​ដោយៈ សុផល / ភ្នំពេញៈ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​បារាំង នៅ​ថ្ងៃទី​១៣ ខែកញ្ញា នេះ បានឱ្យដឹងថាៈ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​បើកទ្វារ​ទទួល សាធារណជន ឲ្យ​ចូល​ទស្សនា​ដោយ​សេរី ជាថ្មី​ម្តងទៀត នៅ​ថ្ងៃទី​១៧ ខែកញ្ញា ខាងមុខ បន្ទាប់ពី​ខកខាន​មិនបាន​ប្រារព្ធ កាលពី​ឆ្នាំ​កន្លងទៅ ដោយសារ​ស្ថានភាព​កូ​វីដ​១៩​។​

​ស្ថិតក្រោម​ប្រធានបទ «​បេតិកភណ្ឌ​ប្រកបដោយ​ចីរភាព​» ទិវា​នេះ នឹង​អនុញ្ញាតឱ្យ សាធារណជន ស្វែងយល់​អំពី​អគារ​នានា ដែល​បង្កប់​ដោយ​ប្រវត្តិសាស្ត្រ ក៏ដូចជា ឧទ្យាន​ដ៏​ស្រស់បំព្រង​របស់​ស្ថានទូត​។

​មាន​ទំហំ ៤,៧ ហិកតា ឧទ្យាន​ស្ថានទូត​បារាំង ស្ថិតក្នុង​ចំណោម​លំហ​បៃតង​ធំជាងគេ​មួយ នៅ​រាជធានី​ភ្នំពេញ ដោយមាន​ផ្ទុក​នូវ​ជីវៈចម្រុះ​ដ៏​មានតម្លៃ ដូចជា​ដើមឈើ ២០០ ដើម ដែល​ស្ថិតក្នុង ៥០ ប្រភេទ​ផ្សេងៗ​គ្នា និង​សត្វ​មួយចំនួន ដែល​បច្ចុប្បន្ន ស្ថានទូត កំពុង​ចុះបញ្ជី​។ ស្ថានទូត​បានធ្វើ​ស្លាក​រៀបរាប់ អំពី​ដើមឈើ​មានតម្លៃ ដែល​ស្ថិតនៅក្នុង​ឧទ្យាន​ស្ថានទូត​។​

​ស្ថានទូត​បារាំង បានឱ្យដឹង​ទៀតថាៈ ការ​ទស្សនា នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការពន្យល់ ជា​ភាសា​បារាំង ខ្មែរ និង អង់គ្លេស ចំនួន​បី​ពេល ក្នុង​មួយថ្ងៃ ហើយ​អ្នកទស្សនា អាច​ជ្រើសរើស​ចូល ក្នុង​ក្រុម​ណាមួយ​ខាងលើ​។ អ្នកទស្សនា ក៏​នឹង​អាច​ស្វែងយល់​ផងដែរ អំពី​ស្នាដៃ​សិល្បៈ​មួយចំនួន ក្នុង​ឧទ្យាន រួមទាំង​អតីត​ខ្លោងទ្វារ​ស្ថានទូត ដែល​លោក ហ្វ្រ​ង់​ស៊័​រ ប៊ី​ហ្សូ បាន​រៀបរាប់​នៅក្នុង​ស្នាដៃ​របស់លោក ស្តីពី​ការដួលរលំ​នៃ​ទីក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​១៩៧៥​។ ទិវា​ខាងលើ នឹង​បញ្ចប់​ដោយ​ការបង្ហាញ​រូបថត​ស្ត្រី និង​បុរស​នានា ដែល​នឹង​បង្កើត​បេតិកភណ្ឌ ក្នុងពេល​អនាគត​។
​រូបថត​ទាំងនេះ ត្រូវបាន​ដាក់តាំង​លើ​របង​មុខ​ស្ថានទូត​បារាំង ក្នុង​ក្របខ័ណ្ឌ​នៃ​ពិព័រណ៍ «​រម្លឹក​ខួប​៣០​ឆ្នាំ នៃ​វិទ្យាស្ថាន​បារាំង នៅ​កម្ពុជា​»​។​

​ស្ថានទូត នឹង​បើក​ជូន​សាធារណជន ទស្សនា​ពី​ម៉ោង ៨​ៈ​០០ ដល់​ម៉ោង ១៦​ៈ​០០ ។ បើក​ជូន​ទស្សនា​ដោយ​សេរី និង​ដោយ​ពុំ​ចាំបាច់​ចុះឈ្មោះ​ជាមុន ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ យក​អាហារ ភេសជ្ជៈ (​លើកលែង​ទឹក​សុទ្ធ​) និង​កាបូប​ធំៗ ចូល​នោះទេ​។ អ្នកទស្សនា ត្រូវ​ពាក់​ម៉ាស ហើយ​គោរព​វិធានការ​សុខាភិបាល ហើយ​គួរ​ពាក់​ស្បែកជើង ដែល​ងាយស្រួល ក្នុងការ​ធ្វើដំណើរ ក្នុង​ឧទ្យាន​។​

​ទិវា​បេតិកភណ្ឌ​នៅ​កម្ពុជា ធ្វើឡើង​នៅក្នុង​ក្របខ័ណ្ឌ នៃ​ទិវា​បេតិកភណ្ឌ​អឺរ៉ុប ដែល​ត្រូវបាន​ផ្តួចផ្តើម​គំនិត ដោយ​ប្រទេស​បារាំង ហើយ​បច្ចុប្បន្ន ត្រូវបាន​ប្រារព្ធ​ឡើង ក្នុងប្រទេស​ជាង​៥០​។ នៅ​កម្ពុជា អគារ​បេតិកភណ្ឌ​ល្អ​ឯក​ផ្សេងទៀត ក៏​នឹង​បើកទ្វារ​ទទួល​សាធារណជន ចូល​ទស្សនា​ផងដែរ នៅ​ថ្ងៃទី​១៧ ខែកញ្ញា​ខាងមុខនេះ ដូចជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ អភិរក្ស​ដ្ឋា​ន​អង្គរ និង​ការិយាល័យ​អង្គការ យូណេស្កូ​នៅ​ភ្នំពេញ​។ ម៉ោង​ពេល និង​បែបបទ​ចូល​ទស្សនា នឹងត្រូវ​បានកំណត់ ដោយ​ស្ថាប័ន​នីមួយៗ​៕ V / N