ដោយ៖ដេប៉ូ / ភ្នំពេញ៖ ក្រសួងបរិស្ថាន និង អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នាមួយ ក្នុងគម្រោង «ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែន ប្រកបដោយចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គ នៃប្រទេសកម្ពុជា និងដែនដីសណ្តរ នៃតំបន់មេគង្គ ប្រទេសវៀតណាម»។
លោក សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព នៃក្រសួងបរិស្ថាន បានថ្លែងក្នុងពិធី ដែលបានរៀបចំឡើង កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថាៈ នៅផ្នែកខាងក្រោម នៃតំបន់ទំនាបអាងទន្លេមេគង្គ មានប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែន ដែលគ្របដណ្តប់លើប្រទេសកម្ពុជា និងវៀតណាម។ ប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះ (ហៅកាត់ថា TBA) ត្រូវបាន កំណត់ថា ជាប្រព័ន្ធស្រទាប់ទឹកក្រោមដី នៃដីសណ្តរទន្លេមេគង្គ នៃប្រទេសកម្ពុជា ដែលមានទំហំប្រមាណ ២២៣.០០០ គីទ្បូម៉ែត្រការ៉េ។
លោកបានបញ្ជាក់បន្ថែមថាៈ បើយោងតាមការសិក្សារបស់អង្គការយូណេស្កូ បានបង្ហាញថា ការដកហូតប្រើប្រាស់ទឹកក្រោមដី ពីប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះ មានប្រមាណ ៥,៣៨៧ លានម៉ែត្រគូប ក្នុងមួយឆ្នាំៗ ។ ធនធានទឹកក្រោមដី នៃប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះ មានឥទ្ធិពលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដោយធនធានទឹកក្រោមដី នេះបានជួយ បម្រើដល់ផលិតកម្មកសិកម្ម ជាពិសេសដំណាំស្រូវ និងសកម្មភាពចិញ្ចឹម ជីវិតរបស់ប្រជាពលរដ្ឋក្នុង ប្រទេសទាំងពីរ។
លោករដ្ឋលេខាធិការ បានឱ្យដឹងដែរថាៈ កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសសម្បូរទឹក ហើយមានសេដ្ឋកិច្ច ពឹងផ្អែកខ្លាំងលើទឹក។ តាមពិត ប្រទេសកម្ពុជា ជាប្រទេសដែលពឹងផ្អែកខ្លាំង លើធនធានទឹកក្រោមដី ដើម្បីបំពេញបន្ថែមនូវការប្រើប្រាស់ ទឹក ក្នុងអំទ្បុងពេលខ្វះខាតទឹក នារដូវប្រាំង។ ទឹកក្រោមដី ជាធនធានដ៏មានសារៈសំខាន់ ខណៈពេលដែលទឹកលើដី កាន់តែថមថយ ហើយទឹកក្រោមដី ត្រូវបានប្រើប្រាស់ យ៉ាងច្រើន ដោយប្រជាពលរដ្ឋកម្ពុជា ដែល រស់នៅតាមជនបទ។
យោងតាមការសិក្សារបស់ សាកលវិទ្យាល័យ សាន់ហ្វត (Sandford University) បានបង្ហាញថា ការប្រើប្រាស់ទឹកក្រោមដី ក្នុងប្រទេសកម្ពុជា មានការកើនទ្បើង ១០ ភាគរយ ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះផងដែរ ការប្រែប្រួល អាកាសធាតុ ក៏បាននិងកំពុងក្លាយជាបញ្ហាចំបងមួយ ក្នុងការគ្រប់គ្រងទឹក ក្នុងប្រទេសកម្ពុជា។
លោករដ្ឋលេខា បានថ្លែងដោយបញ្ជាក់ថាៈ បញ្ហា និងក្តីកង្វល់នានា ដែលបាននឹងកំពុង កើតមានសម្រាប់ទឹកក្រោមដី រួមមាន ការហូរច្រោះទឹកប្រៃ និងការធ្លាក់ចុះនៃ បរិមាណស្តុកទឹក ការបំពុល និងការកើនទ្បើង នៃសារធាតុអាសេនិច ការបាត់បង់ដី និងព្រៃឈើ ការបាត់បង់តំបន់ដីសើម ការបាត់បង់ធនធានជលផល ព្រមទាំងទីជម្រក ដែលកំពុងតែស្ថិតក្នុងភាពគ្រោះថ្នាក់ ការប្រើប្រាស់ដីកាន់តែច្រើន និងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ។ បញ្ហាទាំងនេះ គឺជាបញ្ហាចម្បងៗ របស់រាជរដ្ឋាភិបាល កម្ពុជា និងសហគមន៍មូលដ្ឋាន តាមតំបន់វាលលិចទឹកនៃតំបន់ ទន្លេមេគង្គកម្ពុជា។
ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន រួមទាំងភាគីពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ ក្នុងអំឡុងពេលអនុវត្តគម្រោង សំដៅធានា ស្របតាមអាទិភាពនៃ យុទ្ធសាស្ត្រជាតិ សម្រាប់ផលប្រយោជន៍ និងការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន ចែករំលែកធនធានទឹករួម របស់យើង ប្រកបដោយចីរភាព៕ V / N