ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖លោក គឹម ភក្ដីគ្រូបង្គោលក្លិបបាល់ទាត់បឹងកេតបានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្នុងវ័យ ៤១ឆ្នាំ ដោយរោគាពាធ។

សម្រាប់ឆ្នាំ២០២២នេះគ្រួសារបាល់ទាត់កម្ពុជាបានបាត់បង់នូវសមាជិកចំនួនបីរូបហើយ ដែលក្នុងនោះមាន ឧកញ៉ា ឬទ្ធី សំណាងដែលជាស្ថាបនិកក្លិបបាល់ទាត់ភ្នំពេញក្រោន,លោកព្រឹទ្ធាចារ្យ មិត្ត សំអ៊ែល ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិនាទសវត្សឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ហើយម្សិលមិញនេះគឺលោកគឹម ភក្ដី។

លោក គឹម ភក្ដី កាន់សញ្ញាបត្រកម្រិត A នេះ ត្រូវបានមហាគ្រួសារបាល់ទាត់ជាតិ ក៏ដូចជាអ្នកគាំទ្រ សម្ដែងការសោកស្ដាយជាខ្លាំង ចំពោះកាត់បាត់បង់នូវធនធានដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ ដ្បិតកាលនៅមានជីវិតលោក គឹម ភក្ដី ធ្លាប់បានរួមចំណែកផលិតធនធានកីឡាករល្អៗជាច្រើន ជាក់ស្ដែងកីឡាករឆ្នើមៗ មួយចំនួន ដែលកំពុងលេងក្នុងរក្របខណ្ឌលីគកំពូលកម្ពុជា។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ជាមួយគ្រួសារលោក គឹម ភក្ដី ហើយបានបញ្ជាក់ថា «នៅក្នុងអំឡុងដំណើរជីវិតរបស់លោក គឹម ភក្ដី លោកបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍបាល់បាល់ទាត់ជាតិ តាមរយ:ការបណ្ដុះបណ្ដាលកីឡាករយុវជនថ្នាលកម្ពុជាជាច្រើននាក់ក៏ដូចជាការដឹកនាំក្លិបបាល់ទាត់អាជីពនាពេលកន្លងមកផងដែរ។នេះគឺជាការបាត់បង់ធនធានដ៏ល្អមួយរូបរបស់បាល់ទាត់កម្ពុជា»។

លោក គឹម ភក្ដី ត្រូវបានផ្ទេរមកកាន់ក្លិបបឹងកេត ក្នុងនាមជានាយបច្ចេកទេស ក្រោយចាកចេញពីមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទីទីកន្លែងដែលលោកបានរួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករយុវជនជាច្រើន។

លោកត្រូវបានតែងតាំងជាគ្រូបង្គោលស្ដីទី ក្រោយការចាកចេញរបស់លោក Apisit Im Amphaiចាប់ពីសប្ដាហ៍ទី៥នៃលីកកំពូលកម្ពុជាឆ្នាំ២០២០ហើយលោកបានដឹកនាំក្រុមនាគខៀវ គ្រងជើងឯកនៅឆ្នាំនោះតែម្ដង ជាមួយកំណត់ត្រាដឹកនាំ ១៧ ប្រកួត ឈ្នះ ១២ និងស្មើ ៥ មិនស្គាល់ពាក្យចាញ់ម្ដងឡើយ ៕
សរន