ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យ៖ នៅសាលាគរុកោសល្យនិងវិក្រិតការខេត្តបន្ទាយមានជ័យគណៈកម្មការរៀបចំ ការបោះឆ្នោតខេត្តបន្ទាយមានជ័យបានបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីលេខាធិការដ្ឋាន(លធ.ខប) គណ:កម្មការខេត្តរៀបចំការបោះឆ្នោតខេត្ត គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ។
ថ្លែងក្នុងពិធីកាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២២ លោក ហី គឹមសេង ប្រធានគណ:កម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ និងលោក យ៉ង់ សាក់ ប្រធានលេខាធិការដ្ឋាននៃគណ:កម្មការនេះឱ្យដឹងថាវគ្គបណ្ដុះ បណ្ដាលនេះមានសារៈសំខាន់ណាស់ក្នុងការធ្វើបច្ចុប្បន្នភាពនិងការវិវត្តថ្មីៗនៃប្រព័ន្ធបច្ចេកវិទ្យាស្របទៅតាមបដិវត្តន៍ ឧស្សហកម្ម ៤.០ ដែលទាមទារឲ្យមានការយល់ដឹងកាន់តែទូលំទូលាយនិងនវានុវត្តន៍។
លោកបន្តថា ឆ្លងកាត់ពីការចុះឈ្មោះបោះឆ្នោតមួយទៅការចុះឈ្មោះបោះឆ្នោតមួយការបណ្ដុះបណ្ដាលគឺ ជាកត្តាចាំបាច់ ដើម្បីបង្កើនចំណេះដឹង ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងការអនុវត្តការងារ ។ដូច្នេះអស់លោកលោកស្រីនិងសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងនិងបទពិសោធន៍ដើម្បីយកចំណេះដឹងទាំងនេះ ទៅបង្ហាត់បង្ហាញនិងណែនាំបន្តដល់ក្រុមប្រឹក្សាឃុំ សង្កាត់និងក្រុមចុះឈ្មោះ បោះឆ្នោត ដើម្បីអនុវត្តការងារចំគោលដៅ ស្របទៅតាមបទបញ្ជានិងនីតិវិធីរបស់ គ.ជ.ប ក្នុងកិច្ចប្រតិបត្តិការ ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ខែតុលាដល់ថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២ នាពេលខាងមុខនេះ។
លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២នេះយើងទើប តែបានបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលក្នុងដំណើរការបោះឆ្នោតមួយ គឺមានដំណាក់កាលសំខាន់ៗចំនួនបួនក្នុងនោះការចុះឈ្មោះបោះឆ្នោតគឺជាដំណាក់កាលដំបូងនិងមានសារៈសំខាន់។ព្រោះបញ្ជីឈ្មោះបោះឆ្នោតគឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានក្នុងការធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់បោះឆ្នោតជាធរមានសំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នាថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខ។ គឺ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
លោកស្រីបានបន្តថា ការពិនិត្យបញ្ជីឈ្មោះនឹងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នេះមានគោលដៅធានាឲ្យ បញ្ជីឈ្មោះបោះឆ្នោតមានភាពពេញលេញភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាពតាមរយៈ ការស្រង់ឈ្មោះនិងលុបឈ្មោះអ្នកបោះឆ្នោត ដែលបានទទួលមរណភាព ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោត ដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង(មានឯកសារសំអាងត្រឹមត្រូវ) ។
ការកែតម្រូវឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ ឆ្នាំឡើង និងប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី១២ – ១៣ ខែកញ្ញាឆ្នាំ២០២២ ៕សរន