ដោយៈ សុខុម / ស្ទឹងត្រែងៈ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត បង្ក្រាប​រថយន្ត​កែច្នៃ ដឹក​សម្ភារ​ខួងអណ្ដូង ដែល​លួច​បង្កប់​ឈើ​ខុសច្បាប់ មួយគ្រឿង កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ នៅត្រង់ចំណុច​ចុង​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ស្ថិតក្នុង​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ឈើ​ដែល​ដកហូត​បាន​នៅលើ​រថយន្ត​នោះ គឺជា​ឈើ​អារ​ប្រណិត (​តា​ត្រាវ​) ចំនួន​សន្លឹក​៤២ សន្លឹក​/​ដុំ ស្មើនឹង ៤,៧៧៤ ម៉ែត្រគូប​។ រថយន្ត​បង្កប់​ឈើ ម៉ាក​កា​ម៉ាស​កែច្នៃ គ្មាន​ស្លាក​លេខ លួចលាក់​ដាក់​ក្នុង​រថយន្ត ដោយ​ផ្សារ​ដែក បិទ​គម្រប តាម​បណ្តា​ទ្រុង និង​ផ្សារ​ឃ្លុប​បិទ​ជិត​ជាប់​ការ​ប៊ី​ន ផ្សារ​ទ្រនាប់​ផ្នែក​ខាងក្រោម ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច មើលទៅ​ហាក់បីដូចជា​ការដឹក​គ្រឿង​ខួងអណ្តូង​។​

​សមត្ថកិច្ច ឃាត់​ជនសង្ស័យ​មួយ​នាក់ ឈ្មោះ លី ទី ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ហើយ​ក្រោយពី ឃាត់ខ្លួន​សាកសួរ​រួច ក៏បាន​ដោះលែង​វិញ​។ ចំពោះ​វត្ថុតាង ជា​ឈើ​ល្មើស ខាងលើ ត្រូវបាន​យកមក​រក្សាទុក​បណ្តោះអាសន្ន នៅ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។ ដោយឡែក រថយន្ត ត្រូវបាន​រក្សាទុក នៅក្នុង​ទីបញ្ជាការ​ខេត្ត​៕/V​