ដោយៈ សុផល / ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញដល់ទីក្រុងហាណូយ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ច នៅក្រុមហ៊ុន ទូរគមនាគមន៍វៀតតែល(Veittel)។
ក្រុមហ៊ុនទូរគមនាគមន៍វៀតតែល ជាក្រុមហ៊ុនមួយ ដែលបានវិនិយោគនៅកម្ពុជា លើប្រព័ន្ធទូរស័ព្ទ ដែលមានឈ្មោះក្រុមហ៊ុន Metfone។ លោក វូ ហៃសាន (Vu Hai San) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក តៅ ឌុកថាំង (Tao Duc Thang) នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនវៀតតែល និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងចាត់ទុកវត្តមានសម្តេចប្រធានរដ្ឋសភា នាឱកាសនេះ ជាកិត្តយសដ៏ឧត្តុង្តឧត្តមរបស់ក្រុមហ៊ុន។
ប្រភពរដ្ឋសភា បានឱ្យដឹងថាៈ លោក តៅ ឌុកថាំង បានថ្លែងអំណរគុណរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដែលបានគាំទ្រការវិនិយោគរបស់ ក្រុមហ៊ុន Veittel នៅកម្ពុជា និងបានជម្រាបជូនសម្តេច ពីគម្រោងដែលក្រុមហ៊ុន ត្រូវអភិវឌ្ឍន៍ បន្ថែមទៀត លើវិស័យបច្ចេកវិទ្យា ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ឌីជីថលនៅកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រតិបត្តិការរបស់ ក្រុមហ៊ុនដ៏ធំមួយនេះ ដែលមិនត្រឹមតែបម្រើសេវាកម្មទូរគមនាគមន៍ ប៉ុណ្ណោះទេ ថែមទាំងជាឱកាសការងារ និងផ្តល់ប្រាក់ចំណូល ដល់ពលរដ្ឋវៀតណាមទៀតផង។ ក្រៅពីនោះ ក្រុមហ៊ុនបានដើរតួនាទីដ៏មានសារសំខាន់ លើវិស័យការពារជាតិរបស់ វៀតណាម ដើម្បីរួមចំណែកថែរក្សាសន្តិសុខ ទាំងក្នុងតំបន់ និងសកលលោកផងដែរ។
សម្តេច បានមានប្រសាសន៍ថាៈ ការវិនិយោគរបស់ក្រុមហ៊ុនវៀតតែល នៅកម្ពុជា ដែលពលរដ្ឋកម្ពុជាទូទៅស្គាល់ថា ជាក្រុមហ៊ុនមិត្តហ្វូន នោះ បានចូលរួមចំណែកពង្រឹង ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ប្រកបដោយគុណភាព និងការជឿទុកចិត្តខ្ពស់ ក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នានានៅកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថាៈ វត្តមានរបស់ វៀតតែល នៅកម្ពុជា មិនត្រឹមតែផ្តល់សេវាទូរគមនាគមន៍ ដល់ប្រជាពលរដ្ឋ កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងវិស័យការពារជាតិ និងផ្តល់ឱកាសការងារ ព្រមទាំងផលប្រយោជន៍សេដ្ឋកិច្ច ដល់ពលរដ្ឋកម្ពុជា និងក្រុមហ៊ុនផងដែរ៕/V