ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ អានុពង់ ផាវចិន្តា រដ្ឋមន្ត្រីមហាផ្ទៃថៃបានចេញមកអះអាងថាស្ថានភាពទឹកជំនន់ស្ថិតក្រោមការគ្រប់គ្រងចំពេលមានការព្រួយបារម្ភខ្លាចក្រែងទឹកលិចទីក្រុងបាងកកនិងផ្នែកជាច្រើននៃប្រទេស។លោកថាអាងស្តុកទឹកសំខាន់ៗក្នុងប្រទេសនៅមានសមត្ថភាពទទួលទឹកបាននៅឡើយទេ។
លោកបានប្រាប់សម័យប្រជុំព្រឹទ្ធសភាកាលពីថ្ងៃចន្ទថា ទោះជាព្យុះមួយពីរប្រុងនឹងចូលមកដល់នៅឆ្នាំនេះ ទំនប់ទឹកទាំងនោះនៅមានទឹកទាបក្រោមកំរិតប្រកាសអាសន្ននៅឡើយ។
ទោះជាយ៉ាងណាបច្ចុប្បន្នមានសេចក្តីរាយការណ៍អំពីទឹកជំនន់នៅ១៣ខេត្តហើយនៅទីក្រុងបាងកក អាជ្ញាធរប្រើម៉ាស៊ីនបូមទឹកឥតឈប់ដើម្បីបញ្ចៀសទឹកហូរមកពីខេត្តធ្វើអោយលិចទីក្រុង។
ការិយាល័យប្រភពធនធានទឹកកាលពីថ្ងៃចន្ទបានព្រមានអំពីទឹកជំនន់នៅតំបន់ក្រោមខ្សែទឹកទន្លេចាវប្រាយ៉ារួមមានទីក្រុងបាងកក ដោយកំពស់ទឹកទន្លេត្រូវរំពឹងថានឹងកើន៤០ទៅ៦០សង់ទីម៉ែត្រនៅចម្លោះថ្ងៃ១៦-១៧កញ្ញា។
កាលពីម្សិល ការធ្លាក់ភ្លៀងបណ្តាលជន់លិចផ្លូវជាច្រើនក្នុងក្រុងបាងកក ដោយផ្នែកឧតុនិយមព្យាករណ៍ថាភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃអាទិត្យ៕
ទឹកភ្លៀងជន់លិចផ្លូវក្នុងក្រុងបាងកកមួយចំនួនកាលពីថ្ងៃចន្ទ