ដោយ​៖ ដេ​ប៉ូ / ភ្នំពេញ​៖ ដើម្បី​ធានា​ឱ្យបាន​នូវ​និរន្ត​ភាព ក៏ដូចជា ចូល រួម​ថែរក្សា​បរិស្ថាន នៅ​កម្ពុជា​នោះ ធនាគារ​វិនិយោគ​អឺរ៉ុប បានបង្ហាញ​ពី គម្រោង​របស់ខ្លួន ក្នុងការ​ពង្រីក វិនិយោគ​បន្ថែម​នៅ​កម្ពុជា ជាពិសេស​លើ​គម្រោង​វិនិយោគ​បៃតង និង​ការប្រឹក្សា​យោបល់ បន្ថែម ដើម្បី​ទទួល​កម្ចី និង​ហិរញ្ញ​ទាន​បៃតង​។​

​ការបង្ហាញ​លើ​កិច្ចសហប្រតិបត្តិការ​ល្អ រវាង ធនាគារ​វិនិយោគ​អឺរ៉ុប ជាមួយ​កម្ពុជា​បែបនេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក សាយ សំ​អាល់ និង​គណៈប្រតិភូ​ធនាគា​រ វិនិយោគ​អឺរ៉ុប (European Investment Bank) ដឹកនាំ​ដោយ​លោក Kris Peeters អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប នា​រសៀល​ថ្ងៃអាទិត្យ ទី​១១ ខែកញ្ញា ឆ្នាំ​២០២២ ។​

​ក្នុង​ពិធី​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជម្រាប​ពី​ស្ថានភាព មកទល់​បច្ចុប្បន្ន កម្ពុជា​បាន​កសាង​មូលដ្ឋានគ្រឹះ​នៃ​ជាតិ និង​រដ្ឋ​មួយ​រឹងមាំ ដែលមាន ឯករាជ្យ សន្តិភាព អធិបតេយ្យ ឯកភាព​ជាតិ បូរណភាព​ទឹកដី ពេញលេញ និង ការអភិវឌ្ឍ​គ្រប់​វិស័យ ដែល​មិន​ធ្លាប់មាន នៅក្នុង​ប្រវត្តិសាស្ត្រ​ជាង ៥០០ ឆ្នាំ ចុងក្រោយ​របស់ខ្លួន​។​

​លោក រដ្ឋមន្ត្រី បានលើកឡើង អំពី​ជោគជ័យ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់ ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ និង​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​កម្ពុជា នៅតែ​បន្ត​មាន​កំណើនសេដ្ឋកិច្ច​វិជ្ជមាន​។​

​លោក Kris Peeters បាន​ចូលរួម​អបអរសាទរ​ភាពជោគជ័យ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេចបាន នាពេល​កន្លងមក និង​កិច្ចសហប្រតិបត្តិការ យ៉ាង​ល្អជា​មួយ ធនាគារ​វិនិយោគ​អឺរ៉ុប លើ​គម្រោង​នានា ដែលមាន​ទំហំ​ទឹកប្រាក់​សរុប ២៤០ លាន​អឺរ៉ូ ។ បន្ថែម​លើ​នេះ​ទៀត លោក​អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប គ្រោង​នឹង​ពង្រីក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ជាពិសេស​លើ​គម្រោង​វិនិយោគ​បៃតង និង​ការប្រឹក្សា​យោបល់​បន្ថែម ដើម្បី​ទទួល​កម្ចី និង​ហិរញ្ញ​ទាន​បៃតង​។​

​ជាការ​ឆ្លើយតប លោក សាយ សំ​អាល់ បានលើកឡើង​ពី​លទ្ធភាព ក្នុង​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រសួងបរិស្ថាន លើ​គម្រោង​អាទិភាព​មួយចំនួន ដូចជា ការលើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន តាមរយៈ​ការទិញ​ផលិតផល​សហគមន៍​នៅក្នុង និង​ជុំវិញ​តំបន់ការពារធម្មជាតិ ការជួយ​ស្វែងរក​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម ការទិញ​ឥណទាន​កាបូន ការវិនិយោគ​លើ ថាមពល​កកើតឡើង និង​បច្ចេកវិទ្យា​បៃតង​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​គណៈប្រតិភូ អំពី​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​រៀបចំ ភូមិ​រុន​តា​ឯក ឱ្យក្លាយ​ភូមិ​ធម្មជាតិ​គម្រូ ផងដែរ​៕/V