​កំណត់​ដោយ​អង្គការ​យូណេស្កូ ឈ្មោះ ម៉ូ​ហេន​ចូដា​រ៉ូ (Mohenjo-daro) អាយុ​រាប់​សតវត្សរ៍ ដែល​ត្រូវបាន​គំរាមកំហែង​ដោយ​ទឹកជំនន់​ផងដែរ​៕

​លោក​គូថេ​រ៉េស​គ្រោង​ចុះ​ទៅ​មើល​ភាគខាងត្បូង​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃ​សៅរ៍​នេះ