ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ:ផ្លូវក្រាលកៅស៊ូ បេតុង ដីមួយចំនួននៅក្រុងប៉ោយប៉ែតដែលរងការខូចខាតស្រាប់ បានបន្តរឹងរឹតតែរងការខូខាតបន្ថែមដោយសារភ្លៀងធ្លាក់រណ្តំកន្លងមក ដល់ពេលនេះ ។

លោក ភោក លាន ចៅសង្កាត់ប៉ោយប៉ែតបានប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២ ថា:ជាការឆ្លើយតប អាជ្ញាធរសង្កាត់ និងក្រុងបានដាក់ក្រុមការងារសម្រុកជួសជុលបន្ទាន់ចំណុចនិងកំណាត់ផ្លូវមួយចំនួនដែលស្របតាមការទទួលខុសត្រូវរបស់ខ្លួនផង សំណូមពរពលរដ្ឋផងនិងក៏ដើម្បីកុំអោយវាខូចខាតកាន់តែច្រើន ធំនិងធ្ងន់ធ្ងរផង ។

លោក ភោក លន បន្តថា សម្រាប់ភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុមការងារបាននឹងកំពុងជួសជុលចំណុចនិងកំណាត់ផ្លូវបេតុងដែលប្រេះបែក ស្រុត របើកដូចជាផ្លូវភ្ជាប់ពីមជ្ឈមណ្ឌលប្រជុំជនក្រុងនៃសង្កាត់ប៉ោយប៉ែតទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតសង្កាត់អូរឬស្សី ភ្ជាប់ផ្លូវជាតិលេខ៥ទៅសាលាសង្កាត់ ទៅភូមិមិត្តភាព ភូមិចាន់គិរីនិងភូមិឯទៀត ទៅសាលារៀន ទៅផ្សារនិងទៅលំនៅឋានពលរដ្ឋកកកុញ ។

ជាមួយគ្នានោះ ក៏មានកាយប្រឡាយរំដោះទឹកដាក់លូ និងធ្វើសណ្តាប់ធ្នាប់ផងដែរ ។

ចំណែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់កាសែតរស្មីកម្ពុជាដែរថា ក្នុងក្របខណ្ឌឬបន្ទុករបស់សង្កាត់និងរបស់ក្រុង ចំពោះមុខនឹងបាននឹងកំពុងជួសជួលចំណុចនិងកំណាត់ផ្លូវគោក ប្រភេទក្រាលកៅស៊ូគឺផ្លូវជាតិលេខ៥ ផងដែរដូចជានៅម្តុំមុខផែស្ងួតឈុន លីម ដែលផ្លូវរងការខូចខាតដោយរថយន្តបន្ទុកធ្ងន់ ហើយបត់ចូលផែ ព្រមទាំងផ្លូវបេតុង ផ្លូវគ្រួស ផ្លូវថ្មមិច ផ្លូវដីជាច្រើនខ្សែនៅក្នុងសង្កាត់ទាំង៥ មានសង្កាត់អូរជ្រៅ ប៉ោយប៉ែត ផ្សារកណ្តាល និមិ្មតនិងអូរឬស្សី ។

ក្នុងនោះ សម្រុកកាយប្រឡាយ ស្តារ ដាក់លូរំដោះទឹកស្អុយទឹកភ្លៀងផងដែរ នារដូវវស្សានិងបន្ថែមមានភ្លៀងធ្លាក់រណ្តំដោយសារឥទ្ធិពលជ្រលងសម្ពាធទាប់នេះ ។

លោកបន្ថែមថា : ចំពោះមុខក្រុងក៏កំពុងស្ថាបនារង្វង់មូលប៉ោយប៉ែតនិងតម្លើងរូបព្រះវិស្ណុជារូបនិមិត្តរូបក្រុងនិងជារូបចាស់នៅរង្វង់មូលជាប់មាត់តំបន់ត្រាយតាបិនិត្យនៃច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

លោកអភិបាលក្រុង ក៏អោយដឹងដែរថា :អង្គភាពក៏បាននឹងកំពុងបានចាត់តាំងនិងក្រុមការងារតម្លើង អំពូលភ្លើងសូឡាបំភ្លឺផ្លូវដើម្បីត្រៀមដាក់នៅរង្វង់មូលនៃផ្លូវជាតិលេខ៥ លេខ៦ លេខ៥៨ ផ្លូវតំណភ្ជាប់ចូលទៅស្ពាននៃច្រកព្រំដែនអន្តរជាតិថ្មីស្ទឹងបត់-បានណងអៀន ៕ N