​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ ក្រុម​អ្នក​មាន​បុណ្យ Barcelona ត្រូវ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ក្រុម​ខ្លាំង​អាល្លឺម៉ង់ Bayern Munich ដែល​ធ្លាប់​លុត​ខ្លួន​រហូតដល់​ទៅ ៨-២ នៅ​ឆ្នាំ​កន្លងទៅ​។ ទន្ទឹម​នេះ​ក្រុម​ហង្ស​ក្រហម Liverpool ក៏​ត្រូវ​ឈ្នះ​លើ​ក្រុម​ភ្ញៀវ Ajax ដែរ​ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ​ក្រោយ​ចាញ់ Napoli ៤-១ ក្នុងជំនួប​ជុំ​ទី​១ ក្នុង UCL​។ ​ក្រោយ​ពី​នេះ​ក៏​មាន​៥​គូ​ទៀត​ដែរ​នឹងត្រូវ​ប៉ះ​គ្នា​យ៉ាង​កក្រើក​នៅ​លី​ក​អឺរ៉ុប​លំដាប់​កំពូល​មួយ​នេះ​។​

– Bayern Munich vs Barcelona

Bayern Munich នឹង​ស្វាគមន៍ Barcelona សម្រាប់​ការប្រកួត Uefa Champions League នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ក្រុម​ទាំង​ពីរ​នឹង​សម្លឹង​រក​ការទទួល​បាន​ពិន្ទុ​ដ៏​សំខាន់​ដើម្បី​បង្កើន​ឱកាស​ក្នុង​ការ​ឆ្លងទៅ​វគ្គ​បន្ទាប់​របស់​ពួកគេ​។​

​នេះ​ជា​ការប្រកួត​ដែល​ស៊ាំ​ភ្នែក​រួច​ទៅ​ហើយ​សម្រាប់​អ្នកគាំទ្រ​ពី​ក្រុម​ទាំងសងខាង ប៉ុន្តែ​អ្នកគាំទ្រ Barcelona គឺជា​អ្នក​ដែល​ចង់​ឃើញ​ការប្រកួត​នេះ​ជាងគេ បន្ទាប់​ពី​រង​បរាជ័យ​ទក់​សាច់​ក្រោម​ថ្វី​ដៃ Bayern ជា​ច្រើនលើក​ច្រើនសា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​បរាជ័យ ៨-២​។​

​មជ្ឈដ្ឋាន​គាំទ្រ​ទូទៅ​អាច​រំពឹងថា​នឹង​មាន​សមរភូមិ​វាលស្មៅ​ដែល​មាន​តុល្យភាព​ជាង​មុន ព្រោះ​លោក Xavi កំពុង​កសាង​ក្រុម​ឡើងវិញ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​រដូវក្តៅ​នេះ​។ Barcelona កំពុង​លេង​ល្អ​ដូច​ផ្កា ក្រោយ​ទទួល​ជ័យជម្នះ​ប្រាំ​លើ​ក​ជាប់ៗ​គ្នា​។​

​អ្វីៗ​ដំណើរការ​រលូន​សម្រាប់​លោក Xavi កាលពី​ពាក់កណ្តាល​សប្តាហ៍​មុន បន្ទាប់​ពី​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​របស់ Lewandowski បាន​ជួយ​ឱ្យ​ពួកគេ​យកឈ្នះ Plzen ៥-១ ។ បន្ទាប់មក​ពួកគេ​បាន​យក​ឈ្នះ ៤-០ លើ Cadiz​។​

​ចំណែក Bayern វិញ​មិន​បាច់​និយាយ​ទេ គឺ​លេង​ល្អ​ដូច​ផ្កា​រាល់​រដូវ​កាល​ទៅហើយ​។ ក្រុម Bayern នៅ​មិនទាន់​ស្គាល់​ចាញ់​ទេ​ក្នុង​រដូវ​កាល​នេះ ទោះបីជា​យ៉ាងណា​ក៏ដោយ ពួកគេ​បាន​ស្មើ ២ ក្នុងចំណោម ៥ លើកចុងក្រោយ​ចាប់តាំងពី​ការចាប់ផ្តើម​ជាមួយនឹង​ការ​ឈ្នះ ៤ លើ​ក​ជាប់​គ្នា​។​

​កូនក្រុម​របស់លោក Julian Nagelsmann លេង​បាន​ត្រឹម​ស្មើ ២-២ ទល់នឹង Stuttgart នៅ​ទឹកដី​ខ្លួនឯង​កាលពី​ចុង​សប្តាហ៍ ពោលគឺ​បី​ថ្ងៃ​បន្ទាប់ពី​បើក​យុទ្ធនាការ Champions League ជាមួយ​នឹង​ជ័យជម្នះ​យ៉ាងរឹងមាំ ២-០ នៅ​ទឹកដី​របស់ Inter Milan ។​

​មិន​អាច​មាន​ការ​ភ្លាត់ស្នៀត​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​សម្រាប់​ក្រុម​ទាំង​ពីរ​នោះឡើយ ពីព្រោះ Inter Milan ក៏​ស្ថិត​ក្នុង​ពូ​ល​ជាមួយ​គ្នា​ដែរ​និង​កំពុង​ព្យាយាម​បិទ​គម្លាត​ដើម្បី​ឈរ​លំដាប់​កំពូល​ទាំង​ពីរ​នៅក្នុង​ពូ​ល​។​

​គិត​ត្រឹម​៤​ប្រកួត​ចុងក្រោយ Bayern ឈ្នះ Barcelona រហូត ហើយ​ស៊ុត​ចូល ១៧ គ្រាប់ របូត ៤ គ្រាប់​។

​ផ្អែក​លើ​ប្រវត្តិ Bayern រំពឹង​ឈ្នះ​ក្នុង​លទ្ធផល​ព្យាករណ៍ ២-០​។

– Liverpool vs Ajax

​ហង្ស​ក្រហម Liverpool ចាប់ផ្តើម​មិនបាន​ល្អ​ទេ​ក្នុង​យុទ្ធនាការ Champions League របស់​ពួកគេ​នៅពេលនេះ​។ ពួកគេ​បាន​ចាញ់ ១-៤ នៅ​ក្រៅ​ទឹកដី​នៅក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ ហើយ​ភ្លាមៗ​ពួកគេ​បាន​ស្ថិតនៅ​ក្រោម​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​។ ពួក​គេ​ច្បាស់​ជា​ចង់​ឈ្នះ​ធំ​ដើម្បី​ទូទាត់​សង​បរាជ័យ​ជុំ​ទី​១ ពេល​ប៉ះ​ក្រុម​ជើងឯក​ហូ​ឡង់ Ajax យប់​នេះ​។​

​ចាប់តាំងពី Sadio Mane ចាក​ចេញ​មក ហង្ស​ក្រហម​ពិបាក​បង្កើត​ទម្រង់​ចាស់​របស់​គេ​ឡើង​វិញ​ណាស់​។ សូម្បី​តែ​កីឡាករ​ខ្លាំងៗ​ដូចជា Mohammed Salah និង Firminho ក៏​មិន​អាច​ជួយ​ស្តារ​ទម្រង់​ល្អ​សម្រាប់​លោក Jurgen Klopp ដែរ​។​

​សូម្បី​នៅក្នុង Premier League ក៏​ពួកគេ​ធ្វើ​មិន​បាន​ល្អ​ដែរ​មកទល់ពេលនេះ​។ នាពេល​បច្ចុប្បន្ន​នេះ ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី ៧ ក្នុង​តារាង ហើយ​ឈ្នះ​តែ ២ លើក​ប៉ុណ្ណោះ​មកទល់ពេលនេះ​។​

​គេ​ក៏​ត្រូវ​និយាយ​ដែរ​ថា​ក្រុម​ហង្ស​ក្រហម​ឥឡូវ​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ធ្ងន់ធ្ងរ​។ ពួកគេ​មិន​អាច​ប្រថុយ​ខ្ជះខ្ជាយ​ឱកាស​ឈ្នះ​របស់​ពួកគេ​នៅក្នុង​ក្របខ័ណ្ឌ Champions League បាន​នោះ​ទេ​។ ការ​ឈ្នះ​គឺជា​កត្តា​ចាំបាច់​សម្រាប់​ពួកគេ ហើយ​ពួកគេ​នឹង​ត្រៀម​ខ្លួន​សម្រាប់​ការប្រកួតប្រជែង​យប់​ថ្ងៃ​អង្គារ​នេះ​។​

​ពួកគេ​មាន​សង្ឃឹម​ខ្ពស់​ព្រោះ​ពួកគេ​នឹង​លេង​នៅ​ចំពោះមុខ​ហ្វូង​អ្នកគាំទ្រ​ក្នុងផ្ទះ​ខ្លួនឯង ហើយ​ត្រូវ​ប្រឈមមុខ​នឹង​គូប្រជែង​ដែល​មក​ពី​ខាងក្រៅ​លី​ក​កំពូល​ទាំង ៥ របស់​អឺរ៉ុប​។​

​លើសពីនេះ ហង្ស​ក្រហម​ក៏​មាន​កំណត់ត្រា​ល្អ​លេចធ្លោ​ទល់នឹង Ajax ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ផងដែរ​។​

​តាមមើលទៅ Liverpool គួរតែ​ទទួល​បាន​ជ័យជម្នះ​ដែល​ត្រូវការ​ចាំបាច់​បំផុត​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​កីឡដ្ឋាន Anfield ។

​លទ្ធផល​ព្យាករណ៍ Liverpool ឈ្នះ ៣-១៕

Bayern នៅតែ​រំពឹង​ឈ្នះ ទោះបី Barcelona កំពុង​លេង​ល្អ