ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោកស្រី ខាន់​នី វី​កណា​រា​ចា (Kanni Wignaraja) ឧបការី​អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង​ជា​នាយិកា កម្មវិធី​អភិវឌ្ឍន៍ អ​.​ស​.​ប​. (UNDP) ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​កោតសរសើរ​ចំពោះ ការអភិវឌ្ឍ​យ៉ាង ឆាប់រហ័ស​របស់​កម្ពុ​ជា លើ​គ្រប់​វិស័យ​។​

​លោកស្រី មាន​សេចក្តី​រីករាយ​ជាខ្លាំង ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង UNDP ។ លោកស្រី បាន​សង្កត់ធ្ងន់ថា ចំពោះ​ឯកសារ គម្រោង​កម្មវិធី​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៤-២០២៨ លោកស្រី ចង់​ឲ្យ​មាន ការចូលរួម​កាន់តែច្រើន ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែមាន​សមត្ថភាព ប្រកួតប្រជែង​នៅក្នុង​តំបន់​។​

​លោកស្រី បាន​ថ្លែង​កោត​សរសេ​ី​រ​ដូចនេះ ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់​លោកស្រី ពីថ្ងៃ​ទី​០៨-១២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក អ៊ុច បូរ​រិ​ទ្ធ បាន​សម្តែង​នូវ​ការស្វាគមន៍ យ៉ាង​កក់ក្តៅ​ចំពោះ​លោកស្រី ខាន់​នី វី​កណា​រា​ចា និង​បាន​អះអាង​សារជាថ្មី ពី​ការគាំទ្រ​ទាំងស្រុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការងារ​របស់ អង្គការ UNDP នៅ​កម្ពុជា​។ លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​កម្ពុជា និង អង្គការ UNDP និង​បាន​ថ្លែងអំណរគុណ ចំពោះ​អង្គការ​នេះ ដែល​បាន​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។

​លោក​បាន​គូសបញ្ជាក់ អំពី​សារៈសំខាន់​នៃ ការចូលរួមចំណែករ​បស់ UNDP នៅ​ក្នុងការ​បោសសម្អាត​គ្រាប់មីន ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំង ១៨ របស់​កម្ពុជា ស្តីពី​កម្ពុជា គ្មាន​គ្រាប់មីន​ត្រឹម​ឆ្នាំ ២០២៥​។
​ក្នុងការ​ចាកចេញ​រប​ស់​កម្ពុជា ពី​ឋានៈ​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​តិចតួច (LDC) លោក​បាន​គូសបញ្ជាក់ថាៈ កម្ពុជា​បាន​បំពេញ​លក្ខខណ្ឌ​តម្រូវ​ទាំងបី ហើយ​ចាំបាច់ ត្រូវធ្វើ​កិច្ចការ​នេះ​ដូចគ្នា ជា​លើក​ទី​ពីរ ក្នុង​ឆ្នាំ ២០២៤ ដើម្បី​បញ្ចប់​ទាំងស្រុង ពី​ឋានៈ LDC នេះ​។ លោក​សង្ឃឹមថាៈ ឯកសារ​កម្មវិធី​ថ្មី​ប្រចាំ​ប្រទេស ២០២៤-២០២៨ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង UNDP នឹង​ជួយ​កម្ពុជា​សម្រេច បាន​គោលដៅ​នេះ​។​

​លោក អ៊ុច បូរ​រិ​ទ្ធ និង​លោកស្រី ខាន់​នី វី​កណា​រា​ចា បាន​សម្ដែង​ការពេញចិត្ត ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​កម្ពុជា និង UNDP ហើយក៏​បានបង្ហាញ ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នេះ បន្ថែមទៀត​៕/V​ N