ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់បង្កើ​ន​កិច្ច​ការពារ​សន្តិ​សុខ សុវត្ថិ​ភាព និង​សម្រួល​ចរាចរណ៍​ដល់​ប្រជា​ពលរដ្ឋ​ក្នុងពិធីបុណ្យកាន់បិណ្ឌ​ ។ ខណៈពិធី​បុណ្យ​កាន់​បិណ្ឌដែល​ជាពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដ៏យូរ​លង់​របស់​ខ្មែរបាន​ឈាន​ចូល​មក​ដល់​ហើយ​នៅថ្ងៃទី ១១ ខែ​កញ្ញា​នេះត្រូ​វនឹង​ថ្ងៃ ១ ​រោជ ខែ​ភទ្រប​ទ​។

សម្តេចតេជោនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ របស់សម្តេចនាព្រឹកថ្ងៃទី ១១ ខែ កញ្ញានេះថា៖«អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១ ថ្ងៃទី១១កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ​ គឺជាថ្ងៃកាន់បិណ្ឌ​១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក ។ នេះជាពេលវេលា មួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសលនិងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយជាពិសេសតាមទីវត្ត អារាមនានា។

ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទគឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០២២។ សូមអាជ្ញាធរគ្រប់លំដាប់ ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូន ប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ ។»

ពិធី​បុណ្យ​កាន់បិណ្ឌ ភ្ជំបិណ្ឌ នេះ​ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​ទៀងទាត់​ចាប់តាំង​ពី​ថ្ងៃ​ ១ ​រោជ ​រហូតដល់​ថ្ងៃ ១៥​ រោជ​​ខែ​ភទ្របទ ​ពោលគឺ​មាន​រយៈពេល​ ១៥​ ថ្ងៃ ​ដែល​គេ​ហៅ​ថា ​បិណ្ឌ​ ១ ​បិណ្ឌ​ ២ ​រហូតដល់​ថ្ងៃ​បញ្ចប់​គឺ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ ​។ បុណ្យ​ភ្ជុំបិណ្ឌ​ក៏​បាន​ធ្វើ​ឡើងស្របគ្នា​នៅក្នុង​ព្រះ​វស្សា​របស់​ព្រះសង្ឃ​ផង​ដែរ​។កាលពី​ឆ្នាំ​ ២០២១ រដ្ឋាភិបាល​ បាន​សម្រេច​ផ្អាក​ពិធី​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌចាប់​ពីបិណ្ឌទី ​៤ ត្រូវ​នឹង​ថ្ងៃទី ​២៥ ខែ កញ្ញា ឆ្នាំ ២០២១ ដើ​ម្បីបញ្ចៀស​ការឆ្លង​រាលដាល​ជាបន្ត​នៃជំងឺ​កូវីដ ១៩ ​ទ្រង់​ទ្រាយធំ​៕