​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​អាកាសចរណ៍ United Airlines​របស់​អាម៉េរិក​កំពុងតែ​បង្កើន​ការ​ភ្នាល់​របស់​ខ្លួន​លើ​តាក់ស៊ី​ហោះ​ដើរ​ដោយ​អគ្គិសនី ដោយ​ចំណាយ ១៥​លាន​ដុល្លារ​ទៅ​​ក្នុង​ការបញ្ជា​ទិញ​យានយន្ត​បែបនេះ ២០០ គ្រឿង​ពី​ក្រុមហ៊ុន​ថ្មីថ្មោង ឈ្មោះ Eve Air Mobility​។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ជឿជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត អ្នកស្រុក​នៅ​បណ្តា​ទីក្រុង​ដែល​ស្ទះចរាចរណ៍​ខ្លាំង​នឹង​ចំណាយ​លើសពី ១០០ ដុល្លារ​ទៅ ១៥០​ដុល្លារ​សម្រាប់​ការ​ជិះ​មួយ​ជើង​​ទៅកាន់​អាកាសយានដ្ឋាន​តាម​រថ​យន្ត​តាក់ស៊ី​ហោះ​បួន​កៅអី ដែល​ដំណើរការ​ដោយ​អគ្គិសនី​។​

​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន United រួម​មាន​ការបញ្ជា​ទិញ​ដំបូង​នៃ​តាក់ស៊ី​ហោះ​ចំនួន ២០០ គ្រឿង ដែល​ហោះ​និង​ចុះចត​ដូច​ឧទ្ធម្ភាគចក្រ ជាមួយ​នឹង​ជម្រើស​ក្នុង​ការទិញ ២០០​គ្រឿង​បន្ថែម​​ទៀត​បន្ទាប់ពី​នោះ​។​

​លោក ម៉ៃ​ឃើ​ល ឡេ​ស្គី​និន (Michael Leskinen) ប្រធាន​ក្រុមហ៊ុន United Airlines Ventures បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​កិច្ចព្រមព្រៀង​របស់​យើង​ជាមួយ​​ក្រុមហ៊ុន Eve បង្ហាញ​ពី​ទំនុកចិត្ត​របស់​យើង​ចំពោះ​ទីផ្សារ​តាក់ស៊ី​ហោះ​ក្នុង​ទីក្រុង និង​ដើរតួ​ជា​គោល​សំខាន់​មួយទៀត​ឆ្ពោះទៅ​រក​គោលដៅ​របស់​យើង​នៃ​ការបំភាយ​កាបូន​សូន្យ​នៅ​ត្រឹម​ឆ្នាំ ២០៥០ ដោយ​មិន​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​បែប​ប្រពៃណី​”​។

​ក្រុមហ៊ុន United Airlines រំពឹង​ទទួលបាន​តាក់ស៊ី​ហោះ​ដំបូង​ពី​ក្រុមហ៊ុន Eve ភ្លាមៗ​នៅ​ឆ្នាំ ២០២៦​។ ទោះ​យ៉ាងណា​ឡាន​ហោះ​អគ្គិសនី​មិនទាន់​ទទួលបាន​ការយល់ព្រម​ពី​រដ្ឋបាល​​អាកាសចរណ៍​សហព័ន្ធ​ដើម្បី​ដឹក​អ្នកដំណើរ​នៅ​ឡើយ​ទេ​៕

ក្រុមហ៊ុន United Airlines រំពឹង​ទទួលបាន​តាក់ស៊ី​ហោះ​ដំបូង​ពី​ក្រុមហ៊ុន Eve ភ្លាមៗ​នៅ​ឆ្នាំ ២០២៦​