ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ មេធាវីបាននិយាយថាតុលាការថៃបានកាត់ទោសសកម្មជននយោបាយម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកាលពីថ្ងៃចន្ទទី១២កញ្ញាពីបទប្រមាថព្រះមហាក្សត្រិយ៍ បន្ទាប់ពីសកម្មជនរូបនោះត្រូវបានវិនិច្ឆ័យឃើញថាបានស្លៀកពាក់ជាម្ចាស់ក្សត្រិយ៍ស៊ូធីតា (Suthida) ក្នុងអំឡុងពេលតវ៉ាតាមដងផ្លូវដែលតុលាការបានកាត់សេចក្តីថាជាការចម្អកឱ្យគ្រួសាររាជវង្ស។
វាជាបទល្មើសនៅក្នុងប្រទេសថៃក្នុងការបង្ខូចកេរ្តិ៍ឈ្មោះ ឬ ប្រមាថព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៍ រជ្ជទាយាទ ឬ រាជានុសិទ្ធិ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំក្រោមច្បាប់មួយក្នុងចំណោមច្បាប់ស្តីពី “ការប្រមាថព្រះមហាក្សត្រ” ដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក។
យោងតាមមេធាវីរបស់នាង គឺលោក គ្រីសាដាង នុតឆារ៉ាត់ (Krisadang Nutcharat) បានឱ្យដឹងថា នាង ចាក់តុផន “ញូវ” សែអឿង (Jatuporn “New” Saeoueng) អាយុ ២៥ ឆ្នាំត្រូវបានរកឃើញថាមានពិរុទ្ធពីបទចម្អកឱ្យរាជានិយមដោយចេតនាដោយសកម្មភាពរបស់នាងក្នុងអំឡុងការតវ៉ាតាមដងផ្លូវនៅទីក្រុងបាងកកក្នុងឆ្នាំ ២០២០។
នាងគឺជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជនយ៉ាងហោចណាស់ ២១០ នាក់ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះទាក់ទងនឹងការតវ៉ាទាមទារឱ្យមានកំណែទម្រង់របបរាជានិយមដ៏មានឥទ្ធិពល នេះបើយោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស ដែលតាមដានករណីបែបនេះដោយប្រើកំណត់ត្រារបស់ប៉ូលិសនិងតុលាការ។
រាជវាំង ដែលតែងបដិសេធម្តងហើយម្តងទៀតជុំវិញការតវ៉ាបែបនោះ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីថ្ងៃចន្ទ៕
នាងចាក់តុផនគឺជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជនយ៉ាងហោចណាស់ ២១០ នាក់ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ក្នុងរូប គឺពួករាជានិយមថៃចេញមកតតាំងនឹងចលនាទាមទារកែទំរង់របបរាជានិយមវ័យចំណាស់របស់ថៃ