​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ុយ​ក្រែន​បាន​ចោទប្រកាន់កងក​ម្លាំង​រុស្ស៊ី​ថា​បាន​វាយប្រហារ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​ជា​ការឆ្លើយតប​ទៅនឹង​ការវាយលុក​រុលទៅមុខ​ដ៏​ឆាប់រហ័ស​ដោយ​ទាហាន​​អ៊ុ​យក្រែន ដែល​បាន​បង្ខំ​ឱ្យ​រុស្ស៊ី​បោះបង់​ចោល​បន្ទាយ​សំខាន់​របស់​ខ្លួន​នៅក្នុង​តំបន់​ទីក្រុង​ខា​គី​វ​។​

​មន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយថា គោលដៅ​នៃ​ការវាយប្រហារ​សងសឹក​នេះ​គឺ​រួមមាន​រោងចក្រ​ផលិត​ទឹក​និង​ស្ថានីយ​ថាមពល​កម្តៅ​ក្នុង​ទីក្រុង​ខា​គី​វ ហើយ​ថា ការវាយប្រហារ​បាន​បណ្តាលឱ្យ​ដាច់​ចរន្តអគ្គិសនី​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​សរសេរ​នៅលើ Twitter កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១១​កញ្ញា​ថា “​គ្មាន​ទីតាំង​យោធា​ទេ គោលដៅ​គឺ​ដើម្បី​បង្អត់​ភ្លើង​និង​កម្តៅ​សំរាប់​មនុស្ស​”​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អ៊ុ​យក្រែន លោក ប្រ៊ី​ដ​ជេ​ត ប្រ៊ីង (Bridget Brink) ក៏បាន​ថ្កោលទោស​ការវាយប្រហារ​នេះ​ផងដែរ​។​

​លោកប្រ៊ីង​បានសរសេរនៅ​លើ Twitter ថា “​ការឆ្លើយតប​ជាក់ស្តែង​របស់​រុស្ស៊ី​ចំពោះ​អ៊ុយ​ក្រែន​ដែល​វាយ​រំដោះ​ទីក្រុង​និង​ភូមិ​នានា​នៅ​ភាគ​ខាងកើត ៖​គឺ​បញ្ជូន​មី​ស៊ី​ល​ដើម្បី​ប៉ុនប៉ង​បំផ្លាញ​ហេ​ដ្ឋា​រចនា​​សម្ពន្ធ​ស៊ីវិល​ដ៏​សំខាន់​”​។​

​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​បដិសេធ​ថា​កងកម្លាំង​របស់​ខ្លួន​ពុំ​មាន​ចេតនា​វាយប្រហារ​ទៅលើ​ជន​ស៊ីវិល​នោះទេ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​ពណ៌នា​ការវាយលុក​របស់​អ៊ុយ​ក្រែន​នៅ​ភាគ​ឦសាន​ថា​ជា​លទ្ធភាព​ឈ្នះ​នៅ​ក្នុង​សង្គ្រាម​រយៈពេល​ប្រាំ​មួយខែ​ហើយ​បាន​និយាយ​ថា​រដូវរងា​អាច​នឹង​ឃើញ​ការ​ដណ្តើមបាន​ទឹកដី​​បន្ថែមទៀត ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​គៀវ​ទទួល​បាន​អាវុធ​ខ្លាំងៗ​ជាង​នេះ​៕

​មន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយថា គោលដៅ​នៃ​ការវាយប្រហារ​សងសឹក​នេះ​គឺ​រួមមាន​រោងចក្រ​ផលិត​ទឹក​និង​ស្ថានីយ​ថាមពល​កម្តៅ​ក្នុង​ទីក្រុង​ខា​គី​វ​