​ដោយៈ​សុផល / ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ តាម​ជើងយន្តហោះ​ពិសេស​។​

​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា នឹង​បំពេញ​ទស្សនកិច្ច នៅ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២​។ នៅក្នុង​នោះ សម្តេច​ប្រធានរដ្ឋសភា នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក វឿ​ង ឌី​ញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា​វៀតណាម និង​ចូលជួប​សម្តែង​ការគួរសម ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​រដ្ឋ និង​បក្ស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មួយចំនួនទៀត​។​

​បន្ទាប់មក គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នឹង​បន្តដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ បន្តទៀត​។​

​ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុង​គោលបំណង ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ដូចជា នីតិប្រតិបត្តិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក៏ដូចជា ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ឱ្យ​កាន់តែ ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ឡើង​។​

​សមាសភាព​គណៈប្រតិភូ​អមដំណើរ សម្តេច​ប្រធានរដ្ឋសភា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មាន​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុម​មិត្តភាព សភា​កម្ពុជា​វៀតណាម លោក ឈាង វុន​ប្រធាន​គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក ឡូយ សុផាត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា លោក សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា លោក កែវ ពិសិដ្ឋ លេខាធិការ​គណៈកម្មកា​រ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា លោក សន សា​រ៉ា​ណា សមាជិក​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា លោក លី ឆេង សមាជិក​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា លោកស្រី ដួង វណ្ណា តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង និង​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​៕/V​