ដោយៈបូព៌ព្រឹក្ស,សុផល/ភ្នំពេញ៖ក្រសួងទេសចរណ៍បានប្រកាសឱ្យដឹងនៅថ្ងៃចន្ទទី១២ខែកញ្ញាឆ្នាំ២០២២នេះចំនួនភ្ញៀវ​​ទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១០-១១ខែកញ្ញាគឺមានចំនួន២០៣.៩២១នាក់ ។ក្នុងនោះភ្ញៀវជាតិ១៨៥៤០៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១៨.៥១៥នាក់។

ប្រភពដដែលបានបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ខេត្តព្រះសីហនុចំនួន ២៧.៥៩៤នាក់,ខេត្តកំពត​ ២៣.៣២៤នាក់,ខេត្តសៀមរាប ២៣.១៦៩នាក់,ខេត្តបាត់ដំបង ១៧.៥៧០នាក់,រាជធានីភ្នំពេញ ១៦.៤៧២នាក់, ខេត្តកែប ១២.៣៥៧នាក់,ខេត្តកំពង់ចាម ១១.១៩០នាក់និង ខេត្តកំពង់ស្ពឺ ១០.៩៥៧នាក់។

ក្រសួងទេសចរណ៍បានកត់សម្គាល់ថា តួលេខខាងលើមានការកើនឡើងបន្តិចបើធៀបនឹងសប្តាហ៍កន្លងមកជាមួយកំណើនប្រមាណ០,៦៣ភាគរយ។

ដោយឡែកនាឱកាសព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញ ២០២២ កាលពីថ្ងៃទី៧ ខែកញ្ញាកន្លងទៅថ្មីៗនេះកម្ពុជាបានទទួលរង្វាន់«ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី២០២២ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី២០២២» ដែលផ្តល់ជូនពីស្ថាប័ន World Travel Awards ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស។

ទន្ទឹមនេះតាមការព្យាករណ៍ចុងក្រោយក្នុងឆ្នាំ២០២២នេះបានបង្ហាញនូវក្តីរំពឹងថាកម្ពុជាអាចនឹងទទួលបានទេសចរ​អន្តរជាតិចាប់ពី១,៥លាននាក់ទៅពីរលាននាក់ខណៈត្រឹមរយៈពេលប្រាំបីខែឆ្នាំនេះ ទេសចរអន្តរជាតិចូលមក កម្ពុជាមានជិតមួយលាននាក់ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលថ្ងៃទី៩ ខែកញ្ញាកន្លងទៅ។

លោករដ្ឋមន្ត្រីក្រសួងទេសចណ៍បានបញ្ជាក់ថា ក្នុងរយៈពេលចាប់ពីខែមករា មកដល់ខែសីហាឆ្នាំ២០២២ទេសចរ អន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុប៩៩៨.២៧២នាក់ពោលគឺកើនឡើង៧២០ភាគរយបើធៀបរយៈពេល
ដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ ក្នុងនោះផ្លូវអាកាស ៣៩៦.៥៩១នាក់កើនឡើង ៥៩៥ភាគរយ និងផ្លូវគោក-ទឹក ៦០១.៦៨១នាក់ កើនឡើង ៨៣១ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លោករដ្ឋមន្រ្តីបន្តថា ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ មានមកពី ប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ៕សរន