ភ្នំពេញៈគណបក្សកែទម្រង់កម្ពុជានិងគណបក្សជាតិនិយមរួមជាមួយគណបក្សនយោបាយមួយចំនួនទៀតដែលជាគណបក្សប្រឆាំងក្រៅរដ្ឋាភិបាលគ្រោងនឹងរួមរួបគ្នានៅក្នុងពេលខាងមុនេះដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ។
លោក ផែង ហេង ប្រធានគណបក្សជាតិនិយមបានប្រាប់ AMS នៅល្ងាចថ្ងៃទី១២ ខែកញ្ញាឆ្នាំនេះថាទាក់ទងការ គ្រោងរួបរួមគណបក្សនយោបាយនេះគឺមានការជជែកគ្នាថានឹងមានការរួបរួមគ្នាក្នុងរូបភាពណាមួយប៉ុន្តែនៅមិនទាន់ សម្រេចជាផ្លូវការនៅឡើយទេ គឺគណបក្សជាតិនិយម និងគណបក្សកែទម្រង់កម្ពុជានឹងមានការជជែកជាមួយ គណបក្សនយោបាយផ្សេងៗទៀត។

លោក ផែង ហេង ប្រធានគណបក្សជាតិនិយម(រូបថតឯកសារ)

លោកបានបញ្ជាក់ថា“គោលដៅគឺអាចនឹងធ្វើរួមគ្នាទៅជាការដាក់បញ្ជីតែមួយប៉ុន្តែយ៉ាងម៉េចទៀតចាំមើលការជជែក គ្នា និងយកការឯកភាពគ្នា គឺយកតែកម្ពុជានិយមនិងកែទម្រង់កម្ពុជាទេ។ចំពោះគណបក្សណាខ្លះនឹងមករួបរួមនោះ មិនទាន់អាចនិយាយប្រាប់បានទេ ព្រោះយើងកំពុងតែធ្វើកិច្ចការនឹង”។

ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានប្រាប់ AMS កាលពីព្រលប់ថ្ងៃទី១២ខែកញ្ញា នេះដែរថា ការគ្រោងនឹងបង្រួបបង្រួមគ្នាជាមួយគណបក្សនយោបាយមួយចំនួនទៅជាគណបក្សតែមួយគឺកំពុងតែ ស្ថិតនៅក្នុងដំណាក់កាលជជែកគ្នា។ការរួបរួមគ្នានេះគឺមានគណបក្សចំនួនបួន។ក្នុងនោះមាន៖គណបក្សកែទម្រង់កម្ពុជាគណបក្សជាតិនិយម,គណបក្សខ្មែរស្រឡាញ់ជាតិនិងគណបក្សមួយទៀតមិនទាន់អាចបញ្ចេញឈ្មោះបានទេ។ ក្នុងចំណោមបួនគណបក្សនេះគឺមានបីគណបក្សបានជជែកគ្នារួចហើយនៅតែគណបក្សមួយទេដែលមិនទាន់ បានជជែកលម្អិត។

លោកបានបញ្ជាក់ថា “បីគណបក្សដែលបានជជែកគ្នាអំពីការរួបរួមនេះ គឺមានគណបក្សកែទម្រង់កម្ពុជា គណបក្សជាតិនិយម និងគណបក្សខ្មែរស្រឡាញ់ជាតិ ដែលបានបាត់មេកើយពីព្រោះពួកគាត់នៅមានក្រុម សមាជិកគណៈកម្មាធិការនាយកប្រតិបត្តិខេត្តដែលនៅស្របច្បាប់នៅឡើយហើយជាផ្លូវការគាត់អាចជ្រើសរើសតំណាងបណ្តោះអាសន្នណាមួយដើម្បីជជែកគ្នា។ ចំពោះគណបក្សមួយទៀតមិនទាន់អាចជម្រាបបានទេ ដោយសារតែគាត់មិនទាន់សម្រេចចិត្តច្បាស់លាស់”។

លោក អ៊ូ ច័ន្ទរ័ត្ន(រូបថតឯកសារ)

ទាក់ទងការរួបរួមគ្នានេះ លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា អាចរួមគ្នាឲ្យទៅជាគណបក្សតែមួយបើមិនយកគណបក្ស ណាមួយយកមកសមាជដើម្បីប្តូរឈ្មោះ ដូរលក្ខន្តិកៈ ដូររូបសញ្ញាទេ ហើយនឹងជជែកគ្នាថាតើអាចយកគណបក្ស ណាមួយដើម្បីប្រើប្រាស់បានទេ។ប្រសិនជាអត់ទេទាល់តែយកគណបក្សណាមួយមកធ្វើសមាជផ្លាស់ប្តូរឈ្មោះគណបក្ស។ ហើយថ្នាក់ដឹកនាំគណបក្សទាំងបួន នឹងអាចជួបគ្នាជជែកគ្នាក្នុងសប្តាហ៍នេះដើម្បីបញ្ជាក់អំពីជំហរ រួបរួមរបៀបម៉េច!។

គួរបញ្ជាក់ថា ការគ្រោងរួបរួមរបស់គណបក្សនយោបាយកែទម្រង់កម្ពុជា គណបក្សជាតិនិយមគណបក្សខ្មែរ ស្រឡាញ់ជាតិ រួមទាំងគណបក្សនយោបាយមួយចំនួនទៀតបានធ្វើឡើង បន្ទាប់ពីគណបក្សភ្លើងទៀនមិនធ្វើ សម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា។

លោក ថាច់ សេដ្ឋា អនុប្រធាននិងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន(រូបថតឯកសារ)

ការមិនចងសម្ព័ន្ធភាពត្រូវបានលោក ថាច់ សេដ្ឋា អនុប្រធាននិងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនមានប្រសាសន៍ ប្រាប់AMSនៅថ្ងៃទី១២ខែកញ្ញានេះថាចំពោះរឿងសម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាននិងគណបក្សនយោបាយមួយចំនួនទៀតគណបក្សភ្លើងទៀនមិនបដិសេធនឹងលទ្ធភាពនៃការធ្វើសម្ព័ន្ធភាពក្នុងរូបមន្តបែបណា នោះទេ។ប៉ុន្តែដោយសារពេលវេលានៃការបោះឆ្នោតវាខិតជិតមកដល់ហើយនិងពេលវេលាខ្លីដែលមិនទាន់មាន ពេលវេលាគ្រប់គ្រាន់ដើម្បីជជែករឿងនេះទេដោយសារគណបក្សភ្លើងទៀនកំពុងតែរវល់មមាញឹកក្នុងការរៀបចំរចនាសម្ព័ន្ធភូមិ ឃុំ ជាផ្លូវការទាំងអស់ឡើងវិញនិងពង្រឹងសកម្មជននិងថ្នាក់ដឹកនាំបន្ថែមឡើងវិញ។
លោកបញ្ជាក់ថា ដូចនេះពេលវេលា កំពុងតែមមាញឹកមែនទែន៕ (ប្រភព AMS)