​ប្រែ​សម្រួលៈ​បំណង​(AAP)៖ សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​១៣​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​បាន​ព្រមព្រៀងគ្នា​លើ​លក្ខខណ្ឌ​សំរាប់​ការចរចា​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម បរិស្ថាន​និង​សេដ្ឋកិច្ច​ដែល​រដ្ឋមន្ត្រី​ពាណិជ្ជ​​អាម៉េរិក លោកស្រី ហ្គី​ណា រ៉ា​យ​ម៉ុន​ដូ​( Gina Raimondo)​និយាយថា នឹង​ជួយ​ជំរុញ​ការវិនិយោគ​និង​បង្កើត​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ជា​ដៃគូ​។​

​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​លោកស្រី កា​ដឺ​រី​ន តា​យ​(Katherine Tai)​និយាយ​ថា​ឥណ្ឌា ប្រទេស​ប្រកាន់​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ធំ​បំផុត​ក្នុង​លោក ដំបូង​មិនបាន​ចូលរួម​ក្នុង​ការចរចា​ពាណិជ្ជកម្ម​​របស់​អង្គការ​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​(IPEF)​ទេ តែ​លោក​ស្រី​បាន​ពិភាក្សា​បញ្ហា​ពាណិជ្ជកម្ម​ស្រដៀង​គ្នា​ជាមួយ​សម​ភាគី​ឥណ្ឌា​របស់​លោកស្រី​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​មួយ​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​កាលពី​ថ្ងៃ​សុក្រ ប្រទេស​ចំនួន​១៤​បាន​ព្រមព្រៀង​គ្នា​លើ​គម្រោង​សំខាន់ៗ​សំរាប់​ការចរចា​អំពី​«​សសរស្តម្ភ​ធំ​បួន​»​នៃ​កិច្ចព្រមព្រៀង​​មួយ​នា​ពេលអនាគត នោះ​គឺ លំហូរ​ទិន្នន័យ​និង​សិទ្ធិ​ការងារ ភាព​ធន់​អំពី​ខ្សែសង្វាក់​ផ្គត់ផ្គង់ ថាមពលបៃតង​និង​ស្តង់ដា​បរិស្ថាន និង​ចុងក្រោយ​គឺ ការប្រឆាំង​អំពើ​ពុករលួយ​និង​វិធានការ​ពន្ធ​។​

IPEF នឹង​មិន​រាប់​បញ្ចូល​ការ​កាត់​ពន្ធ ដែល​ជា​គោលការណ៍​គ្រឹះ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី តែ​កិច្ចពិភាក្សា​នេះ​ជា​ផ្នែក​នៃ​ការខិតខំ​របស់​អាម៉េរិក​ដើម្បី​ចូលរួម​ពាក់ព័ន្ធ​ខាង​សេដ្ឋកិច្ច​ឡើងវិញ​ជា​​មួយ​បណ្តា​ប្រទេស​នៅ​អាស៊ី​។​

​កិច្ច​ពិភាក្សា​នៅ​ឡូ​ស អ៊ែន​ជើ​ឡេស​រួម​មាន​រដ្ឋមន្ត្រី​ទៅ​ពី​អូស្ត្រាលី ព្រុយ​ណេ ហ្វី​ជី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នូ​វ៉េ​ល​សេ​ឡង់ ហ្វីលីពីន សិង្ហ​បុរី ថៃ​និង​វៀតណាម​។​បូករួមទាំង​អាម៉េរិក ប្រ​​ទេស​ចូលរួម​នេះ​តំណាង​អោយ​ប្រហែល​៤០​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​(GDP)​របស់​ពិភពលោក​។​

​លោកស្រី​តា​យ​និយាយថា ប្រធានាធិបតី ចូ បៃ​ដិនបាន​ចាប់ផ្តើមបង្កើ​ត​ក្រមខណ្ឌ​នេះ​កាលពី​ខែ​ឧសភា​ដើម្បី​នាំ​កម្មករ​មកកាន់​ស្នូល​នៃ​របៀប​វារ​សេដ្ឋកិច្ច​និង​ធ្វើការ​ដើម្បី​កំណើន​ដោយ​សមភាព​និង​​ចីរភាព ហើយ​ក្រោយ​«​ការពិភាក្សា​ពិស្តារ​អស់​ពេល​ជាច្រើន​ថ្ងៃ យើង​ពិតជារ​ក​បាន​វឌ្ឍនភាព​ឆ្ពោះ​ទៅកាន់​គោលដៅ​នោះ ហើយ​សេចក្តីថ្លែងការណ៍​បង្ហាញ​ទាំង​មហិច្ឆតានិង​នវានុវត្តន៍​របស់​យើង​​។​បំ​​ណង​របស់​យើង​ឥឡូវ​គឺ​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ការចរចា​ជាមួយ​ដៃគូ​របស់​យើង​អំពី​សសរស្តម្ភ​មួយៗ និង​ការពិភាក្សា​ជុំ​ទី​មួយ​នឹង​កើត​ឡើង​នៅ​បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​»​។​

​រដ្ឋមន្ត្រី​ពាណិជ្ជ​អាម៉េរិក លោកស្រី ហ្គី​ណា រ៉ា​យ​ម៉ុន​ដូ ក៏​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ និង​ថា​កិច្ចប្រជុំ​IPEF​លើក​ទី​ពីរ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ដើមឆ្នាំ​២០២៣ តែ​មិន​អាច​ធានាបាន​ថា​តើ​វានឹងសំរេចបានកិច្ចព្រមព្រៀង​មួយ​ទាន់​ជំនួប​កំពូល​APEC​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣​ដែរ​ឬ​អត់​៕

​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​លោកស្រី កា​ដឺ​រី​ន តា​យ ឡើង​និយាយ​ក្នុង​កិច្ចប្រជុំ​IPEF​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស កលា​ពីថ្ងៃ​ព្រហស្បតិ៍​