ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជាក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ
នៃ​​កម្ពុជា​​ បានរៀបចំពិធីចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬចៃកា(JICA)ស្តីពី«ការលើកកម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវ វិភាគសេដ្ឋកិច្ច និងប្រតិបត្តិការរូបិយវត្ថុ»។

គម្រោងដែលត្រូវបានចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ បច្ចេកទេសដែលមានរយៈពេលបីឆ្នាំ(២០២៣-២០២៥)។គម្រោងនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាព
នៃការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជាតាមរយៈការធ្វើឱ្យប្រសើរឡើងនៃប្រតិបត្តិការទីផ្សាររូបិយវត្ថុអន្តរធនាគារនិងពង្រឹងទំនាក់ទំនងជាមួយសាធារណជនដើម្បីលើកកម្ពស់ការយល់ដឹងពីការអនុវត្តនយោបាយរូបិយវត្ថុ។
ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការ បច្ចេកទេស ក៏នឹងជួយបង្កើនសមត្ថភាពធនធានមនុស្សរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុនៅកម្ពុជាស្របពេលដែលគម្រោងបច្ចេទេសនេះនឹងរួមចំណែកអភិវឌ្ឍយន្តការ និង ក្របខណ្ឌនយោបាយរូបិយវត្ថុ សំដៅគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនៃការសម្រចចិត្តផ្នែក គោលនយោបាយ ។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាសូមវាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់ចៃកាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងជាពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកន្លងមក ដែលបាន រួមចំណែកអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕សរន

ធនាគារជាតិនៃកម្ពុជាក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាលើ​គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬចៃកា(JICA)ស្តីពី«ការលើកកម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវ វិភាគសេដ្ឋកិច្ច និងប្រតិបត្តិការរូបិយវត្ថុ»(រូបថតធនាគារជាតិនៃកម្ពុជា)