​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកល​ក់ហ្វឺ​ម្នាក់ ដែល​ធ្វើ​ត្រាប់​លេងសើច​តាម​មេ​ចុងភៅ​ដ៏​ល្បី​ជនជាតិ​តួ​ក​គី នូ​ស្រេត ហ្គ​តសេ (Nusret Gökçe) ដែល​គេ​ស្គាល់​ថា Salt Bae​ត្រូវបាន​​ចាប់ខ្លួន​ពី​បទ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ​នៅក្នុង​ប្រទេស​វៀតណាម​។​

​លោក ប៊ុយ ទួន ឡាំ (Bui Tuan Lam) អាយុ ៣៨ ឆ្នាំ​បាន​បង្ហោះ​វីដេអូ​មួយ​កាលពី​ឆ្នាំមុន ដែល​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជាការ​ចម្អក​ឱ្យ​រដ្ឋ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​បន្ទាប់​ពី​​រដ្ឋមន្ត្រី​នោះ​ត្រូវបាន​គេ​ថត​បាន​ពេល​កំពុង​ត្រូវបាន Salt Bae បញ្ចុក​សាច់គោ​អាំង​ស្រោប​មាស តម្លៃ​រហូត​ដល់​ទៅ ១.៧២៥ ដុល្លារ​។​

​តម្លៃ​ដ៏​ថ្លៃ​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល ខណៈ​មនុស្ស​ជា​ច្រើន​រស់នៅ​ក្នុង​ភាពក្រីក្រ​ក្នុង​ប្រទេស​វៀតណាម ជា​រដ្ឋ​ឯក​បក្ស ដែល​តែងតែ​ចាប់​អ្នក​រិះគន់​ដាក់គុក​។​

​ប្រពន្ធ​របស់​ប៊ុយ ទួន​ឡាំ បាន​ប្រាប់​កម្មវិធី BBC Vietnam ថា ឡាំ​ត្រូវបាន “​ចាប់ខ្លួន​” កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​៧​កញ្ញា​ដោយ​ប៉ូលិស​ជាមួយនឹង​ដីកាឆែកឆេរ​ផ្ទះ​របស់​គាត់​។​

​នាង​បាន​និយាយថា ពួកគេ​បាន​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការចាប់ខ្លួន ចាប់តាំងពី​ប្តី​របស់​នាង​ត្រូវបាន​ប៉ូលិស​កោះហៅ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​។​

​លោក​ឡាំ ដែល​បើក​តូប​លក់​ហ្វឺ​សាច់គោ​ក្នុង​ទីក្រុង​ដា​ណាំង បាន​ប្រាប់ BBC​នៅពេល​នោះ​ថា គាត់​មិន​យល់​ពី​មូលហេតុ​ដែល​គាត់​ត្រូវបាន​កោះហៅ​នោះទេ ដោយ​បន្ថែម​ថា ប៉ូលិស​បាន​និយាយថា​មូលហេតុ​​ត្រូវ​តែ​រក្សា​ជា​ការសម្ងាត់​។​

​គាត់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​តាម​មាត្រា ១១៧ ដែល​ចោទ​ពី​បទ​ផលិត​ឬ​ផ្សព្វផ្សាយ​ព័ត៌មាន “​ប្រឆាំង​” រដ្ឋ​មាន​ស្ថាន​ទម្ងន់​ទោស​ព្រហ្មទណ្ឌ​។​

​ប៉ូលិស​បាន​និយាយថា អាជ្ញាធរ​បាន​ព្រមាន​ឡាំ​ម្តង​ហើយ​ម្តងទៀត​កុំឱ្យ​បង្ហោះ​ខ្លឹមសារ​ដែល​ប្រមាថ​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​របស់​ថ្នាក់ដឹកនាំ​។​

​ការ​លេងសើច​បែប​ចម្អក ដែល​ឡាំ​ពណ៌នា​ដោយ​ខ្លួនឯង​ថា “Green Onion Bae” ត្រូវ​បាន​បង្ហោះ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ឧត្តមសេនីយ៍ តូ ឡាំ (To Lam) រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​របស់​វៀតណាម​ត្រូវបាន​គេ​ថត​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ដ៏​ថ្លៃ​របស់​លោក​ហ្គ​ត​សេ​ក្នុង​ទីក្រុង​ឡុង​ដ៍​។​តម្លៃ​សាច់គោ​មិន​ត្រូវ​បាន​ចុះបញ្ជី​នៅលើ​វេបសាយ​របស់​ខ្លួន​ទេ ប៉ុន្តែ​យោង​ទៅ​តាម​ការពិនិត្យ​សាច់​អាំង​​ដែល​ស្រោបមាស​បែបនេះ​គឺ​មាន​តម្លៃ​ចាប់ពី ៨០០ ផោន ដល់ ១.៥០០ ផោន​។​

​វីដេអូ​លោក​រដ្ឋមន្ត្រី​ស៊ី​សាច់គោ​ថ្លៃ ដែល​ឥឡូវ​បាន​លុប​ចោល​ហើយ​នោះ បាន​បង្ក​ការ​ខឹងសម្បារ​ជាហេតុ​នាំ​ឱ្យ​មាន​សំណួរ​ជាច្រើន​នៅលើ​បណ្ដាញ​សង្គម ដោយ​មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា មុខម្ហូប​នេះ​ថ្លៃ​ជាង​ប្រាក់ខែ​របស់​រដ្ឋមន្ត្រី​ចន្លោះ​ពី ៦០០ ទៅ ៨០០ ដុល្លារ​ទៅ​ទៀត​៕

​លោក​ប៊ុយ ទួន ឡាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ពី​បទ​បង្ហោះ​វីដេអូ​ធ្វើ​ត្រាប់​តាម Salt Bae