ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅក្នុងវេទិកាភាពជាអ្នកដឹកនាំនិងភាពជាដៃគូអាស៊ានឆ្នាំ ២០២២ ដែលបានប្រព្រឹត្តធ្វ់នាព្រឹកថ្ងៃទី ១២ ខែ កញ្ញា ២០២២ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានអាស៊ានបានធាតុចូលផ្តល់នូវធាតុចូលបន្ថែមសម្រាប់កិច្ចពិភាក្សា ។

ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមកដើម្បីអាចទទួលបានលទ្ធផលជាផ្លែផ្កាដ៏ពិតប្រាកដនិងបង្ហាញឱ្យសកលលោកឃើញពីឆន្ទៈក្នុងការបន្តពង្រឹងភាព ជាអ្នក ដឹកនាំ និងភាពជាដៃគូរបស់អាស៊ានដោយយកការសន្ទនាដោយសន្តិវិធីជាយន្តការដោះស្រាយបញ្ហាទោះបីស្ថិតនៅក្នុងបរិការណ៍មួយដែលច្របូកច្របល់និងមានការធ្លាក់ចុះនូវ ការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ ។ ដើម្បីជាធាតុចូលបន្ថែមសម្រាប់កិច្ចពិភាក្សាក្នុងវេទិកានាថ្ងៃនេះសម្តេចតេជោនាយករដ្ឋន្រ្តីបានផ្តល់យោបល់ផ្ទាល់ ខ្លួនមួយចំនួនដូចខាងក្រោម ៖

ទី១.ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមិនអាចសម្រេចបានឡើយ ដរាបណាមិនមាន ស្ថិរភាពនិងសុខសន្តិភាពពេញលេញ ។ក្នុងន័យនេះ, អាស៊ាន ត្រូវបញ្ចៀស ឱ្យ បាននូវភ្លើង សង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន ។ កម្ពុជា ដែលជាប្រទេសធ្លាប់បានឆ្លងកាត់ប្រវត្តិ ជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមកនិងការកំណត់ សុខុមាលភាពប្រជាជនជាអាទិភាពចម្បង បំផុត គឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាងពិតប្រាកដ ។

ទី២. ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយកំពុងតែមាន ភាពក្ដៅគគុក, អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវសុខ សន្តិភាព,ស្ថិរភាពនិងវិបុលភាពក្នុងតំបន់តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមនានាបន្ថែមលើនេះ, អាស៊ានក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្ដាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ការសន្ទនានិងកិច្ចសហប្រតិ បត្តិ ការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន និងយកច្បាប់ជាគោល ។

ទី៣.ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន, យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងប្រែក្លាយតំបន់អាស៊ា នឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការវិនិយោគប្រកបដោយ ភាពទាក់ទាញនិងជវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធនិងមិនមែនពន្ធ,និងការ ផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមកដើម្បីពន្លឿនការ អនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ជាពិសេស កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ សកលលោក ។

ទី៤.អាស៊ានត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ចសំដៅបំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវ ផលប្រយោជន៍ ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាពនិងផ្ដល់ ការគាំទ្រដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំពារសង្គម, ការកាត់បន្ថ យគម្លាត នៃការអភិវឌ្ឍ, ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង; និង

ទី៥. អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា អតិបរមាពីសក្តានុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការ សកល ដូចជាសេដ្ឋកិច្ចវិលជុំ, សេដ្ឋកិច្ចបៃតងនិងជាពិសេសការធ្វើឌីជីថលូបនីយកម្មដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យទាំងផ្នែកសង្គម -សេដ្ឋកិច្ច,ការវិនិយោគ,ពាណិជ្ជកម្មនិងនយោបាយក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ ឱ្យបានយ៉ាងឆាប់រហ័សស្រប តាមមូលបទរបស់យើងក្នុងថ្ងៃនេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ,កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រីកនិងពង្រឹ ងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូក្នុងគ្រប់ទម្រង់និងគ្រប់វិស័យទាំងផ្នែកសង្គម-សេដ្ឋកិច្ច,ពាណិជ្ជកម្ម, ការវិនិយោគនិងនយោបាយជាមួយប្រទេស ជាមិត្ត, ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និង តំបន់ជាពិសេសតាមរយៈការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។

សម្តេចតេជោបន្តថាកម្ពុជាចង់ឃើញតំបន់អាស៊ានក៏ដូចជាសកលលោកទាំងមូលមានសុខសន្តិភាព,ស្ថិរភាពនិងវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្នយ៉ាង ពិតប្រាកដជាមួយនឹងការគោរពអធិបតេយ្យភាពនៃប្រទេសនីមួយៗ,ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិនិងការប្រកាន់ខ្ជាប់ ជានិច្ចនូវយន្តការពហុភាគីនិយមដែលមានការចូល រួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធ និងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយ សន្តិវិធីជាមួយនឹងស្មារតី បើកចំហ, យោគយល់និងអត់ធ្មត់ឱ្យគ្នាទៅវិញទៅមក ៕