​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​ចូកូ វី​ដូ​ដូ កំពុង​ពិចារណា​ចូលរួម​ជាមួយ​ឥណ្ឌា​និង​ចិន​ក្នុង​ការទិញ​ប្រេង​រុស្ស៊ី​ដើម្បី​ទូទាត់​នឹង​ការដំំឡើងថ្លៃ​ប្រេងឥន្ធនៈ​កាលពីពេល​​ថ្មីៗ​ដល់​ទៅ​៣០​ភាគរយ​ដែលនាំអោយ​មាន​ការតវ៉ា​ប្រឆាំង នេះ​បើ​តាម​សារព័ត៌មាន​Financial Times​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​កញ្ញា​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​Financial Times​លោក​ត្រូវបាន​សួរថា​តើ​ឥណ្ឌូនេស៊ី​នឹង​ទិញ​ប្រេង​ពី​រុស្ស៊ី​ដែរឬទេ​។​លោក​វី​ដូ​ដូ បាន​និយាយថា​«​យើង​តែងតែ​ពិនិត្យ​គ្រប់​ជំរើស​។​បើ​មានប្រទេស​ណាមួយ​​ផ្តល់​ថ្លៃ​ល្អ​ជាង ពិត​ណាស់​យើង​នឹង​ពិចារណា​»​។​

​មុន​នេះ​ក្នុង​ខែ​នេះ លោក​វី​ដូ​ដូ បាន​ដំឡើងថ្លៃ​ប្រេង​ដល់​ទៅ​៣០​ភាគរយ និង​ថា​ការដំឡើងថ្លៃ​ប្រេង​ជា​«​ជំរើស​ចុងក្រោយ​»​ដោយសារ​សម្ពាធ​ហិរញ្ញវត្ថុ តែ​វា​បាន​បង្ក​ការតវ៉ា​ប្រឆាំង​នៅ​ទូទាំងប្រទេស​ដែល​​មាន​ប្រជាជន​២៧០​លាន​នាក់​នេះ​។​

​តែ​ការទិញ​ប្រេង​រុស្ស៊ី​លើ​តំលៃ​កំណត់​ដោយ​ក្រុម​ប្រទេស​G-7​ណាមួយ​អាច​នឹង​នាំ​អោយ​ឥណ្ឌូនេស៊ីរ​ង​ទណ្ឌកម្ម​ពី​អាម៉េរិក​។​

​កាលពី​ខែ​សីហា រដ្ឋមន្ត្រី​ទេសចរណ៍​ឥណ្ឌូនេស៊ី​បាន​និយាយថា ប្រទេស​លោក​ត្រូវ​រុស្ស៊ី​សុំ​លក់​ប្រេង​អោយ​ក្នុង​តំលៃ​បញ្ចុះ​(discount)៣០​ភាគរយ​ហើយ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ឥណ្ឌូនេស៊ី​Pertamina​បាន​និយាយ​​ថា​ខ្លួន​កំពុង​ពិនិត្យ​លើ​លទ្ធភាព​ទិញ​ប្រេង​រុស្ស៊ី​។​

​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ មាន​អតិផរណា​ប្រចាំឆ្នាំ​៤,៦៩​ភាគរយ​កាលពី​ខែ​សីហា លើ​ការព្យាករណ៍​របស់​ធនា​គារ​កណ្តាល​ដែល​កំណត់​២​ទៅ​៤​ភាគរយ ដោយសារ​តែ​ថ្លៃ​ស្បៀង​កើ​​ន​ឡើង​៕

​មុន​នេះ​ក្នុង​ខែ​នេះ លោក​វី​ដូ​ដូ បាន​ដំឡើងថ្លៃ​ប្រេង​ដល់​ទៅ​៣០​ភាគរយ ដោយ​បង្ក​ការតវ៉ា​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​