ដោយៈ ប​.​ខុន / ភ្នំពេញៈ មន្ត្រីជលផល​ព្រៃវែង បង្ក្រាប​បទល្មើស​ឆក់​ពស់ថ្លាន់ នៅ​ចំណុច កោះអន្លង់វិល ភូមិ​ព្រៃ​កន្លោង ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ជា​កន្លែង​អភិរក្ស​ជលផល ផ្លូវ​ភក់ បាន​មួយ​ករណី ដោយ​រឹបអូស​បាន​វត្ថុតាង​ច្រើន​មុខ តែ​ជនល្មើស​បាន​រត់​រួច ។ ពស់ថ្លាន់​ចំនួន ៨​ក្បាល ទម្ងន់ ១៤៨ គីឡូក្រាម បាន​ចាក់​លែង​ចូល​ព្រៃ​លិច​ទឹក​វិញ​។​

​លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ព្រៃវែង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ វត្ថុតាង​ដែល​រឹបអូស​បាន ក្នុងពេល​បង្ក្រាប បទល្មើស នេសាទ នៅ​ចំណុច​កោះអន្លង់វិល ភូមិ​ព្រៃ​កន្លោង ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ជា​កន្លែង​អភិរក្ស​ជលផល​ផ្លូវ​ភក់ កាលពី​ថ្ងៃទី​១១ ខែកញ្ញា បាន​រក្សាទុក​នៅ​រដ្ឋបាល​ខណ្ឌ តែ​សំណុំរឿង បាន​បញ្ជូនទៅ​តុលាការ​អស់ហើយ​។​

​នាយខ​ណ្ឌ្ឋ​រដ្ឋបាល​ជលផល ខាងលើ បានបញ្ជាក់​ថាៈ ការបង្ក្រាប​បទល្មើស​ឆក់​ត្រី តែ​ឃើញ​បាន​សុទ្ធតែ​ពស់ ចំនួន ៨ ក្បាល មាន​ទម្ងន់​ស្មើ ១៤៨ គីឡូក្រាម​នេះ ចាប់​ជនល្មើស​មិន​បានទេ ដោយសារ​កម្លាំង​ជលផល សហការ​ជាមួយ​សហគមន៍ មាន​គ្នា​តិច និង​មាន​ទូក​តែមួយ ឯ​ជនល្មើស​មាន​ទូក​ពីរ​គ្រឿង​។ តាម​ការអះអាង​របស់ សហគមន៍​ថា ជនល្មើស​ឆក់យក​ពស់ ពី​តាម​ព្រៃ​លិច​ទឹក​នេះ គឺជា​ជន​មកពី​ឆ្ងាយ​។​

​លោក អូន ស៊ី​ណាត បាន​និយាយ​ឱ្យដឹងទៀតថាៈ ក្រោយពី​ទទួលបាន​ដំណឹង​ពី សហគមន៍ កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល កំពង់លាវ បាន​ដឹកនាំ​សង្កាត់រដ្ឋបាល​ជលផល ទួល​តាកែវ និង ពារាំង ចុះ​ស្រាវជ្រាវ​ត្រួតពិនិត្យ​បទល្មើស​ជលផល នៅ​ចំណុច កោះអន្លង់វិល ភូមិ​ព្រៃ​កន្លោង ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង នៅក្នុង​កន្លែង​អភិរក្ស ជលផល​ផ្លូវ​ភក់ អនុវត្តបាន​មួយ​ករណី ដោយ​រឹបអូស​បាន​ដុំ​អាំ​វែ​ទ័​រ ២​គ្រឿង​, ដង​ឆក់ ២​ដើម អាគុយ​២​គ្រឿង រួមផ្សំ​នឹង​ខ្សែភ្លើង​ប្រវែង ១២ ម៉ែត្រ​, ទូក​ជ័រ ២​គ្រឿង​ទំហំ (៦,៥ គុណ​នឹង ៨ គុណ​នឹង ៤​ម៉ែត្រ​) ម៉ាស៊ីន​មួយគ្រឿង ម៉ាក​ហ៊ី​ណូ​តា កំលាំង ១៨ សេស (​ម៉ាស៊ីន​មួយគ្រឿង​ទៀត ជនល្មើស​ទម្លាក់​ចូល​ទឹក​ជ្រៅ​រក​មិនឃើញ​) និង​ពល់​ថ្លាន់ ចំនួន ៨ ក្បាល មាន​ទម្ងន់ ១៤៨ គីឡូក្រាម ចាក់​លែង​ចូល​ព្រៃ​វិញ​៕/V​