​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ចាប់តាំងពី​ចិន​បាន​ប្រកាស​ពី​គោលបំណង​របស់​ខ្លួន​ក្នុង​ការបំភាយ​កាបូន​ឌីអុកស៊ីត​ឱ្យ​ដល់​ចំណុចកំពូល​នៅ​មុន​ឆ្នាំ ២០៣០ និង​សម្រេចបាន​នូវ​កាបូន​សូន្យ​មុន​ឆ្នាំ ២០៦០ ប្រទេស​នេះ​បាន​ខិតខំ​បំពេញ​គោលដៅ​នេះ​ឱ្យ​បាន​តាមរយៈ​ការចាត់វិធានការ​ផ្សេងៗ​។​

​ក្នុងចំណោម​វិធានការ​ទាំងនោះ វឌ្ឍនភាព​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​មាន​សារៈសំខាន់​ក្នុង​ការផ្តល់​នូវ​កម្លាំង​រុញច្រាន​ដ៏​ខ្លាំងក្លា​និង​ការជំរុញ​រយៈពេល​វែង​សម្រាប់​ប្រទេស​។​

​ចិន​បាន​អនុវត្ត​សកម្មភាព​ទូទាំង​ប្រទេស​ដើម្បី​បញ្ឈប់​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​រោងចក្រ​ប្រើ​ម៉ាស៊ីន​ចំហេះ​ដែល​ហួស​សម័យ ដើម្បី​កាត់បន្ថយ​ការ​បំពុលបរិយាកាស និង​ការបំភាយ​ឧស្ម័ន CO2 ។​ដោយ​​ប្រើ​កាតាលីករ​ដែលមាន​ប្រសិទ្ធភាព​ជាង​មុន និង​ដំណើរការ​ឧស្សាហកម្ម​កាន់តែ​ប្រសើរ ការបំភាយ​ឧស្ម័ន​កាបូនិច​( CO2) ពី​ម៉ាស៊ីន​ចំហេះ​បាន​ថយចុះ​យ៉ាង​ខ្លាំង​។​

​យោង​តាម​ការ​សិក្សា​ដែល​រាយការណ៍​ដោយ​កាសែត Guangming Daily កាលពី​ថ្ងៃ​ពុធ ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០២០ សកម្មភាព​ខ្យល់​ស្អាត​របស់​ចិន​លើ​ការប្រើប្រាស់​ថាមពល​និង​ការបំភាយ​ឧស្ម័ន CO2 សម្រេចបាន​នូវ​ការកាត់បន្ថយ CO2 សរុប​ចំនួន ២,៤៣ ពាន់​លាន​តោន​។ សកម្មភាព​ទាំងនេះ​បាន​សន្សំ​ធ្យូងថ្ម​ស្តង់ដារ​សរុប​ចំនួន ១,០៦ ពាន់​លាន​តោន​។​

​ការកាត់បន្ថយ CO2 គឺ​មាន​ច្រើន​ជាង​ការបំភាយ​ឧស្ម័ន CO2 ចំនួន ២,០៣ ពាន់​លាន​តោន​ក្នុង​អំឡុងពេល​ដូចគ្នានេះ​។​

​ក្នុង​ឆ្នាំ ២០២០ តែឯង សកម្មភាព​ខ្យល់​ស្អាត​បាន​ជួយ​សន្សំ​ធ្យូងថ្ម​ស្តង់ដារ​ចំនួន ២៤៧ លាន​តោន និង​កាត់បន្ថយ​កាបូនឌីអុកស៊ីត​ចំនួន ៥៧០ លាន​តោន ដែល​ស្មើនឹង ៥,៥ ភាគរយ​នៃ​ការបំភាយ​ឧស្ម័ន CO2 សរុប​របស់​ប្រទេស​នៅ​ឆ្នាំ​នោះ​។​

​គាំទ្រ​ដោយ​បច្ចេកវិជ្ជា​ទំនើប រោងចក្រ​គីមី​នៅក្នុង​ប្រទេស​ចិន​បានចាប់ផ្តើម​កាត់បន្ថយ​ការបញ្ចេញ​កាបូន​របស់ខ្លួន​។ នៅ​ទីក្រុង​សៀង​ហៃ​ភាគ​ខាងកើត​ប្រទេស​ចិន មាន​រោងចក្រ​ចម្រាញ់​ប្រេង​មួយ កំពុង​បញ្ចេញ​កាបូនិច​សូន្យ​រួចទៅហើយ​។​

​ក្រុមហ៊ុន Gaoqiao Petrochemical ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់ Sinopec នៅ​ទីក្រុង​សៀង​ហៃ បាន​ចែកចាយ​ផលិតផល​ប្រេង​ចម្រាញ់​កាបូនិច​សូន្យ​ដំបូង​គេ ដែល​ផលិត​ពី​ប្រេង​ឆៅ​​ចំនួន ៣០.០០០ តោន រួម​ទាំង​ប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងកាត និង​ហ្គាស ដែល​ទាំងអស់​នេះ​គឺ​បញ្ចេញ​កាបូនិច​សូន្យនិង​ត្រូវ​បាន​បញ្ជាក់​ដោយ​ទីភ្នាក់ងារ​បរិស្ថាន​និង​ថាមពល​ក្រុង​សៀង​ហៃ​។​

​រោងចក្រ​ចម្រាញ់​ប្រេង​បានបញ្ចប់​គម្រោង​គ្រប់គ្រង​ការបំពុល​ចំនួន ៥៣ នៅ​ចន្លោះ​ឆ្នាំ ២០១៨ និង ២០២០ ដោយ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​នៃ​សារធាតុបំពុល​សំខាន់ៗ​។​កំហាប់​ការបំភាយ​ឧស្ម័ន​​កាបូនិ​ចជា​មធ្យម​បាន​ថយ​ចុះ​មក​នៅត្រឹម ២៣ ភាគរយ​នៃ​កម្រិត​ស្តង់ដារ​របស់​វិស័យ​នេះ​។​

​នៅ​ឆ្នាំ ២០២១ ចិន​បាន​ចាប់ផ្តើម​គម្រោង​ដូចជា ការព្យាបាល​ផ្សែង​ពណ៌ ការព្យាបាល​សមាសធាតុ​សរីរាង្គ​ដែល​ងាយ​ប្រែប្រួល និង​ការកែប្រែ​ការបំភាយ​ឧស្ម័ន​ទាប​បំផុត​នៃឡ​ដុតក​ម្តៅ​ដើម្បី​កាត់បន្ថយ​​ការបំភាយ​ឧស្ម័ន​កាបូនិច​ឱ្យបាន​កាន់តែ​ច្រើន​៕

​រូបថត​ពីលើ​អាកាស​ថត​នៅ​ថ្ងៃទី ២៥ ខែ​សីហា ឆ្នាំ ២០២២ បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ស្ថានីយ​ថាមពល Photovoltaic​បណ្តែត​ទឹក​ម៉ៅ​វៃ (Maowei) នៅលើ​ទឹក​ក្នុង​ទីប្រជុំជន​គូ​ចេង (Gucheng) ស្រុក​យី​ង​សាង (Yingshang) ខេត្ត​អាន​ហ៊ុយ ភាគ​ខាងកើត​ប្រទេស​ចិន ដែល​បញ្ចេញ​កាបូនិច​សូន្យ​