ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹង ស្តីអំពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២ថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលនៅក្នុងសប្តាហ៌នេះ នឹងរំកិលចុះឡើង នៅចន្លោះពីភាគខាងជើង ប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ ឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ តំបន់ខ្លះអាចមានភ្លៀងច្រើនលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពី តិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ តំបន់ខ្លះ អាចមានភ្លៀងច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
យោងតាមស្ថានភាពធាតុអាកាស ដូចខាងលើ ក្រសួងធនធានទឹកនិងឧតុនិយម សូមអាជ្ញាធរដែនដី និងសាធារណជន ជ្រាបជាព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្ន ចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើន កន្លងមក និងភ្លៀងជាបន្តបន្ទាប់ បន្ថែមផ្ទួនៗ៕ V / N