​ប្រែ​សម្រួល : កញ្ញាដាលី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុម​ប្រទេស G-7​កំពុង​ធ្វើការ​ដើម្បី​កំណត់​តម្លៃ​ប្រេង​របស់​រុស្ស៊ី​ក្នុង​ការប៉ុនប៉ង​រឹតត្បិត​លទ្ធភាព​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​ការផ្តល់​មូលនិធិ​ដល់​​ការ​ឈ្លាន​​ពាន​អ៊ុ​យក្រែន ជា​ផែនការ​មួយ​ដែល​អ្នកវិភាគ​និយាយថា​អាច​ដំណើរការ​ក្នុង​រយៈពេល​វែង ប៉ុន្តែ​អាច​ជំរុញ​តម្លៃ​ប្រេង​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​។​

​ក្រុម​មន្ត្រី​នៅ​ក្នុង G-7 រួមមាន​ទាំង​រដ្ឋមន្ត្រី​ក្រសួង​រត​នាគារ​អាម៉េរិក​លោកស្រី ចា​ណេត យែ​ឡិន (Janet Yellen) បាន​និយាយថា វិធានការ​មិន​ធ្លាប់​មាន​ពីមុន​មក​ដែល​គ្រោង​នឹង​ចាប់ផ្តើម​​នៅ​ថ្ងៃទី ៥ ខែ​ធ្នូ នឹង​កាត់បន្ថយ​តម្លៃ ដែល​រុស្ស៊ី​ទទួល​បាន​សម្រាប់​ប្រេង ដោយ​មិន​កាត់បន្ថយ​ការនាំចេញ​ប្រេង​ទៅកាន់​អ្នកប្រើប្រាស់​ពិភពលោក​នោះទេ​។​

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អាច​នឹង​ត​តប​វិញ ដោយ​បង្ក​ឱ្យមាន​ភាព​តានតឹង​នៅក្នុង​ទីផ្សារ​ប្រេង ទោះបីជា​ផែនការ​នេះ​ធ្វើ​ទៅ​មុខ​បាន​ក៏​ដោយ​។​

​ខាងក្រោម​នេះ​ជា​ព័ត៌មាន​បន្ថែម​អំពី​ការកំណត់​តម្លៃ​និង​បញ្ហា​ប្រឈម​ចេញពី​ការកំណត់​នេះ​។​

​តើ​អ្នក​ណា​ខ្លះ​ស្ថិតនៅ​ក្នុង​សម្ពន្ធ​កំណត់​តម្លៃ​?

​ប្រទេស​អ្នកមាន G-7 រួម​មាន​សហរដ្ឋ​អាម៉េរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និង​កាណាដា និង​សហភាព​អឺរ៉ុប​កំពុង​ដាក់ចេញ​ព័ត៌មាន​លម្អិត​នៃ​ផែនការ​នេះ​។ ក្រុម G-7 ចង់​ចុះបញ្ជី​ប្រទេស​ផ្សេង​ទៀត រួម​ទាំង​ឥណ្ឌា​និង​ចិន ដែល​កំពុង​ប្រញាប់ប្រញាល់​ទិញ​ប្រេង​បញ្ចុះ​តម្លៃ​យ៉ាងច្រើន​ពី​រុស្ស៊ី ចាប់តាំងពី​ការឈ្លានពាន​អ៊ុយ​ក្រែន​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នៅតែ​អាច​រក្សាបាន​នូវ​ប្រាក់ចំណូល​របស់​ខ្លួន​តា​មរយៈ​ការបង្កើន​ការលក់​ប្រេង​ឆៅ​ទៅកាន់​ប្រទេស​ឥណ្ឌា​និង​ចិន​។​ប៉ុន្តែ​ទោះបីជា​ឥណ្ឌា​និង​ចិន​មិន​ចូលរួម​ក៏​ដោយ ក៏​ការកំណត់​​តម្លៃ​នេះ​អាច​ជួយ​បង្ខំ​ឱ្យ​តម្លៃ​សម្រាប់​អាស៊ី​និង​អ្នកប្រើប្រាស់​ដទៃទៀត​ធ្លាក់ចុះ​ដែរ​។ អនុ​រដ្ឋមន្ត្រីក្រសួងរ​ត​នាគារ​អាម៉េរិក​ទទួល​បន្ទុក​គោលនយោបាយ​សេដ្ឋកិច្ច លោក បិ​ន ហារី​ស (Ben Harris) បាន​និយាយ​កាលពី​ថ្ងៃទី ៩ ខែកញ្ញា​ថា ប្រសិនបើ​ចិន​ចរចា​ដាច់ដោយឡែក​ពីគ្នា​នូវ​ការបញ្ចុះ​តម្លៃ​ពី ៣០ ភាគរយ​ទៅ ៤០ ភាគរយ​លើ​ប្រេង​រុស្ស៊ី​ដោយសារតែ​ការ​កំណត់​តម្លៃ​នេះ​”​យើង​ចាត់ទុក​​ថា​ជា​ការ​ឈ្នះ​ហើយ​”​។​

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ចេញ​ការណែនាំ​កាលពី​ថ្ងៃ​សុក្រ​ថា ការឯកភាព​គ្នា​លើ​ការកំណត់​តម្លៃ​នឹងត្រូវ​សម្រេចបាន​ដោយ​មាន​ជំនួយ​ពី “​អ្នកសម្របសម្រួល​ឈានមុខ​ប្តូរ​វេន​”​ដោយ​លើកឡើង​​ថា​ប្រទេស​នៅក្នុង​សម្ពន្ធ​នេះ​នឹង​មាន​តួនាទី​ដឹកនាំ​បណ្តោះអាសន្ន​នៅ​ពេល​ដែល​ផែនការ​ដំណើរការ​ទៅមុខ​៕

រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នៅតែ​អាច​រក្សាបាន​នូវ​ប្រាក់ចំណូល​របស់​ខ្លួន​តា​មរយៈ​ការបង្កើន​ការលក់​ប្រេង​ឆៅ​ទៅកាន់​ប្រទេស​ឥណ្ឌា​និង​ចិន ។​ប្រធានាធិបតី​រុស្ស៊ី​កន្លង​មក​ព្រមាន​ឈប់​លក់​ប្រេង​អោយ​ប្រទេស​​ណា​ដែល​ចូលរួម​ក្នុង​ផែនការ​កណ​ត់ថ្លៃ​ថាមពល​របស់​ខ្លួន​នេះ​