​ដោយៈ គង់​ហេង / កំពង់ចាមៈ ផ្លូវ​បេតុង ជើងភ្នំ​ហាន់ជ័យ ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន របស់​ស្រុក​កំពង់សៀម គឺ​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ ១០០ ភាគរយ ហើយ​អាជ្ញាធរ បានសម្រេច​បើក​ឱ្យ​អ្នកដំណើរ ឆ្លងកាត់​បាន នៅ​ចំ​ថ្ងៃ​ដាក់​បិណ្ឌ​ទី​១ ថ្ងៃទី​១១ កញ្ញា ម្សិលមិញ​នេះ​។​

​លោក លឹម សុខ​ហៀ​ង ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម ដែល​បាន​អមដំណើរ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​សហការី ចុះ​ពិនិត្យ​សំណង់​ជា​ផ្លូវ​បេតុង សង់​ជា​ស្ពាន​លើដី​ស្ថាបនា ដោយ​ខាង​នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ​ថាៈ ដូច​អ្វី​បាន​សន្យា​កាលពី​ស្ពានបេតុង ប្រវែង ១៤០ ម៉ែត្រ និង​ទទឹង​ប្រាំបី​ម៉ែត្រ សង់​បាន​ចំនួន ៨៥ ភាគរយ នឹង​ហើយ​រួចរាល់ ក្នុង​រដូវ​ដាក់​បិណ្ឌ គឺ​យើង​បាន​បើក​របាំង​ហាមឃាត់​ចេញ អនុញ្ញាតឱ្យ​ធ្វើចរាចរ​ឆ្លងកាត់​ចំ​ថ្ងៃ​ដាក់​បិណ្ឌ​ទី​១ ពិតប្រាកដ​មែន​។​

​សូមបញ្ជាក់ថា ស្ពានបេតុង​ខាងលើ បានចាប់ផ្តើម​សាងសង់ កាលពី​ចុងខែ​តុលា ឆ្នាំ​២០២១ គឺ​បើតាម​ផែនការ នឹងត្រូវ​ចំណា​ច​ពេល​ចំនួន ១៨ ខែ​។ ប៉ុន្តែ​នៅពេល អនុវត្ត​ជាក់ស្តែង ខាង​នាយកដ្ឋាន​វិស្វកម្ម បាន​ប្រើប្រាស់​រយៈពេល​ប្រមាណ ១០ ខែ​ប៉ុណ្ណោះ​៕/V​