ដោយ:បូព៌ព្រឹក្ស,សុផល/ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិតមួយលាននាក់ហើយ។ នេះបើយោងតាមប្រភពក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២២ទៀតថា ក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហាកន្លងទៅទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុប ៩៩៨,២៧២នាក់ កើនឡើង ៧២០ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥ភាគរយនិងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានបន្តថា ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ មានមកពីថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។

លោក ថោង ខុន បានបន្តទៀតថា «យោងតាមការព្យាករណ៍ចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់»៕


រូបថតក្រសួងទេសចរណ៍