​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មេបញ្ជាការ​យោធា​កំពូល​ម្នាក់​បាន​និយាយថា អ៊ីរ៉ង់​បាន​បង្កើ​តដ្រូន​អត្តឃាត​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​រចនា​ឡើង​ដើម្បី​វាយប្រហារ​ទីក្រុង​តែ​ល​អា​វី​វ (Tel Aviv) និង​ក្រុង​ហៃ​ហ្វា (Haifa) របស់​អ៊ីស្រាអែល​។​

​មេបញ្ជាការ​កងទ័ពជើងគោក​អ៊ីរ៉ង់ ឧត្តមសេនីយ៍ទោ គី​អូ​ម៉ាស់ ហី​ដារី (Kioomars Heidari) បាន​និយាយ​តាម​ទូរទស្សន៍​រដ្ឋ​ថា ដ្រូ​ន Arash 2 មាន “​សមត្ថភាព​ពិសេស​”​ដែល​រចនា​ឡើង​​ជាពិសេស​សម្រាប់​គោលដៅ​វាយប្រហារ​ទីក្រុង​ហៃ​ហ្វា​និង​តែ​ល​អា​វី​វ​។​

​នាយក​សេវាកម្ម​ចារ​កម្ម Mossad​របស់​អ៊ីស្រាអែល លោក ដេវីត បា​នី (David Barnea) បាន​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​នេះ ហើយ​បាន​ព្រមាន​អ្នកគ្រប់គ្រង​អ៊ីរ៉ង់​កុំឱ្យ​”​ជ្រើស​យក​វិធី​ប្រើ​កម្លាំង​ប្រឆាំង​​នឹង​អ៊ីស្រាអែល​ឬ​ប្រជាជន​អ៊ីស្រាអែល​”​។​

​លោក​បា​នី​បាន​និយាយ​នៅក្នុង​សន្ទរកថា​នៅ​សាកលវិទ្យាល័យ​រ៉ា​ច​មែន (Reichman) ក្បែរ​ទីក្រុង​តែ​ល​អា​វី កាលពី​ថ្ងៃ​ចន្ទ​ទី​១២​កញ្ញា​ថា “​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​ត្រូវតែ​ដឹង​ថា​ការប្រើ​កម្លាំង​ប្រ​​ឆាំង​នឹង​អ៊ីស្រាអែល​ឬ​ប្រជាជន​អ៊ីស្រាអែល​ដោយ​ផ្ទាល់​ពី​ប្រទេស​អ៊ីរ៉ង់ ឬ​តាមរយៈ​ក្រុមប្រូក​ស៊ី​(​តំណាង​) នឹង​ជួប​ការឆ្លើយតប​យ៉ាង​ឈឺផ្សា​ប្រឆាំងនឹង​អ្នកទទួលខុសត្រូវ នៅលើ​ទឹកដី​អ៊ីរ៉ង់​”​។

​លោក​បាន​បន្ថែមថា “​រឿងនេះ​នឹង​កើត​ឡើង​នៅ​ទី​ក្រុងតេអេ​រ៉ង់ នៅ​ទីក្រុង​គែរ​ម៉ាន់​សា (Kermanshah) នៅ​ទីក្រុង​អ៊ី​សហ្វា​ហាន (Isfahan)” ដោយ​សំដៅ​ទៅលើ​តំបន់​នៃ​ប្រទេស​អ៊ីរ៉ង់​ដែល​អា​​ជ្ញាធរ​បាន​រាយការណ៍​អំពីប្រតិបត្តិ​ការ​បំផ្លិចបំផ្លាញ​ប្រឆាំង​នឹង​គ្រឿង​បរិក្ខារ ឬ​បុគ្គលិក​ដែលមាន​ទំនាក់ទំនង​ជាមួយ​កម្ម​វិធី​យោធា​ឬ​នុយក្លេអ៊ែរ​របស់​ប្រទេស​។​

​ឧត្តមសេនីយ៍ហី​ដារី​បាន​និយាយថា “​សព្វថ្ងៃនេះ យើង​មាន​ដ្រូ​ន​រយៈ​ចម្ងាយ​ឆ្ងាយ​យុទ្ធសាស្ត្រ ហើយក៏​មាន​ដ្រូ​ន​ដែល​អាច​បើក​បាន​ចម្ងាយ ២.០០០ គីឡូម៉ែត្រ​ផងដែរ​។ ពិតណាស់ យើង​កមាន​ដ្រូ​ន​ចម្ងាយ​​ជិត​នៅក្នុង​ឃ្លាំង​របស់​យើង​ដែរ​”​។​

​លោក​ហី​ដារី​អះអាងថា ដ្រូ​ន Arash 2 ត្រូវបាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​វាយប្រហារ​ទីក្រុង​ហៃ​ហ្វា​និង​តែ​ល​អា​វី​វ ដោយ​បន្ថែម​ថា​វា​ជា​ដ្រូ​ន​ពិសេស​ដែល​បង្កើតឡើង​សម្រាប់​គោលបំណង​នេះ ហើយ​រង់ចាំ​តែ​បញ្ជា​ប៉ុណ្ណោះ​ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​៕

​ឧត្តមសេនីយ៍ទោ គី​អូ​ម៉ាស់ ហី​ដារី ថា​ដ្រូ​ន Arash 2 ត្រូវបាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​វាយប្រហារ​ទីក្រុង​ហៃ​ហ្វា​និង​តែ​ល​អា​វី​វ​