​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១១​កញ្ញា​ថា នាយករដ្ឋមន្ត្រី​ណារិ​នដ្រា ម៉ូ​ឌី​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​នៅ​អ៊ូ​ស​បេគី​ស្ថានដែល​យោង​ទៅ​​តាម​រុស្ស៊ី នឹង​ឃើញ​ការពិភាក្សា​ទល់មុខ​គ្នា​រវាង​មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង​។​

​កិច្ចប្រជុំ​របស់​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ដែល​រួមមាន​ចិន រុស្ស៊ី បណ្តា​ប្រទេស​អាស៊ី​កណ្តាល​ចំនួន​បួន (​កា​ហ្សាក់​ស្ថាន គៀ​គី​ស្ថាន អ៊ូ​ស​បេគី​ស្ថាន និង​តាជី​គី​ស្ថាន​) ឥណ្ឌា និង​ប៉ា​គី​ស្ថាន​គ្រោង​នឹង​​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​សា​ម៉ា​កាន់ (Samarkand) នៅ​ថ្ងៃទី ១៥ និង ១៦ ខែ​កញ្ញា​។​

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​និយាយថា​លោកពូ​ទីន​និង​លោក​ស៊ី​នឹង​ជួបប្រជុំ​គ្នា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នេះ​ជា​អ្វី​ដែល​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​​មេដឹកនាំ​ចិន​នៅ​ក្រៅប្រទេស ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​រាតត្បាត​មេរោគ​កូរ៉ូណា​។​

​ក្រសួងការបរទេសរ​បស់​ទីក្រុង​ប៉េកាំង​មិន​បាន​បញ្ជាក់​ពី​ជំនួប​នេះ​ភ្លាមៗ​នោះទេ ដោយ​អ្នកនាំពាក្យ​ម្នាក់​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ទៀងទាត់​ថា “​មិន​មាន​ព័ត៌មាន​ដើម្បី​ផ្តល់ជូន​”​លើ​បញ្ហា​​នេះ​ទេ​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាលឥ​ណ្ឌាកាល​ពី​ថ្ងៃអាទិត្យ​មិន​បាន​និយាយ​ថា​តើ​លោក​ម៉ូ​ឌី​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ពូ​ទីន លោក​ស៊ី ឬ លោក សេ​បាស សារីហ្វ (Shehbaz Sharif) នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ឬ​យ៉ាងណា​នោះទេ​។​

​ឥណ្ឌា ដែល​ពឹង​ប្រភព​អាវុធ​ភាគច្រើន​ពី​រុស្ស៊ី បាន​បដិសេធ​មិន​ថ្កោលទោស​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ទៅលើ​អ៊ុ​យក្រែន និង​បាន​បង្កើន​ការទិញ​ប្រេង​ពី​រុស្ស៊ី​។​

​ទំនាក់ទំនង​របស់​ឥណ្ឌា​ជា​មួយ​ចិន​មាន​ភាព​ល្អក់កករ ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​ក្នុង​ឆ្នាំ ២០២០ នៅតាម​ព្រំដែន​ជម្លោះ​ក្នុង​តំបន់​ហេមពាន្ត​របស់​ពួកគេ​បាន​បណ្តាលឱ្យ​ទាហាន​ឥណ្ឌា​ស្លាប់​យ៉ាង​ហោច​ ២០ នាក់ និង​ចិន​ស្លាប់ ៤ នាក់​។​

​លោក​ម៉ូ​ឌី​និង​លោក​ស៊ី​មិនបាន​ជួប​ពិភាក្សា​ទ្វេភាគី​តាំងពី​ឆ្នាំ ២០១៩ មកម្ល៉េះ​។​

​ឥណ្ឌា​ក៏​ជា​ផ្នែក​មួយ​នៃ​អ្វីដែល​គេ​ហៅ​ថា​សម្ពន្ធ Quad ផងដែរ ដែល​រួម​មាន​សហរដ្ឋ​អាម៉េរិក ជប៉ុន និង​អូស្ត្រាលី ជា​ក្រុម​ដែល​គេ​មើលឃើញ​បង្កើតឡើង​ដើម្បី​ប្រឆាំង​នឹង​ចិន​៕

លោក​ម៉ូ​ឌី​រំពឹង​ជួបពិភាក្សា​ជាមួយ​លោកពូ​ទីន​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ