ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ ប្រកបដោយ​សុវត្ថិភាព រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៦ និង​ដាក់​បំពង់​លូ ដែល​ស្ថិត ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ ដើម្បី​បម្រើ​ដល់​ការចូលរួម ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​អាច​បណ្តាលឱ្យមាន​ការរំខាន ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់ និង​កំពុង​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ ។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ២០២២ នេះ​ថាៈ ការងារ​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ និង​ដាក់​ប្រព័ន្ធ​លូ នៅ​ផ្លូវជាតិ​លេខ​៦ នឹង​ដំណើរការ​ក្នុង​សប្ដាហ៍​នេះ ចន្លោះ​ពីថ្ងៃ​ទី​១៣ ទៅ ១៤ ឬ ១៥ កញ្ញា​នេះ តទៅ ដូច្នេះ​បងប្អូន​ដែល​ធ្វើដំណើរ​តាមផ្លូវ​ខាងលើ ដើម្បី​ជៀសវៀង​ការស្ទះ​ចរាចរណ៍ ត្រូវ​ទៅតាម​ផ្លូវ​វាង​។​

​នៅក្នុង​សេចក្តីជូនដំណឹង ចេញ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ និង​ធ្វើ​ចរាចរណ៍ ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ផ្លូវជាតិ​លេខ​៦ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ សូមមេត្តា​យោគយល់​អធ្យាស្រ័យ ចំពោះ​ការរំខាន ក្នុង​ដំណើរការ​ការដ្ឋាន​នេះ​៕ V / N