ដោយ :សុផល/ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួប ពិភាក្សាការងារទ្វេភាគីជាមួយ លោក វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាមកាលរសៀលថ្ងៃទី១២ ខែកញ្ញាម្សិលមិញនៅក្នុងឱកាសដែល សម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម។

ប្រភពពីមន្រ្តីក្រុមការងារនៃរដ្ឋសភាបានឱ្យដឹងថា ក្នុងឱកាសនោះសម្តេចចក្រីប្រធានរដ្ឋសភា និង លោក វឿន ឌិញហ្វេបានសម្តែងក្តីសោមនស្សយ៉ាងក្រៃលែងដោយសង្កេតឃើញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់នៅលើគ្រប់វិស័យដែលនៅក្នុងឱកាសនេះប្រទេសទំាងពីរបានកំពុងអបអរសាទរខួប៥៥ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងប្រទេសកម្ពុជា-វៀតណាម។

សម្តេចចក្រី ហេង សំរិន និងលោក វឿន ឌិញហ្វេ ក៏បានឯកភាពគ្នាបន្តជំរុញអនុវត្តនូវកិច្ចព្រមព្រៀងដែលរដ្ឋសភា ទាំងពីរបានឯកភាពគ្នាកន្លងមកឱ្យកាន់មានប្រសិទ្ធភាពខ្ពស់និងពិនិត្យលទ្ធភាពបន្ថែមដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា និងពិនិត្យកែសម្រួលកិច្ចព្រមព្រៀង ដែលមានស្រាប់ ឱ្យកាន់តែមានភាពឆ្លើយតបខ្ពស់ជាងមុន ទៅនឹងស្ថានភាពជាក់ស្តែង។

ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភាស្នើភាគីរដ្ឋសភាវៀតណាម បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់រដ្ឋសភាកម្ពុជាបន្តទៀតនិងជួយជំរុញការចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យាវិស័យកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារ នៅតំបន់មេគង្គ ប្រែក្លាយតំបន់នេះ ជាជង្រុកសន្តិសុខស្បៀងតំបន់ និង ពិភពលោកដែលនឹងរួមចំណែកដល់សកម្មភាពមនុស្សធម៌ផងដែរ។សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរដ្ឋនិងប្រជាជនវៀតណាមដែលបានផ្តល់ជំនួយឥតសំណងក្នុងការសាងសង់អគាររដ្ឋបាលថ្មីជូនរដ្ឋសភាកម្ពុជាដែលមកដល់ពេលនេះការសាងសង់អគាររដ្ឋបាលថ្មីនេះកំពុងដំណើរការយ៉ាងមមាញឹកដែលអាចសាងសង់រួចរាល់នៅដើមឆ្នាំ២០២៤ខាងមុខ។

សម្តេចប្រធានរដ្ឋសភា ក៏បានអញ្ជើញប្រធានរដ្ឋសភាវៀតណាម ដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលសមស្របខាងមុខនិងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ចូលរួមកិច្ចប្រជុំទល់មុខគ្នាជាមួយប្រមុខដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទំាងអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួប ពិភាក្សាការងារទ្វេភាគីជាមួយ លោក វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម នៅវិមានរដ្ឋសភា​វៀតណាម​​កាលរសៀលថ្ងៃទី១២ ខែកញ្ញាម្សិលមិញ(រូបថតរដ្ឋសភា)

លោក វឿន ឌិញហ្វេបានឯកភាពប្រសាសន៍សម្តេចប្រធានរដ្ឋសភានិងបានសន្យាថាលោកនឹងដឹកនាំគណៈប្រតិភូ
មកបំពេញទស្សនកិច្ចនៅកម្ពុជាស្របពេលដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣។លោកប្រធានរដ្ឋសភាបានមានប្រសាសន៍បញ្ជាក់ថាវៀតណាមនឹងគំាទ្រនិងជូនពរដល់ប្រទេសកម្ពុជានៅក្នុងតួនាទីប្រធានអាស៊ាន និងអាយប៉ា នៅឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ។

ប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឱ្យរដ្ឋសភាប្រទេសទំាងពីរជំរុញវិស័យពាណិជ្ជកម្មនិងទំនាក់ទំនងប្រជាជននិងប្រជាជនឱ្យកាន់តែរីកចម្រើនថែមទៀត៕សរន