ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​រាត្រី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ មន្ត្រី​កម្ពុជា ធុរជន​បរទេស និង កម្ពុជា បាននាំគ្នា​ពិភាក្សា​នា​វេទិកា​ភាពជា​អ្នកដឹកនាំ និង​ភាពជា​ដៃគូ​អាស៊ាន​ឆ្នាំ​២០២២ ស្តីពី “​ភាពជា​ដៃគូ​សម្រាប់​អាស៊ាន​ដែលមាន​ភាព​ស្អិតរ​មួ​ត និង​ឆ្លើយតប​” ក្រោម​អធិបតីភាព​របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា ការ​ជឿជាក់ថា វេទិកា​ថ្ងៃនេះ​នឹងមិន​ត្រឹមតែ​ផ្តល់នូវ​ការយល់ដឹង​អំពី​របៀប​ដែល​អាស៊ាន​អាចឈាន​ទៅមុខ​ការ​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​ក្នុងស្ថានភាព​ប្រក្រតី​ថ្មី (New Normal) ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពន្លឺ​ខ្លះៗ​អំពី​តួនាទី​របស់ អាស៊ាន​នៅក្នុង​ពិភពលោក​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ឆាប់រហ័ស និង​របៀប​ដែល​អាស៊ាន​អាច​រួមគ្នា និង​ឆ្ពោះទៅមុខ​។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ថ្លែងក្នុងវេទិកា​ភាពជា​អ្នកដឹកនាំ និង​ភាពជា​ដៃគូ​អាស៊ាន​ឆ្នាំ​២០២២ ស្តីពី “​ភាពជា​ដៃគូ​សម្រាប់​អាស៊ាន​ដែលមាន​ភាព​ស្អិតរ​មួ​ត និង​ឆ្លើយតប​” (រូបៈក្រសួងពាណិជ្ជកម្ម)

​លោក​បាន​បន្តថា កម្ពុជា​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ចំ​ពេលដែល​ប្រទេស​អាស៊ាន​កំពុង​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត កូ​វីដ​-១៩ ភាពមិនច្បាស់លាស់ និង​ការរំខាន​ថ្មីៗ ដែល​កើតចេញពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក៏បាន​រួមចំណែក​ដល់​ប​ញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​ដែល​យើង​បាន​ជួបប្រទះ​កន្លងមក​។​

​លោក​បាន​បន្ថែមថា ទោះជា​យ៉ាងណាក៏ដោយ ឧបសគ្គ​ទាំងនោះ​មិនអាច​រារាំង​យើង​ពី​ការ​ឆ្ពោះទៅមុខ​និង​សម្រេច​ឱ្យបាន​នូវ​បេសកកម្ម​របស់​យើង បានឡើយ​។ កម្ពុជា រួមជាមួយ​និង​រដ្ឋ​សមាជិក​អាស៊ាន និង​លេខាធិការដ្ឋាន​អាស៊ាន បានបង្ហាញ​ស្មារតី​ដ៏​រឹងមាំ​និង​សកម្ម​តាមរយៈ​គំនិត​ផ្តួចផ្តើម និង​ការប្តេជ្ញាចិត្ត​ងើប​ចេញ​ឱ្យ​ផុតពី​ជំងឺ​រាតត្បាត និង​លើកកម្ពស់​វិបុលភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

​លោក​បាន​បន្តថា ដើម្បី​សម្រេច​ឱ្យបាន​ពេញលេញ​នូវ​អាស៊ាន​មួយ​ដែលមាន​ភាព​ស្អិតរ​មួ​ត និង​ឆ្លើយតប រដ្ឋាភិបាល​តែម្នាក់ឯង​នឹងមិន​អាចធ្វើ​បានទេ​។ យើង​ត្រូវការ​ការចូលរួម​ផ្តល់​អនុសាសន៍ និង​ធាតុ​ចូល​ពី​វិស័យ​ឯកជន អ្នកសិក្សា ស្ថាប័ន​ប្រមូលផ្តុំ​គំនិត (Think Tank) ដូចជា KSI, ERIA, AVI និង​វិទ្យាស្ថាន​ស្រាវជ្រាវ​លេចធ្លោ​ផ្សេងទៀត ដូច្នេះ​យើង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​រួមគ្នា​ប្រកបដោយ​ប្រសិទ្ធភាព និង​លើកកម្ពស់​ឱកាស​សមធម៌​សម្រាប់​ទាំងអស់គ្នា​៕​

វេទិកា​ភាពជា​អ្នកដឹកនាំ និង​ភាពជា​ដៃគូ​អាស៊ាន​ឆ្នាំ​២០២២ ស្តីពី “​ភាពជា​ដៃគូ​សម្រាប់​អាស៊ាន​ដែលមាន​ភាព​ស្អិតរ​មួ​ត និង​ឆ្លើយតប​” កាលពី​រាត្រី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ (រូបៈក្រសួងពាណិជ្ជកម្ម)