ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ លោក​ថោង ខុន​រដ្ឋមន្ត្រី​​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ត្រួតពិនិត្យ​លើ​គណៈកម្មការ​ទីផ្សារ និង​ច​ល​នូ​ប​ត្ថ​ម្ភ​នៃ CAMSOC និង​ការបង្ហាញ​របស់​ក្រុមហ៊ុន ដែល​ទទួលបាន​សិទ្ធិ​នេះ ដើម្បី​ឲ្យ​ស្របតាម​គោលការណ៍​សន្សំសំចៃ​ប្រកបដោយ​សុចរិត​ភាព​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា គណៈអចិន្ត្រៃយ៍ CAMSOC បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត ថោង ខុន​ដើម្បី​ពិនិត្យមើល​លើ​ការ​កៀរគរ​ស្វែងរក​ចំណូល​រួមទាំង​ការជំរុញ​ការផ្សព្វផ្សាយ​បញ្ជ្រាប​ចំណេះដឹង​ពី​ដំណើរ​ការធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ទៅក្នុង​ស្រទាប់​មហាជន ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។ អ្វី​ជា​បំណងប្រាថ្នា​ធំ គឺ CAMSOC ចង់​ឲ្យ​ស៊ី​ហ្គេម​អាស៊ាន ប៉ា​រ៉ា​ហ្គេម​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុ​ជាមាន​ភាព​ផុស​ផុល​ខ្លាំងក្លា​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ដោយ​ដំណើរការ​នេះ​ទទួលបាន​ជោគជ័យ​លុះត្រាតែ​​មានការ​គាំទ្រ​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​។​

​គណៈកម្មការ​ទីផ្សារ និង​ច​ល​នូ​ប​ត្ថ​ម្ភ​ត្រូវបាន​ដឹកនាំ​ដោយ​លោក ថោង រដ្ឋ​សក្តិ ជា​ប្រធាន​គណៈកម្មការ គឺជា​ផ្នែក​ពិសេស​ក្នុងការ​ស្វែងរក​ចំណូល​។ ក្នុង​កិច្ចប្រជុំ​នេះ​គណៈកម្មការ​ជំនាញ​ផ្សេងទៀត​នៃ CAMSOC ក៏បាន​ចូលរួម​ដែរ ដោយបាន​ញែក​ការងារ និង​បែងចែក​ភារកិច្ច​ឲ្យ​កាន់តែ​ច្បាស់លាស់​។​

​ចំពោះ​ផ្នែក​គណៈកម្មការ​ទីផ្សារ និង​ច​ល​នូ​ប​ត្ថ​ម្ភ បានផ្តល់​សិទ្ធិ​ជូនទៅ​ក្រុមហ៊ុន Pathmazing INC ដែលជា​អ្នករ៉ាប់រង​ក្នុង​ការរកចំណូល​ហើយ​ត្រូវបាន​កំណត់​តាម​គោល​​ការណ៍​ច្រកចេញចូល​តែមួយ ដើម្បី​ជំរុញ​ឲ្យ​មាន​តម្លាភាព​គណនេយ្យភាព​។ ដើម្បី​លើកកម្ពស់​​បន្ថែម​លើ​គោលការណ៍​សន្សំសំចៃ​ខ្ពស់ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ គឺ CAMSOC បាន​ប្រើប្រាស់​យន្តការ​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ឯកជន ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ច្បាស់លាស់​។​

​ទាំងអស់​នេះហើយ​ដែល​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រ​​សួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC បាន​ឯកភាព​ជាគោលការណ៍​​ក្នុងការ​ផ្តល់​សិទ្ធិ ដល់​ក្រុមហ៊ុន​ឯកជន​។

​ក្នុង​បទ​បង្ហាញ​របស់​ក្រុមហ៊ុន Pathmazing INC គឺ​ពិត​ជាមាន​ភាពច្បាស់លាស់ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ដោយមាន​លក្ខណៈ​ទាក់ទាញ​សោភ័ណភាព​ជាពិសេស​គឺ​ភាពស្មោះត្រង់​របស់​ក្រុមហ៊ុន​នៃ​ដំណើរការ​ការងារ​រប​ស់​ខ្លួន​ដើម្បី​ឆ្លុះបញ្ចាំង​លើ​គោលការណ៍​សន្សំសំចៃ តម្លាភាព សុចរិត​ភាព គណនេយ្យភាព​។ ទាំង​គណៈកម្មការ​ជំនាញ​របស់ CAMSOC និង​ក្រុមហ៊ុន​ជា​ដៃគូ នៅតែ​ធ្វើ​កិច្ចការ​រួមគ្នា ហើយ​គណៈកម្មការ​ជំនាញ​របស់ CAMSOC នៅតែ​ជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​ដឹកនាំ​តម្រង់​ទិសលើ​ការងារ​បច្ចេកទេស ដល់​ក្រុមហ៊ុន​ជា​ដៃគូ​។ លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​បន្ថែម​។​

​លោក​អគ្គលេខាធិការ​ក៏បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​ឯកជន​តែងតែ​មក​ធ្វើ​បទ​បង្ហាញជូន​ដល់​គណៈកម្មការ​ជំនាញ​រៀងរាល់​លើក​ដើម្បី​ឆ្លង​ការសម្រេច​នានា​។​ទាំងអស់នេះ​គឺជា​​សុខដុម​នីយកម្ម​នៃ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដែល​បង្កើត​ឲ្យ​បាន​នូវ​ការ​យោគយល់​គ្នា​ភាព​ប្រទាក់ក្រឡា​ហើយ​រួមគ្នា​ក្នុង​ស្មារតី​ការងារ​ជា​ក្រុម​។​​នេះ​ជា​ចំណុច​ពិសេស ដែល​លោក​បណ្ឌិត ថោង ខុន តែងតែ​យកចិត្តទុកដាក់ និង​ផ្តល់​អនុសាសន៍​ណែនាំ​មកដល់​ក្រុម​ជំនាញ​ទាំងអស់គ្នា ដើម្បី​ជំរុញ​ឲ្យ​យើងទាំងអស់គ្នា មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការបែងចែក​តួនាទី​ភារកិច្ច​នៃ​ដំណើរការ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​ឲ្យ​ទទួលបាន​ជោគជ័យ​៕​