ដោយៈ សុផល / ភ្នំពេញ​៖ កម្មវិធី​ស្បៀងអាហារ​ពិភពលោក នៃ​អង្គការសហប្រជាជាតិ (WFP) សហការ​ជាមួយ​នាយកដ្ឋាន​សុខភាព​សិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) នឹង​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ទំនាក់ទំនង ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបទ​សង្គម ទាក់ទង​នឹង​របប​អាហារ​របស់​កុមារ ក្នុង​វ័យ​សិក្សា​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន​របស់ WFP នា​ថ្ងៃទី​១៣ ខែកញ្ញា នេះ​។​

​ផែនការ​យុទ្ធនាការ​លើកកម្ពស់​អា​ហា​រូប​ត្ថ​ម្ភ ក្នុង​សាលារៀន​នេះ ត្រូវបាន​បង្កើតឡើង ដោយ WFP និង MoEYS នៅក្នុង​សិក្ខាសាលា​មួយ កាលពី​ចុង​សប្តាហ៍ មុន​ដែល មានការ​ចូលរួម​ពី​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល ក្រសួងសុខាភិបាល និង​ការិយាល័យ​អប់រំ​ខេត្ត កំពង់ឆ្នាំង កំពង់ធំ និង​សៀមរាប ។​

​លោកស្រី គ្លែ​រ កូ​ណាន់ តំណាង និង​នាយក​ប្រចាំ​ប្រទេស​របស់ WFP បាន​មាន ប្រសាសន៍ថាៈ “ មាន​កត្តា​ជាច្រើន​ដែល​រួមចំណែក​ឱ្យ​កុមារ ក្នុង​វ័យ​សិក្សា មាន​អាហារ​រូប​ត្ថ​ម្ភ មិនល្អ ហើយ​ឥរិយាបថ​របស់​ពួកគេ និង​អ្នក​ថែទាំ​ពួកគេ គឺ ជា​កត្តា​កំណត់​មួយ ក្នុងចំណោម​កត្តា​កំណត់​ទាំងឡាយ ។ យុទ្ធនាការ​ប្រកបដោយ ប្រសិទ្ធភាព ដែល​អប់រំ​កុមារ អំពី​សារៈសំខាន់ នៃ​របប​អាហារ​មាន​ជីវជាតិ និង​មាន​តុល្យភាព នឹង​ក្លាយជា​ចំណុច​សំខាន់​មួយ ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ សុខភាព រយៈពេល​វែង​របស់​ពួកគាត់​”​។​

“​បន្ថែម​ទៅលើ​ការចូលរួម​ដ៏​យូរអង្វែង​កន្លងមករ​បស់​យើង​នៅក្នុង​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន ឥឡូវនេះ យើង​កំពុង​សហការ​ជាមួយ​នាយកដ្ឋាន សុខភាព​សិក្សា និង​ដៃគូ​នានា ដើម្បី​បង្កើត​យុទ្ធនាការ ដែល​លើកទឹកចិត្ត ឱ្យមាន​ការបង្កើន​ការបរិភោគ ផ្លែឈើ បន្លែ និង​ប្រូតេអ៊ីន​។​”

​នៅ​កម្ពុជា សិស្សសាលា​ទទួលរង​នូវ​បញ្ហា​អាហារូបត្ថម្ភ​ផ្សេងៗ ដូចជា កង្វះ​មីក្រូ សារជាតិ​កម្រិត​ខ្ពស់ អត្រា​លើស​ទម្ងន់ និង​ធាត់​ជ្រុល និង​កង្វះ​អាហារូបត្ថម្ភ យូរអង្វែង​។
​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​ប្រជាប្រិយ​ភាព​របស់​អាហារ​កែច្នៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​គុណភាព​របប​អាហារ​។ ទន្ទឹមនឹងនេះ របប​អាហារ​ចម្រុះ នៅតែមាន​កម្រិត​ទាប​។ ការទទួល​ទាន​បាយ សាច់ និង​ត្រី មាន​បរិមាណ​ខ្ពស់ ចំណែក​ការទទួល​ទាន​ផ្លែឈើ បន្លែ និង​ប្រភេទ​ប្រូតេអ៊ីន ផ្សេងទៀត​ដូច ជា​ទឹកដោះគោ ឬ​ស៊ុត នៅមានកំរិត​ទាប​ខ្លាំង​ជាង​កំរិត ដែល​ណែនាំ​ដោយ​គោលការណ៍ អន្តរជាតិ​នៅឡើយ​។​

​លោក​វេជ្ជបណ្ឌិត ឆាយ គឹម​សុធាវី ប្រធាន​នាយកដ្ឋាន​សុខភាព​សិក្សា បាន​មាន ប្រសាសន៍ថាៈ “​ករណីនេះ គឺជា​ក្ដីបារម្ភ​យ៉ាងខ្លាំង ពីព្រោះថា ទោះបី​ជាមាន​វឌ្ឍនភាព ខ្លះៗ ក្នុងការ​កាត់បន្ថយ​អត្រា​នៃ​ភាពស្គម​ស្គាំង ក្រេស​ក្រិន និង​ខ្វះ​ទម្ងន់​ក៏ដោយ កង្វះ​អាហារូបត្ថម្ភ នៅតែ​ជា​បញ្ហា ដែល​បន្ត​កើតមាន​នៅក្នុង​កម្រិត​គ្រួសារ​។​”

WFP សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ផ្តល់​ស្បៀងអាហារ តាម​សាលារៀន ដល់​សិស្សសាលា​បឋមសិក្សា និង​ម​ត្តេ​យ្យ​សិក្សា តាំងពី​ឆ្នាំ​១៩៩៩ ដោយបាន​រួមចំណែក​លើ​ក​កម្ពស់​លទ្ធផល ផ្នែក​អាហារូបត្ថម្ភ ក៏ដូចជា​វត្តមាន ការ​ផ្តោតអារម្មណ៍ និង​ការរៀនសូត្រ​របស់​សិស្ស​។ ទោះជា​យ៉ាងណាក៏ដោយ ការ ផ្ដល់​ស្បៀងអាហារ តាម​សាលារៀន គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ នៃ​របប​អាហារ​របស់ កុមារ វា​មិនអាច​សំដៅ​ដោះស្រាយ​បញ្ហា​ទទួលទាន អាហារ​នៅផ្ទះ ឬ​ឥរិយាបថ ទទួលទាន​នំចំណី ដែល​មិនល្អ​នោះទេ​។ ដូច្នេះ​សាលារៀន នៅតែ​ជា​វេទិកា​មួយ ដែល​ផ្ដល់​លទ្ធភាព និង​ឱកាស​ក្នុងការ​លើកកម្ពស់ របប​អាហារ​របស់​កុមារ ឱ្យ​កាន់តែ​ទូលំទូលាយ​។​

​យុទ្ធនាការ​នេះ នឹង​ជួយ​ជំរុញ​ដល់​គោលដៅ​របស់​គោលនយោបាយ​ជាតិ ស្តីពី​សុខភាព​សិក្សា ឆ្នាំ​២០១៩ ផែនការ​សកម្ម​ភាពជា​តិ ស្តីពី​សុខភាព​ក្នុង​វ័យ​សិក្សា និង​គោលការណ៍​ណែនាំ ស្ដីអំពី​បទដ្ឋាន​លើកកម្ពស់​សុខភាព​សិក្សា ដែល​ទាំងអស់នេះ មាន​រួមបញ្ចូល​នូវ​អាទិភាព ជា​យុទ្ធ​សា​ស្រ្ សម្រាប់​លើកកម្ពស ការកែលម្អ​ឥរិយាបថ ទទួលទាន​អាហារ និង​ឥរិយាបថ​សុខភាព​របស់​សិស្សសាលា និង​អាណាព្យាបាល​។​

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក នៃ​អង្គការសហប្រជាជាតិ គឺជា​អង្គការ​មនុស្សធម៌ ដ៏​ធំជាងគេ​បំផុត នៅលើ​ពិភពលោក ដែល​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ក្នុង​គ្រាអាសន្ន និង​ប្រើ​ជំនួយ​ស្បៀងអាហារ ជា​វិធី​កសាង​មាគ៌ា​ឆ្ពោះទៅកាន់​សន្តិភាព ស្ថិរភាព និង​វិបុលភាព សម្រាប់​ប្រជាជន ដែល​បាន​ឆ្លងកាត់​ជម្លោះ គ្រោះមហន្តរាយ និង​ផល ប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ​៕ V / N