ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​១១​កញ្ញា​ថា តារា​សម្តែង​ចិន លី អ៊ី​ហ្វឹង (Li Yifeng)​ដែល​ដើរតួ​ជា​អតីត​មេដឹកនាំ​​បក្ស​កុម្មុយនីស្ត ម៉ៅ សេទុង ក្នុង​ភាពយន្ត​ឆ្នាំ ២០២១ ត្រូវបាន​ប៉ូលិស​ក្រុង​ប៉េកាំង​ឃាត់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ក្រោម​ការសង្ស័យ​ថា​ជួយ​ស្វែងរក​ស្រីពេស្យា​អោយ​ម៉ូយ​។​

​ទូរទស្សន៍ CCTV បាន​និយាយថា ខ្លួន​បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​ក្រុង​ប៉េកាំង​នៅលើ​គណនី​បណ្តាញ​សង្គម Weibo របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ថា​ថ្មីៗ​នេះ​ប៉ូលិស​បាន​ឃាត់ខ្លួន​តារា​​សម្តែង​ដែលមាន​នាម​ត្រកូល “​លី​” សម្រាប់​ការជួយ​ស្វែងរក​ស្រីពេស្យា​ជាច្រើន​ករណី​។ ទូរទស្សន៍ CCTV បាន​និយាយថា ខ្លួន​បាន​បញ្ជាក់ថា បុគ្គល​នោះ​គឺ​ឈ្មោះ លី អ៊ី​ហ្វឹង (Li Yifeng) ។​

​តារា​សម្តែង​វ័យ ៣៥ ឆ្នាំ ដែល​គេ​ស្គាល់​ថា អ៊ី​វ៉ាន់ លី (Evan Li)​បានចាប់ផ្តើម​អាជីព​របស់​គាត់ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ការប្រឡង​ចម្រៀង​របស់​ទូរទស្សន៍​ជាតិ​ក្នុង​ឆ្នាំ ២០០៧​ហើយ​ក្រោយមក​បាន​​ផ្លាស់ប្តូរ​ទៅ​ជា​តារា​សម្តែង​។​

​លី​មិនអាច​ទាក់ទង​តាមរយៈ​គណនី Weibo របស់​គាត់​ដើម្បី​សុំ​ការបំភ្លឺ​បានទេ ហើយ​ការព្យាយាម​ទាក់ទង​គាត់​តាមរយៈ​គណនី WeChat របស់​ស្ទូឌីយោ​របស់​គាត់​ក៏មិន​ជោគជ័យ​ដែរ​។​

​ម៉ាក​យីហោ​ជាច្រើន រួម​ទាំង​ក្រុមហ៊ុន​ប្រណីត​អ៊ីតាលី Prada បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​លី​ភ្លាមៗ​បន្ទាប់​ពី​របាយការណ៍ CCTV​នេះ​បើ​យោង​តាម​សារ​បង្ហោះ​នៅលើ​គណនី​បណ្តាញ​សង្គម​​របស់​ពួកគេ​។​

​ក្រុមហ៊ុន Prada បាន​និយាយ​នៅលើ​គណនី Weibo របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន “​បញ្ចប់​កិច្ចសហប្រតិបត្តិកា​រទាំ​ង​អស់​” ជាមួយ​លី​។​

​ម៉ាក​ផ្សេងទៀត ដែល​ត្រូវ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​តារា​ប្រុស​រូបនេះ រួមមាន ម៉ាក​ថ្នាំដុសធ្មេញ Sensodyne ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Haleon និង​ភេសជ្ជៈ​ទឹកដោះគោ Zhenguoli គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Mengniu នេះ​បើ​យោង​តាម​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ពួកគេ​៕

តារា​សម្តែង​ចិន លី អ៊ី​ហ្វឹង ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ជួយ​ស្វែងរក​ស្រី​ពេស្យា​