ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក។ កិច្ចសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិធម្មជាតិ រុនតាឯក ស្ថិតក្នុងស្រុក បន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ២០២២ ។

 

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថាប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោកគិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញាបានបញ្ចប់ការវាស់វែងក្បាលដីនិងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោល ដៅទាំង១១៤ភូមិក្នុងឃុំចំនួន ១៧ សង្កាត់ចំនួន ៧ ក្រុងចំនួន១និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដីទំហំ ១០,៩៤៥ហិកតា ។ ក្នុងនោះក្បាលដីមានសំណង់ចំនួន៣៩, ០៤០ក្បាលដី,ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដីនិងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ ក្បាលដី។

ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូងនិងភូមិត្រពាំងសេសដែលគ្រប់លក្ខខណ្ឌនិងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅភូមិធម្ម ជាតិរុនតាឯករួចចំនួន ១,១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូត៍ ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ។

ប្រជាពលរដ្ឋស្ម័គ្រចិត្តនិងបានរុះរើតូបខុសច្បាប់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន៣២២តូបក្នុងនោះស្ថិតនៅចំណុចទីតាំងមុខប្រាសាទបន្ទា យ ក្តីចំនួន ៣៤ តូប,ចំណុចទីតាំងស្រះស្រង់ខាងត្បូងចំនួន ១៨៦ តូប, ចំណុចទីតាំងភូមិទក្សិណខាងត្បូងចំនួន ៧៩តូប និងចំណុចទីតាំងខាងត្បូងក ស្សិណអង្គរចំនួន ២៣តូប។ ក្រុម ការងារបានដាំកូនឈើឡើងវិញលើទីតាំងដីដែលបានរុះរើតូបបានចំនួនប្រមាណ ២ពាន់ដើម។ ក្រុមការងារ បានបង្ហោះ ដ្រូនថតរូបភាពពីលើអាកាសនិងផលិតផែនទី រូបថតតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បាន បញ្ចប់ជាស្ថាពរលើផ្ទៃដីទំហំ ៤០,១១៨ហិកតា។

ទន្ទឹមនឹងការងារការវាស់វែងកំណត់និយាមកាក្បាលដីនិងរមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាក្រុមការងារអន្តរក្រសួងដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់ចែងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិធម្មជាតិរុនតាឯកផងដែរ ដើម្បីបង្កភាពងាយស្រួល ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ថែមពីលើអគារសិក្សានិងផ្លូវគ្រួសក្រហមចំនួន ៤៥ ខ្សែដែលបានសាងសង់រួចហើយនោះក្រុមការងារកំពុងសិក្សាគម្រោងសាងសង់ផ្សារចំនួន ៨ខ្នង ,មណ្ឌលសុខភាព ចំនួន ៣អគារ រួមមាន៖ អគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅចំនួន ១ខ្នង កម្ពស់២ជាន់ មាន ២០បន្ទប់។ រៀបចំប្រព័ន្ធទឹក អគ្គិសនី សេវាទូរស័ព្ទនិងសេវាអ៉ីន ធើណេត។តាមការវាយតម្លៃគម្រោងភូមិធម្មជាតិរុនតាឯកនឹងក្លាយទៅជាភូមិអេកូទេសចរណ៍និងជាទីប្រជុំជនថ្មីមួយបន្ថែមស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀម រាបថ្មីគ្រោងនឹងសាងសង់រួចរាល់និងចាប់ដំណើរការនៅឆ្នាំ២០២៣ខាងមុខនេះ ។

ភូមិអភិវឌ្ឍន៍រុនតាឯក ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តសៀមរាប ។ ស្ថានភាពភូមិសាស្រ្តនៅទីនោះពិតជាមានសក្តានុពលសម្រាប់អនា គតពីព្រោះតែនៅជុំវិញទីនោះមិនឆ្ងាយប៉ុន្មានសុទ្ធតែជាកន្លែងដែលអាចទាក់ទងនិងការរកចំណូលសេដ្ឋកិច្ច សម្រាប់គ្រួសារបានដូចជានៅប៉ែកខាងកើតមិនឆ្ងាយ ប៉ុន្មានគឺជារមណីយទេសចរណ៍ធម្មជាតិបឹងត្រាវកុដិ និង តំបន់ព្រលានយន្តហោះអន្តរជាតិថ្មី នាទឹកដីឃុំតាយ៉ែកស្រុកសូទ្រនិគម ។ចំណែកនៅប៉ែកខាងជើងមិនឆ្ងាយ ប៉ុន្មានគឺជាតំបន់ទេចរណ៍ភ្នំគូលែនហើយនៅជុំវិញតំបន់រុនតាឯកទាំងមូលគឺសុទ្ធតែជាតំបន់បៃតងតំបន់កសិកម្មដែលអាចធ្វើឱ្យអ្នកចូលចិត្តដាំដុះនិងចិញ្ចឹមសត្វគឺ មានភាពងាយស្រួលចំណែកឯអ្នកចង់ប្រកបរបររកស៊ីក៏អាចរកចំណូលបានក្នុងទីប្រជុំជនថ្មីហើយអ្នកដែលចង់បំរើសេវាកម្មទេសចរណ៍ក៏មានសក្តានុពលយ៉ាងច្រើនលើ មុខរបរ Home stay ដែរ ។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីសបា្តហ៍មុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាលជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តសៀមរាបរៀប ចំអភិវឌ្ឍតំបន់រុនតាឯកទៅជាភូមិធម្មជាតិរុនតាឯក ដែលជាទីតាំងបន្តមរតកពីសម្ដេច វិបុលបញ្ញា សុខ អាន ឱ្យក្លាយជាទីក្រុង រណបថ្មីសម្រាប់ការផ្លាស់ទីលំនៅរបស់ ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដោយរៀបចំកសាង ឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗរួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យសេវាទឹកស្អាត និងអគ្គិ សនី ជាដើម ។

គួររំលឹកថាតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត បុរាណវត្ថុវិទ្យានិងវប្បធម៌អង្គរត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅទីក្រុងសាន់តាហ្វេសហរដ្ឋអាមេ រិកនាថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២ដោយកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលនិងសេចក្តីអំពាវនាវរបស់ព្រះបរមរតនកោដ្ឋព្រះបាទនរោត្តមសីហនុក្នុងឆ្នាំ១៩៨៩ ។ ក្រោយពីព្រះបរមរតនកោដ្ឋបានផ្ញើព្រះរាជសារផ្លូវការចុះថ្ងៃទី១០ខែកញ្ញា ឆ្នាំ១៩៩១ស្នើសុំអង្គការយូណេស្កូឱ្យខិតខំ ជួយសម្របសម្រួលជាអន្តរជាតិដើម្បីសង្គ្រោះនិង បញ្ចូល រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ដើម្បីសម្រេចកិច្ចការនេះព្រះអង្គទ្រង់ត្រាស់បង្គាប់ឱ្យប្រទេសកម្ពុជាចូលជាសមាជិកនៃអនុសញ្ញាឆ្នាំ ១៩៧២ស្តីពី កិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិ និងចាប់ផ្តើមរៀបចំឯកសារស្នើសុំចុះបញ្ជី។ នៅអំឡុងពេលនោះ អង្គការយូណេស្កូ បានចុះរមណីយដ្ឋានអង្គរទៅ ក្នុងបញ្ជីបេតិ កភណ្ឌពិភពលោកដោយប្រឈមនឹងគ្រោះថ្នាក់ដែលតម្រូវឱ្យរាជរដ្ឋាភិបាលបំពេញលក្ខខណ្ឌចាំបាច់មួយចំនួន។នៅក្នុងស្មារតីដោះស្រាយបញ្ហាបន្ទាន់ទាំងអស់នេះនិងប្រកបដោយប្រសិទ្ធភាពរាជរដ្ឋាភិបាលបានព្យា យាមបំពេញលក្ខខណ្ឌទាមទារទាំងអស់នោះតាមរយៈការបង្កើតលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបង្កើតយន្តការអន្តរជាតិដើម្បី សម្របសម្រួលកិច្ចគាំពារការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាពហៅកាត់ថាអាយស៊ីស៊ីអង្គរ (ICC Angkor)នៅឆ្នាំ១៩៩៣ដើម្បីកំណត់តំបន់ការពារ និងតំបន់ទ្រនាប់ទាំង៥ នៅឆ្នាំ១៩៩៤ ព្រមទាំងបង្កើតស្ថាប័នជាតិគ្រប់គ្រងហៅថាអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ១៩៩៥៕