ប្រែសម្រួល : កញ្ញាដាលីស (The Drive) ៖ ក្រសួងការពារជាតិជប៉ុនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីផែនការរបស់ខ្លួនក្នុងការសាងសង់នាវាចម្បាំងថ្មីដ៏ធំចំនួនពីរគ្រឿងដែលជាផ្នែកនៃគំនិតផ្តួចផ្តើមការពារមីស៊ីលកាន់តែទូលំទូលាយ ដែលនឹងជំនួសសំណើលើកមុនដើម្បីដំឡើងប្រព័ន្ធមីស៊ីល Aegis Ashoreនៅលើមូលដ្ឋានដីគោកក្នុងប្រទេសជប៉ុន។
នាវាការពារមីស៊ីលមិនទាន់មានឈ្មោះនេះរំពឹងមានស្តង់ដារផ្ទុកទម្ងន់ប្រហែល ២០.០០០ តោន ច្រើនជាងពីរដងនៃទម្ងន់ផ្ទុករបស់នាវាពិឃាដ Maya ដែលមានបំពាក់ប្រព័ន្ធមីស៊ីល Aegisនាពេលបច្ចុប្បន្ន ដោយធ្វើឱ្យវាក្លាយជានាវាប្រយុទ្ធលើផ្ទៃទឹកធំបំផុតរបស់ជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
នៅក្នុងសំណើថវិការបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ក្រសួងការពារជាតិជប៉ុនបានគូសបញ្ជាក់អំពីសំណើរបស់ខ្លួនសម្រាប់នាវាចម្បាំងថ្មីទាំងពីរនេះដែលត្រូវផ្តល់មូលនិធិពីកញ្ចប់ថវិកាសរុបប្រហែល ៣៩,៧ ពាន់លានដុល្លារ ធៀបនឹងកញ្ចប់ថវិកា ៣៨,៤ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២២។ របាយការណ៍មិនបានបញ្ជាក់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានបង្ហាញថានាវាថ្មីទាំងពីរនេះអាចមានតម្លៃ ៧,១ ពាន់លានដុល្លារ ពោលគឺច្រើនជាងតម្លៃប្រហែល ៤,៣ ពាន់លានដុល្លារដែលប្រព័ន្ធ Aegis Ashore ទាំងពីរត្រូវគេរំពឹងថានឹងត្រូវចំណាយ។ សរុបមកថវិកាការពារជាតិរបស់ជប៉ុនកំពុងកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងដែលត្រូវបានផ្តល់សម្រាប់យោធារបស់ប្រទេសនិងការគំរាមកំហែងខ្លាំងឡើងពីកូរ៉េខាងជើងនិងចិន។
ថ្លែងកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) បាននិយាយថា ការបញ្ចូលនាវាថ្មីធំទាំងពីរនៅក្នុងតួនាទីការពារមីស៊ីលនឹងអនុញ្ញាតឱ្យនាវាពិឃាដបំពាក់ប្រព័ន្ធមីស៊ីល Aegis ផ្តោតលើមុខងារសំខាន់ៗផ្សេងទៀត ជាពិសេសការការពារប្រឆាំងនឹងលទ្ធភាពលុកលុយដែនសមុទ្រពីសំណាក់ចិន។
បច្ចុប្បន្ននេះ កងនាវាបំពាក់មីស៊ីល Aegis របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ឬ JMSDF គឺមាននាវាចម្បាំង Maya ចំនួនពីរគ្រឿង នាវាចម្បាំង Atago ពីរគ្រឿង និងនាវាពិឃាដ Kongo បួនគ្រឿង។
យោងតាមតួលេខដែលចេញផ្សាយដោយវេបសាយ The Nikkei នាវាចម្បាំងទាំងពីរត្រូវគេរំពឹងថានឹងមានប្រវែងប្រហែល ២១០ ម៉ែត្រនិងទទឹងប្រហែល ៤០ ម៉ែត្រ៕
នាវាចម្បាំងទាំងពីរត្រូវគេរំពឹងថានឹងមានប្រវែងប្រហែល ២១០ ម៉ែត្រនិងទទឹងប្រហែល ៤០ ម៉ែត្រ