ដោយ : ប.ជ័យ / បន្ទាយមានជ័យ:ករណីលួច ឆក់និងកាប់នៅក្រុងប៉ោយប៉ែត កម្លាំងជំនាញនគរបាលក្រុងចុះស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ១៣នាក់។


យោងបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាផ្ទាល់ដល់ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែតមានលោកវរសេនីយ៍ ទោ ព្រហ្ម ពិសិដ្ឋ អធិការរង ទទួលផែននគរបាលយុត្តិធម៌ ដឹកនាំកម្លាំង នៅថ្ងៃសៅរ៍ទី ១០ ខែកញ្ញាឆ្នាំ ២០២២នេះ បង្ហាញមុខជនសង្ស័យចំនួន ១៣ នាក់បន្ទាប់ពីបើកការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់រួចមក។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានរំលឹកថា៖ គិតពីថ្ងៃទី៦ខែកញា្ញកម្លាំងជំនាញបានទទួលបណ្តឹងពីឈ្មោះលឹម ម៉ី ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិដុងអារញ្ញសង្កាត់និមិត្តក្រុងប៉ោយប៉ែត ថាកាលពីយប់ថ្ងៃទី៥ខែ កញា្ញវេលាម៉ោង១០យប់ ខ្លួននិងឈ្មោះលួយ សំបូភេទប្រុសជិះម៉ូតូពីទិស ខាងកើតទៅទិសខាងលិចក៍ឃើញមានម៉ូតូមួយក្រុមជាងដប់គ្រឿងបើកហ៊ោរកញ្រ្ជៀវតាមផ្លូវ ។ខ្លួនឃើញបែបនេះក៏ជិះម៉ូតូហួសទៅសំដៅទៅផ្សារទឹកពុះ ផ្កាយ៥ ប៉ោយប៉ែត ។ប៉ុន្តែពេលជិះត្រឡប់មកវិញដល់វត្តម៉ុងចិន ក៏ស្រាប់តែឃើញក្រុមម៉ូតូនោះជិះមកតាមក្រោយ ខ្លះបិតភ្លើង ខ្លះបើកភ្លើងជិះដេញពីក្រោយយ៉ាងលឿន ។ឃើញបែបនេះ ខ្លួន ក៏បើកម៉ូតូយ៉ាងលឿនដល់បុរីខេ អិន ផ្តួលម៉ូតូហើយរត់យករួចខ្លួន ។ខណ:នោះក្រុមនោះ បានកាប់មិត្តភក្តិឈ្មោះ លួម សំបូរត្រូវខ្នងនិងក្បាលពីក្រោយរងរបួសធ្ងន់ ក្រោយមកបានរយៈពេលកន្លះម៉ោងពួកខ្លួនក៏បានហៅម៉ូតូឌុបជិះទៅផ្ទះនៅភូមិដុងអារញ្ញសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ចំណែកម៉ូតូមួយគ្រឿង ត្រូវបានក្រុមដែលដេញកាប់នោះយកទៅបាត់ ។ម៉ូតូម៉ាក C125 ពណ៌ ក្រហមផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1S 6129 ។ចំណែក ជនរងគ្រោះឈ្មោះ លួម សំបូ កំពុងបន្តសំរាកព្យាបាលរបួសពុំទាន់បានដាក់ពាក្យបណ្ដឹងឡើយ ដោយមានសភាពធ្ងន់ធ្ងរនៅឡើយ ។

លោកវរសេនីយ៍ សៅ សារឿន បន្តថា បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា នៅម៉ោងជាង៥ល្ងាច កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ជននេះបានសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះនោះ ។

លោកបន្តទៀតថា បន្ទាប់មកទៀតនៅថ្ងៃទី៨ ខែកញ្ញានៅវេលាម៉ោងជាង៦ល្ងាច កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនប្រាំនាក់នៅម្ដុំវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ជនសង្ស័យមាន៖ ១-ឈ្មោះ ឡី យ៉េត ហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំស្នាក់នៅក្នុងបុរីធីស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ២-ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ។ ៣-ឈ្មោះអ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ។ ៤-ឈ្មោះ យីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត។៥-ឈ្មោះ ហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ភេទប្រុសស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ។៦-ឈ្មោះសុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ។៧-ឈ្មោះផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ។ជាមួយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងមាន កាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូចំនួន៤គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ រួចយកមកអធិការដ្ឋានដើម្បីសួរនាំ។

ជនសង្ស័យទាំងប្រាំបីនាក់ខាងលើ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។

សូមបញ្ជាក់ថា ជនសង្ស័យទាំងប្រាំបីនាក់ខាងលើ ជាមុខសញ្ញា កាប់គេនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន បន្តឲ្យដឹងទៀតថាលុះបន្ទាប់មកនៅថ្ងៃទី០៩ ខែកញ្ញា នៅវេលាម៉ោងជាង១០ព្រឹក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួនប្រាំនាក់ទៀត នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មាន.: ១-ឈ្មោះ ហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។២- ឈ្មោះឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ។៣- ឈ្មោះលី ដា ហៅកាក់ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។៤-ឈ្មោះចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។៥-ឈ្មោះផល ផាសិទ្ធ ហៅជ្រុយ អាយុ១៦ឆ្នាំស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ។
ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យទាំងប្រាំនាក់ខាងលើ ជាមុខសញ្ញាកាប់ និងឆក់នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។

មកទល់ថ្ងៃទី១០ខែកញ្ញា កម្លាំងជំនាញព្រហ្មទ័ណ្ឌក្រុងប៉ោយប៉ែតបានស្នើសុំអធិការដ្ឋាន ស្នងការដ្ឋាននិងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានឃាត់ខ្លួនជនសង្ស័យទាំង១៣នាក់ខាងលើ ព្រមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងទៅការិយាល័យអយ្យការ អមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕សរន