ដោយៈ​សុផល / ភ្នំពេញ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ បានអនុញ្ញាត ឱ្យ​លោក Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ ក្វា​តេ​ម៉ា​ឡា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ជូន​សារតាំង នៅ​វិមាន​ព្រឹទ្ធសភា​។​

រូបថត : សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​ក្នុង​ព្រះបរមនាម ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​អំណរ​សាទរ​ស្វាគមន៍ ចំពោះ​លោក Carlos Humberto Jiménez Licona ត្រូវបាន​លោក ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ក្វា​តេ​ម៉ា​ឡា តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ក្វា​តេ​ម៉ា​ឡា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​ឱកាស​នោះ លោក Carlos Humberto Jiménez Licona បាន​សម្តែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហ ប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ រវាង​ប្រទេស​ទាំងពីរ​។ លោក​មានជំនឿថា តាមរយៈ​បេសកកម្ម ការទូត របស់លោក នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក​នឹង​ខិតខំ​រួមចំណែក​ពង្រឹងពង្រីក ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​វប្បធម៌ និង​វិស័យ​ពាណិជ្ជកម្ម ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដោយសារតែ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ នៅមានកម្រិត​ទាប​នៅឡើយ​។ ជាមួយគ្នានេះ ប្រទេស​កម្ពុជា ជា​ប្រទេស​ដែលមាន​វប្បធម៌ សម្បូរបែប ជាពិសេស​រមណី​ដ្ឋា​ន​អង្គរ និង​តំបន់​ទេសចរណ៍​ជាច្រើន​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថាៈ លោក​នឹង​ខិតខំ​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​សាធារណរដ្ឋ​ក្វា​តេ​ម៉ា​ឡា ជាមួយ​តំបន់​អាស៊ាន ឲ្យ​កាន់​ប្រសើរឡើង​ថែមទៀត ពីព្រោះ​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​សក្តានុពល ក្នុងការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។​

​ក្នុងឱកាស​នោះដែរ លោក​ឯកអគ្គរដ្ឋទូត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ប្រកបដោយ ក្តី​នឹករលឹក​ពី​លោក​ប្រធានាធិបតី នៃ​សាធារណរដ្ឋ ក្វា​តេ​ម៉ា​ឡា ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ ដោយ​សេចក្តី​រីករាយ ចំពោះ​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ដែលមាន​ការរីកចម្រើន ជា​បន្តបន្ទាប់​។ សម្តេច​មាន​ជំនឿ​ជឿជាក់ថា ក្នុងឋានៈ លោក​ជា​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ ក្វា​តេ​ម៉ា​ឡា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក​នឹង​បន្ត​ខិតខំ​ថែរក្សា​ប្រពៃណី​ដ៏​ល្អ នៃ​ចំណងមិត្តភាព និង​សហប្រតិបត្តិការ រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ដែលមាន​ទំនាក់ទំនង ជា​យូរលង់​ណាស់​មកហើយ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​គូសបញ្ជាក់ថាៈ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ ដ៏​ជិតស្និទ្ធ​ជាមួយនឹង​លោក​ឯកអគ្គរដ្ឋទូត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​លើកកម្ពស់ ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ នាំមក​នូវ​ផលប្រយោជន៍ ដ៏​ធំធេង​ទៅវិញទៅមក សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

​តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ សេចក្តី​នឹករលឹក អំពី​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ថ្នាក់ដឹកនាំ​កំពូល​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោក ប្រធានាធិបតី និង​ថ្នាក់ដឹកនាំ​កំពូល គ្រប់លំដាប់​ថ្នាក់ នៃ​សាធារណរដ្ឋ​ក្វា​តេ​ម៉ា​ឡា​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ប្រសិទ្ធពរ​ជូន​លោក​ឯកអគ្គរដ្ឋទូត សូម​មាន​សុខ​ភាពល្អ និង​ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​ការទូត ដ៏​ឧត្តុង្គឧត្តម​នេះ​៕ V / N