ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អាជ្ញាធរនៅប៉ាគីស្ថានខាងត្បូងមានផែនការទម្លាយផ្លូវហាយវ៉េអ៊ីនដូស(Indus)ដែលជាផ្លូវគមនាគមន៍ដ៏សំខាន់មួយដើម្បីអនុញ្ញាតអោយទឹកហូរនិងកុំអោយទឹកជន់លិចទីប្រជុំជនដាឌូ(Dadu)។
ទឹកជំនន់មកពីការធ្លាក់ភ្លៀងដ៏ខ្លាំងបំផុតមិនដែលធ្លាប់ជួបនិងការរលាយផែនទឹកកកនៅខាងជើងប៉ាគីស្ថានបានវាយប្រហារប្រជាជនជាង៣៣លាននាក់នៅប៉ាគីស្ថាន និងបានសម្លាប់មនុស្ស១.៣៩១នាក់នៅទីនោះ ដោយវាក៏បានបំផ្លាញផ្ទះប្រមាណ១លានខ្នង បំផ្លាញផ្លូវថ្នល់ ផ្លូវដែក ស្ពានជាងមួយរយនិងដំណាំកសិកម្មនៅជាងមួយខែមកនេះ។
ប៉ាគីស្ថានបានវាយតំលៃថា ការខូចខាតបង្កឡើងដោយទឹកជំនន់នៅឆ្នាំនេះអាចដល់ទៅ១០ពាន់លានដុល្លារ ហើយទាំងរដ្ឋាភិបាលនិងអគ្គលេខាអង្គការសហប្រជាជាតិបន្ទោសការជន់លិចដ៏អាក្រក់នេះមកពីការប្រែប្រួលអាកាសធាតុ។
បណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិក្នុងពេលជាមួយគ្នាបានចាប់ផ្តើមវាយតំលៃអំពីតំរូវការរបស់ប៉ាគីស្ថានដើម្បីអភិវឌ្ឍផែនការកសាងប្រទេសក្រោយមហន្តរាយនេះឡើងវិញ ក្រោយពីប្រទេសនេះទទួលរងការធ្លាក់ភ្លៀងកំរិត៣៩១មីលីម៉ែត្រ ខ្ពស់ជាងកំរិតធម្មតាដល់ទៅ១៩០ភាគរយ កាលពីខែកក្កដានិងសីហា។ខេត្តស៊ីង(Sindh)ភាគខាងត្បូងរងការធ្លាក់ភ្លៀងខ្ពស់ជាកំរិតមធ្យមដល់ទៅ៤៦៦ភាគរយ ហើយស្រុកដាឌូ ទឹកហូរកាត់ស្ទើរសព្វកន្លែងទាំងអស់។
អភិបាលស្រុកលោក ស្យេត មួរតាហ្សា អាលី សា(Syed Murtaza Ali Shah)បាននិយាយថា«ស្រុកដាឌូ៩០ភាគរយស្ថិតក្រោមទឹក ទីប្រជុំជនដាឌូស្ថិតក្រោមការគំរាមនិងយើងកំពុងព្យាយាយការពារវា។រដ្ឋាភិបាលផ្តល់គ្រឿងចក្រនិងសម្ភារដើម្បីសង់ទំនប់មួយ»។
លោកបានបន្ថែមថា អ្នកទោសជាង២០០នាក់នៅដាឌូ ត្រូវបានផ្ទេរទៅកាន់ក្រុង ហាយដេរ៉ាបាត(Hyderabad)នៅពេលពន្ធនាគារស្ថិតក្រោមការគំរាមពីទឹកជំនន់៕
៩០ភាគរយនៃស្រុកដាឌូស្ថិតក្រោយទឹកជំនន់និងអាជ្ញាធរប្រុងកាយទម្លាយផ្លូវហាយវ៉េមួយដើម្បីរំដោះទឹកកុំអោយលិចទីប្រជុំជន