​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បណ្តា​រដ្ឋាភិបាល​លោកខាងលិច​កំពុង​ប្រមូល​ឧស្សាហករ​សព្វាវុធ​របស់​គេ​ដើម្បី​បង្កើន​ការផលិត​និង​បំពេញ​ឃ្លាំង​ឡើងវិញ បន្ទាប់​ពី​វា​ត្រូវ​រីងស្ងួត​ដោយសារ​តែ​ការបញ្ជូន​​សព្វាវុធ​អោយ​អ៊ុយ​ក្រែន​សំរាប់​សង្គ្រា​មមួយ​រុស្ស៊ី​នៅ​ជាង​ប្រាំមួយ​ខែ​មកនេះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក​ឡយ អូ​ស្ទីន បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​អំពី​កិច្ចប្រជុំ​មួយ​របស់​នាយក​សព្វាវុធ​ជាតិ​មក​ពី​បណ្តា​ប្រទេស​សម្ពន្ធមិត្ត​ដើម្បី​ធ្វើ​ផែនការ​រយៈពេល​យូរ​សំរាប់​ផ្គត់ផ្គង់​សព្វា​​វុ​ធដល់​អ៊ុ​យក្រែ​ននិង​បំពេញ​សព្វាវុធ​បំរុង​របស់​ប្រទេស​ផ្ទាល់​ផង​គេ​ឡើងវិញ​។​

​លោក​បាន​និយាយ​នៅ​កិច្ចប្រជុំ​មួយ​នៃ​ក្រុម​ទំនាក់ទំនង​អ៊ុយ​ក្រែន​នៅ​មូលដ្ឋាន​ទ័ពអាកាស​រ៉ា​ម​ស្ទេន​(Ramstein)​ក្នុង​ប្រទេស​អាល្លឺម៉ង់​ថា «​គេ​នឹង​ពិភាក្សា​អំពី​របៀប​ដែល​មូលដ្ឋាន​ឧស្សាហកម្ម​យោធា​​របស់​យើង​អាច​បំពាក់អាវុធ​យ៉ាង​ល្អ​ដល់​កងកម្លាំង​អ៊ុយ​ក្រែន​នាពេល​អនាគត ជាមួយ​នឹង​សមត្ថភាព​ដែល​ពួកគេ​ត្រូវការ​»​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប្រធាន​សព្វាវុធ​របស់​ក្រសួង​ការពារជាតិ​អាម៉េរិក លោក​ប៊ីល ឡា​ផ្លាន​ធី​(Bill LaPlante)បាននិយាយថា​កិច្ចប្រជុំ​មួយ​អាច​នឹង​ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​ព្រុច​សែល​នៅ​ថ្ងៃ​២៨​កញ្ញា​ដោយ​ផ្តោ​​លើ​«​របៀប​ដែល​យើង​អាច​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើន​ផលិតកម្ម​សព្វាវុធ​ប្រភេទ​សមត្ថភាព​សំខាន់ៗ និង​ដោះស្រាយ​បញ្ហា​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់ ព្រមទាំង​បង្កើន​ប្រព័ន្ធទាក់ទង​របស់​យើង​»​។​

​បណ្តា​ប្រទេស​ក្នុង​អង្គការ​ណា​តូមិន​មាន​សព្វាវុធ​ដូចៗ​គ្នា​ទេ តែ​សព្វាវុធ​របស់គេ​ត្រូវ​គ្នា ដូច្នេះ​គ្រាប់រំសេវ​ផលិត​ក្នុងប្រទេស​ណាមួយ​ក្នុង​សម្ពន្ធភាព​អា​ត្លង់​ទិ​ចនេះ​អាច​យក​ទៅប្រើ​ក្នុងប្រទេស​មួយទៀត​។​

​ពេល​ចាប់ផ្តើម​សង្គ្រាម យោធា​អ៊ុយ​ក្រែន​បាន​ប្រើ​សព្វាវុ​ធនិង​គ្រាប់រំសេវ​ត្រូវ​នឹង​ស្តង់ដា​រុស្ស៊ី តែ​ពេល​គ្រឿង​សព្វាវុធ​ទាំងនោះ​កាន់តែ​អស់ ជា​ពិសេស​ប្រព័ន្ធ​កាំភ្លើង​ធំ​និង​កាំជ្រួច អ៊ុយ​ក្រែន​កាន់តែ​ពឹង​លើ​​លោកខាងលិច​ជា​មួយ​នឹង​អាវុធ​តាម​ស្តង់ដា​ណា​តូ​។​

​នៅពេល​បណ្តា​ប្រទេស​ណា​តូ​បង្កើន​ការផ្គត់ផ្គង់​សព្វាវុធ​ទៅ​អ៊ុ​យក្រែន ពួកគេ​ក៏​ត្រូវការ​គ្រាប់រំសេវ​សំរាប់​ទុក​ការពារ​ខ្លួន​ដែរ​។​ផលិតកម្ម​អាវុធ​ដើម្បី​បំពេញ​ស្តុកនេះ​ឥឡូវ​ក្លាយជា​រឿង​សំខាន់​។​

​កាលពី​ខែ​កក្កដា សហភាព​អឺរ៉ុប​បានប្រកាស​ទឹកប្រាក់​៥០០​លាន​អឺរ៉ូ​សំរាប់​ការទិញ​សព្វាវុធ​រួមគ្នា​នៅ​រយៈពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ដើម្បី​បំពេញ​ឃ្លាំង​អាវុធ​ដែល​រីងស្ងួត​ក្រោយ​ការបញ្ជូន​អោយ​អ៊ុ​យក្រែន​។​សព្វា​​វុ​ធ​ជាអាទិ​​ភាព​គឺ ប្រព័ន្ធ​កាំជ្រួច​ប្រឆាំង​រថក្រោះ​រថពាសដែក​និង​ប្រព័ន្ធ​កាំជ្រួច​ប្រឆាំង​យន្តហោះ កាំភ្លើង​១៥៥​មី​លី​ម៉ែត្រ រួម​ទាំង​គ្រាប់រំសេវ​។​

​សូមបញ្ជាក់​ថា អាម៉េរិក ដែលជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ធំជាងគេ​ដល់​អ៊ុយ​ក្រែន​ចាប់តាំងពី​ពេល​ផ្ទុះ​សង្គ្រាម បាន​សន្យា​ផ្តល់​គ្រឿង​សព្វាវុធ​និង​ជំនួយ​យោធា​សរុប ១៥,២​ពាន់​លាន​ដុល្លារ​រួម​មាន​កាំជ្រួច​ប្រឆាំង​​រថក្រោះចាវើ​លីន​(Javelin) កាំភ្លើង​ធំ ប្រព័ន្ធ​បាញ់​រ៉ុក្កែត និង​គ្រាប់រំសេវ​ដែល​ត្រូវ​គ្នា​នឹង​សព្វាវុធ​របស់​ណា​តូ​៕

​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​ផ្តល់​គ្រាប់កាំភ្លើង​ធំ​១៥៥​មី​លី​ម៉ែត្រ ប្រមាណ​៨០០.០០០​គ្រាប់​ដល់​អ៊ុ​យក្រែន​