ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ៖​ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​ខាងមុខនេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន អាយុ​ក្រោម​២៣​ឆ្នាំ​។​​នេះ​ជាការ​ត្រៀម​ដ៏​សំខាន់​មួយ​ដើម្បី​ដកស្រង​បទពិសោធន៍​ហើយក៏​ជា​លើកដំបូង​សម្រាប់ U23 កម្ពុជា ដែល​ត្រឡប់មក​មានការ​ប្រកួត​ឡើងវិញ​បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា​កន្លងទៅ​។​

​ជំនួប​រវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ហើយ​នៅ​ថ្ងៃទី​១៥​កញ្ញា​សំបុត្រ​ចូល​ទស្សនា​ក៏​​នឹង​ចាប់ផ្ដើម​លក់​ដែរ​។​

​លោក ភា សុ​ភ័​ក្ត្រា ដែលជា​គ្រូ​ជំនួយ​ជម្រើសជាតិ​បាន​ចាត់ទុកថា​ការប្រកួត​ជា​មិត្តភាព​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​។ លើសពីនេះ​ទៀត​នោះ ក៏​ជាការ​ហ្វឹកហាត់ និង​អភិវឌ្ឍ​សមត្ថភាព​កម្លាំង ដែលជា​ផ្នែក​មួយ​នៃ​បញ្ហា នៅក្នុង​ការប្រកួត​។

​លោក​បានបញ្ជាក់​បន្តថា​ដូច​អ្វីដែល​យើង​រៀបចំ គឺ​ក្រៅតែពី​ផែនការ​ត្រៀម​​សម្រាប់​ស៊ី​ហ្គេម​នៅក្នុង​ឱកាស​លេង​មិត្តភាព​នេះ យើង​បាន​កោះហៅ​កីឡាករ​ដ៏​ច្រើន​ខុសពី​​សព្វមួយដង​ក្រោម​ហេតុផល​ដើម្បី​មើល​ទៅលើ​កម្រិត​របស់​ពួកគាត់​ដែលមាន​គុណភាព​ផ្សេងៗ​គ្នា គុណភាព​ប្រហាក់ប្រហែលគ្នា មាន​អ្នកខ្លះ​មាន​គុណភាព​ខ្ពស់ ប៉ុន្តែ​អ្វីដែល​យើង​ចង់បាន​កាន់តែខ្លាំង គឺ​ការប្រើប្រាស់​កម្លាំង​។ ការប្រើប្រាស់​កម្លាំង​នេះ គឺ​ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​តាក់​ទិច​នៃ​ការលេង​តម្រូវការ​ខ្ពស់​ផ្នែក​កម្លាំង​នៃ​ការប្រយុទ្ធ​បង្កើន​ចលនា​នៃ​ការគាំទ្រ​និង​ការប្រយុទ្ធ​ក៏ដូចជា​រក្សា​កម្លាំង​ឱ្យមាន​ថេរវេលា​គ្រប់គ្រាន់​ដែល​យើង​តែងតែ​ឃើញ​មកហើយ​ថា​កន្លងមក​កីឡាករ​យើង​ភាគច្រើន​គឺ​តែងតែ​ធ្លាក់ចុះ​កម្លាំង​ក្រោយពី​ការរត់​អស់​។

​នេះ​ជាការ​ផ្សារភ្ជាប់​ទៅនឹង​ការអភិវឌ្ឍន៍​កម្លាំង​ក្រុមការងារ​ជម្រើសជាតិ​ដែល​ដឹកនាំ​​ដោយ​លោក Keisuke Honda បានដាក់​លក្ខខណ្ឌ​តម្រូវឱ្យ​កីឡាករ​ដែល​ត្រូវបាន​ជ្រើសរើស​ចូល​ក្រុម​ជម្រើសជាតិ​មិន​ថា​ក្រុម​ធំ ឬ​ក្រុម​អាយុ​ក្រោម ២៣​ឆ្នាំ (​ដែលជា​ក្រុម​ត្រៀម​ស៊ី​ហ្គេម​) ត្រូវធ្វើ​តេស្ត​កម្លាំង​អំណត់ (30-15IFT) ចាប់ពី ២០,៥ គីឡូម៉ែត្រ​/​ម៉ោង​ឡើងទៅ​។ ចំពោះ​ការកោះហៅ​កីឡាករ​ច្រើន​ដល់​ទៅ​៣៥​នាក់ គឺ​ដើម្បី​យ៉ាងហោចណាស់​កីឡាករ​ទទួលបាន​បទ​ពិសោធន៍​ពី​ការធ្វើ​តេស្ត​កម្លាំង​អំណត់​ដ៏​សំខាន់​នេះ​។​
​ម្យ៉ាងវិញទៀត​នេះ​ក៏​ជាការ​ជម្រុញ​ទឹកចិត្ត​ឬក៏​លើកទឹកចិត្ត​ពួកគាត់​ដែល​បាន​ប្រឹងប្រែង​បង្ហាញ​ការប្រកួត​កម្រិត​ខ្ពស់​នៅលើ​ទីលាន​សម្រាប់​ក្លិប​រៀងៗ​ខ្លួន​ក៏ដូចជា​ការ​សាបព្រោះ​ដំណាក់កាល​ដំបូង​អំពី​របៀប​នៃ​ការរត់ (30-15IFT) ហើយ​នៅពេល​គាត់​គិតថា​ពេល​គាត់​បាន​ចូល​​រួម​គាត់​ទទួលបាន​បទពិសោធន៍ ឬក៏​ដឹងថា​ខ្លួនឯង​នៅ​ខ្វះខាត​បញ្ហា​កម្លាំង​នេះ ដើម្បី​ឲ្យ​គាត់​ប្រឹងប្រែង​ជម្រុញ​ទឹកចិត្ត​ខ្លួនឯង​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​កម្លាំង ដើម្បី​ឲ្យ​មានឱកាស​មក​ចូលរួម​​លើក​ក្រោយ​ទៀត​។​

​ការប្រកួត​មិត្តភាព​នាពេលខាងមុខ​នេះ​នឹង​ប្រមូលផ្ដុំ​ទៅដោយ​សមាសភាព​កីឡាករ​​ដែលមាន​អាយុ​ក្រោម​២៣​ឆ្នាំ ត្រូវ​នឹង​លក្ខខណ្ឌ​អាយុ​នៃ​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ទទួល​ធ្វើ​ម្ចាស់ផ្ទះ​៕​