បន្ទាយមានជ័យ ដោយៈមុនីរ័ត្ន/ភ្នំពេញលោក ស សុខារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រីនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “វោហារឆ្នើម បន្ទាយមានជ័យ” នៅសាកលវិទ្យាល័យជាតិមានជ័យ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផងដែរ ។

ថ្លែងនៅក្នុងឱកាសនោះ​លោកស សុខា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក អាំង សិរីពិសិដ្ឋ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំកម្មវិធីវោហារឆ្នើម ក៏ដូចជាក្រុមការងារគ្រប់ផ្នែកទាំងអស់ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី រៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាសឲ្យក្មួយៗសិស្សានុ សិស្សនៅថ្នាក់វិទ្យាល័យ បានចូលរួមបង្ហាញភាពក្លាហាន និងបញ្ចេញសមត្ថភាពរបស់ខ្លួន តាមរយៈការនិយាយភាសាអង់គ្លេស ជាសាធារណៈ មានលក្ខណៈជាបុគ្គល និងដេញ ដោលជាក្រុម ។

ជាមួយគ្នានោះលោកស សុខា ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក្រុង លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលផ្តល់កិច្ចសហការ និងជួយសម្របសម្រួលក្នុងដំណើរការរៀបចំកម្មវិធីវោហារឆ្នើម តាំងពីវគ្គផ្សព្វផ្សាយ រហូតដល់ថ្ងៃបើក និងបន្តដល់វគ្គផ្តាច់ព្រ័ត្រ នាពេលខាងមុខ ។

ថ្លែងក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានស្នើដល់អង្គពិធីទាំងមូល ចំនួន ១០ចំណុច ដូចខាងក្រោម ៖
១. ក្រុមការងារប្រតិបត្តិរៀបចំកម្មវិធី “វោហារឆ្នើម” ត្រូវបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្ត មន្ទីរអប់រំ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យការងារទទួលលទ្ធផលល្អប្រសើរ តាមដំណាក់កាលនីមួយៗដែលបានគ្រោងទុក ។
២. គណៈកម្មការបច្ចេកទេស ត្រូវពិនិត្យ និងជ្រើសយកវិញ្ញាសាដែលឆ្លុះបញ្ចាំងពីការដឹកនាំ របស់រាជរដ្ឋាភិបាល ពិសេសការអភិវឌ្ឍ និងការវិវឌ្ឍថ្មីៗ នៃសង្គមបច្ចុប្បន្ន និងពិភពលោក ។
៣. បេក្ខជន បេក្ខនារី ដែលបានឆ្លងផុតវគ្គជម្រុះ (តេស្តផ្ទាល់មាត់) ត្រូវខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលបន្ថែមពីក្រុមការងារ គ្រប់ដំណាក់កាល ដើម្បីឈានទៅដណ្តើមជោគជ័យ ពេលខាងមុខ ។
៤. ក្មួយៗគប្បីរៀបចំផែនការ និងកាលវិភាគនៃការស្វ័យសិក្សា ឱ្យបានហ្មត់ចត់ និងគ្រប់គ្រងពេលវេលា ឲ្យបានច្បាស់លាស់ នោះក្មួយៗ នឹងទទួលបានជោគជ័យ ទាំងការសិក្សានិងជោគជ័យផ្សេងៗទៀតនៅថ្ងៃអនាគត ។
៥. ក្មួយៗត្រូវបន្តសិក្សាស្រាវជ្រាវនូវអ្វីដែលមានប្រយោជន៍ តាមប្រព័ន្ធអ៊ីនធឺណិត ឬបណ្តាញសង្គម ឬនៅតាមបណ្ណាល័យនានា ដែលទាំងអស់នេះជាឃ្លាំងចំណេះដឹង មិនចេះរីកស្ងួតនោះទេ ។
៦. ក្មួយៗត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងចំណេះដឹង ចំណេះធ្វើ ប្រកាន់ខ្ជាប់នូវសីលធ៌មល្អនៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសកម្មភាពសង្គម តាមលទ្ធភាពដែលអាចធ្វើបាន ព្រោះការងារនេះ គឺជាចំណែកមួយ នៃការបំនិនជីវិតសម្រាប់ប្អូនៗ ក្មួយៗ ទៅថ្ងៃខាងមុខ ។
៧. ក្មួយៗគួរហ៊ានសាកល្បងចែករំលែកចំណេះដឹងរបស់ខ្លួនទៅកាន់អ្នកដទៃ តាមរយៈមធ្យោបាយផ្សេងៗ នោះអ្នកនឹងអាចហ្វឹកហាត់នូវសមត្ថភាពចំណេះដឹង ក៏ដូចជាទទួលបានមតិយោបល់ ផ្សេងៗពីអ្នកដទៃ ។
៨. ក្មួយៗត្រូវសិក្សាពីមនុស្សដែលមានវ័យចំណាស់ ឬចាស់ជាងខ្លួន ពីព្រោះពួកគាត់ធ្លាប់ឆ្លងកាត់បទពិសោធន៍ និងអាចមានការយល់ដឹងណាមួយដែលអ្នកមិនធ្លាប់ជួប ។ ដូចពាក្យចាស់ធ្លាប់ពោលថា “ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់នោះទេ” ពាក្យនេះប្រសិន បើយើងស្តាប់ដំបូងហាក់ដូចនិយាយលេង ប៉ុន្តែបើពិចារណាឲ្យស៊ីជម្រៅ ពាក្យនេះមានន័យទូលំទូលាយណាស់…។
៩. ក្មួយៗត្រូវរៀនស្វែងយល់ និងប្រតិបត្តិតាមអត្តចរិត បុគ្គលិកលក្ខណៈ និងទម្លាប់របស់អ្នកជោគជ័យនៅក្នុងការសិក្សា ទាំងការដេក ដើរ ឈរ អង្គុយ ខណៈអ្នកមិនគួរចាប់យកនូវទម្លាប់អាក្រក់របស់បុគ្គលទាំងនោះឡើយ ។
១០. ត្រូវរួមគ្នាបន្តយកចិត្តទុកដាក់ពីសុខភាពទាំងអស់គ្នា ទាំងការសំអាត ធ្វើអនាម័យ បរិស្ថាន និងប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ព្រោះប្រទេសជិតខាងយើង មិនទាន់ថមថយនៅឡើយ ។

បើតាមលោក អាំង សិរីពិសិដ្ឋ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំកម្មវិធីវោហារឆ្នើម បានបញ្ជាក់ថា កម្មវិធីវោហារឆ្នើម បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការយកចិត្តទុកដាក់ និងឧបត្ថម្ភដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រីកែ សួនសុភី ។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ទៀតថា កម្មវិធីវោហារឆ្នើម បង្កើតឡើងក្នុងគោលបំណង ៖ ទី១. ស្វែងរកអ្នកមានសមត្ថភាពនិយាយភាសាអង់គ្លេស ប្រចាំស្រុក ក្រុង និងខេត្ត ទី២. បង្កើតឱកាស និងជំរុញភាពក្លាហានដល់សិស្សវិទ្យាល័យ បានចូលរួមប្រកួតក្នុងកម្មវិធីដែលមានការវាយតម្លៃត្រឹមត្រូវ និងសុក្រឹត និងទី៣. ពង្រឹងសមត្ថភាពសិស្សទៅលើជំនាញភាសាអង់គ្លេស ដើម្បីប្រឡូកក្នុងវិស័យទំនាក់ទំនងការងារតំបន់អាស៊ាន នាពេលអនាគត ។

គួររំលឹកជូនថា កម្មវិធីវោហារឆ្នើម ក្រោមការឧបត្ថម្ភដោយលោក ស សុខា និងលោកភរិយា បានធ្វើឡើងចំនួន ២លើក រួចមកហើយ គឺទី១. នៅខេត្តព្រៃវែង កាលពីឆ្នាំ២០១៩ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង ចំនួន ១៣៧នាក់ និងទី២. នៅខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង ចំនួន ២០៤នាក់ ។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ ថ្ងៃនេះ ជាលើកទី៣ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង ចំនួន ៣៨៨នាក់៕សរន N