ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​សូម​អំពាវនាវ ដល់​សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ស្តីពី​ការបង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២​។​

​នៅក្នុង​សេចក្ដីអំពាវនាវ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ នោះ បានលើកឡើង​ថាៈ ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​បាន និង​កំពុងដំណើរការ​យ៉ាងសកម្ម លើ​គ្រប់​វិស័យ តាម​គន្លង​ប្រក្រតីភាព​ថ្មី បន្ទាប់ពី​ការឆ្លង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល បន្ទាប់ពី​បាន​រាជរដ្ឋាភិបាល បានប្រកាស​បើក​ដំណើរការ​ប្រទេស ឡើងវិញ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ឃើញថា គ្រោះថ្នាក់​ចរាចរណ៍ ផ្លូវគោក ហាក់​មាន និន្នាការ​កើនឡើង គួរឱ្យ​ព្រួយបារម្ភ ស្របពេល​ដែល​យើង នឹង​ប្រារព្ធ ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខនេះ គណៈកម្មាធិការ​ជាតិ សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក សូម​អំពាវនាវ ដល់​សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បន្ថែម​ពីលើ​ការអនុវត្ត វិធានការ “ ៣ ការពារ និង ៣ កុំ ” ព្រម​ជាមួយនឹង​វិធានការ សុខាភិបាល ផ្សេងទៀត សំដៅ​បង្ការ និង​ទប់ស្កាត់ ការ​រាតត្បាត នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ សូមមេត្តា​ខិតខំ​យកចិត្តទុកដាក់ ដើម្បី​បង្ការ និង​ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក តាម​វិធានការ ដូចខាងក្រោម​៖

១-​អ្នកបើកបរ ត្រូវ​បន្ថយល្បឿន​បើកបរ​របស់ខ្លួន ទៅតាម​ច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវ​គ្រលុក ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំណោត ផ្លូវ​ចង្អៀត ឬ​ផ្លូវ​រអិល​។​ល​។ មូលហេតុ​ចម្បង ដែល​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការបើកបរ​លើស​ល្បឿន​កំណត់​។​

២-​អ្នកបើកបរ ត្រូវគោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ ដោយ​ត្រូវ​បន្ថយល្បឿន​នៅពេល​ជិត​ដល់​ផ្លូវ​ប្រសព្វ និង​ត្រូវ​ទុក​សិទ្ធិ ឱ្យ​អ្នកបើកបរ ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវធំ និង​ត្រង់​ទៅមុន​។​

៣-​អ្នកបើកបរ មុននឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា ផ្លូវ​ខាងមុខ​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព ចៀសវាង ការ​វ៉ា​ជែង ដោយ​ប្រថុយប្រថាន ដែល​អាច​បង្កឱ្យមាន គ្រោះថ្នាក់​ចរាចរណ៍ ជាយថាហេតុ​។​

៤-​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹកទំនិញ សូមកុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ លើស​ច្បាប់​កំណត់ ជាពិសេស​រថយន្ត​ដឹក​អ្នកដំណើរ មិនត្រូវ​ផ្ទុក​មនុស្ស នៅលើ​ដំបូល និង​មិនត្រូវ​តម្លើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​ទេ​។​

៥-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​រប​ស់​ខ្លួន មុន​ពេលធ្វើ​ចរាចរណ៍​។​

៦-​អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ សូម​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ ជាប់​ជាប្រចាំ​។​

៧-​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ គ្រប់ៗ​គ្នា ទោះ​ធ្វើដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា​។ ត្រូវ​ចងចាំ​ជានិច្ច​ថា “ មួកសុវត្ថិភាព​មួយ ជួយ​ការពារ​ជីវិត​បាន​ម្នាក់ ” ។​

៨-​មិនត្រូវ​បើកបរ នៅពេល​ងោកងុយ ឬ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ឬ​សារធាតុ​ញៀន និង​សូម​ចងចាំ​ជានិច្ច​នូវ​ពាក្យស្លោក “ បើ​ពិសា​គ្រឿង​ស្រវឹង កុំ​បើកបរ ” ។ ស្ថានភាព​ស្រវឹង នឹង​បង្ក​ឱ្យ​អ្នកបើកបរ បាត់​ការចងចាំ វង្វេងស្មារតី មិនអាច​បញ្ជា​យាន បាន​ដោយ​សុវត្ថិភាព ងាយ​ប្រឈម​នឹង​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ការ បុក​ប៉ះ​។​

៩-​នៅពេល​បើកបរ ត្រូវ​ប្រកាន់ខ្ជាប់ នូវ​សុជីវធម៌ សីលធម៌ និង​ការ​អធ្យាស្រ័យ​គ្នា ទៅវិញទៅមក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ឬ​សម្រួល​ស្ថានភាព​កកស្ទះ​ចរាចរណ៍​។ សូម​ចងចាំ​ជានិច្ច នូវ​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន គ្រោះថ្នាក់​ចរាចរណ៍ ” ។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សម្តែង​នូវ​សេចក្តីសង្ឃឹម និង​ជឿទុកចិត្ត​លើ ស្មារតី​ប្រុងប្រយ័ត្ន​របស់​សាធារណជន ក្នុងការ​អនុវត្ត​សេចក្តីអំពាវនាវ នេះ ដើម្បី​នាំមក​នូវ​សុវត្ថិភាព និង​សេចក្តីសុខ​សប្បាយ រីករាយ​ជាមួយ​ក្រុមគ្រួសារ ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ កុំឱ្យ​ថ្ងៃ​សប្បាយ ក្លាយជា​ថ្ងៃ​កើតទុក្ខ​៕/V