ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ជា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣(CAMSOC)​តំណាង​លោក​បណ្ឌិត​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​បញ្ជាក់ថា​ការ​ចេញទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន រយៈពេល​វែង​នេះ​គឺជា​ការត្រៀម​នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​។​

​លោក​មានប្រសាសន៍​បែបនេះ​នា​ព្រឹក​ថ្ងៃទី​១៣​ខែកញ្ញា​ក្នុងពេល​ជួប​ជាមួយ​អ្នកដឹកនាំ គ្រូបង្វឹក​កីឡាករ​កីឡាការិនី ជម្រើសជាតិ​កម្ពុជា​សរុប​១៦១​នាក់​លើ​១២​ប្រភេទ​។​កីឡាករ​ទាំងនេះ​ត្រៀម​ចេញទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​គម្រោងការ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​គឺជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន និង​ប្រជាជន​ជន​ដែលជា​មិត្ត​ដែកថែប​ដ៏​យូរអង្វែង​រវាង​កម្ពុជា​និង​ចិន​។​

​លោក វ៉ា​ត់ ចំរើន​បាន​បន្តថា នេះ​ជា​សមិទ្ធផល​នៃ​វិស័យ​កីឡា​កម្ពុជា​ដែល​រដ្ឋាភិបាល​ចិន​បានផ្តល់​ជំនួយឥតសំណង​
​នៃ​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ជំនួយឥតសំណង​លើ​ការហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី កម្ពុជា​នៅ​ប្រទេស​ចិន​ដើម្បី​ស្វែងរក​កម្រិត​គុណភាព​កាន់តែ​ខ្ពស់​ក្រោម​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​។​

​លោក​អគ្គលេខាធិការ​បា​ន​ផ្តល់​ការណែនាំ​ដល់​ក្រុម​ជម្រើសជាតិ​ទាំង​១២​ប្រភេទ​កីឡា​ត្រូវខិតខំ​ហ្វឹកហាត់​តាម​កម្មវិធី​ឲ្យ​បាន​គត់​ម៉ត់​ដើម្បី​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដំបូង​នៅ​កម្ពុជា ស៊ី​ហ្គេម ២០២៣​។ ដូច្នេះ​សូម​កីឡាករ កីឡាការិនី​ទាំងអស់​ត្រូវយក​អស់​ស្មារតី កម្លាំងកាយ កម្លាំងចិត្ត​ខិតខំ​ហ្វឹកហាត់​ឲ្យ​បាន​មុតមាំ​បំផុត​ដើម្បី​ស្រូប​ទាញ មកវិញ​នូវ​សិទ្ធ​ផល គុណ​ផល​កីឡា​កម្រិត​ខ្ពស់​។​

​លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ចិន​បាន​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​វិ​
​ស័​យ​កីឡា​កម្ពុជា​ទាំងមូល ហើយ​យើងទាំងអស់គ្នា​ត្រូវតែ​ខិតខំ​ប្តេជ្ញាចិត្ត​ឲ្យ​បាន​ខ្ពស់បំផុត និង​ចាត់ទុកថា នេះ​ជា​បេសកកម្ម​ពិសេស ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ២០២៣​។​

​ក្នុងអំឡុងពេល​ហ្វឹកហាត់​សូម​រៀបចំខ្លួន​ឲ្យ​បានល្អ​ក្នុង​ការកសាង​មិត្តភាព​ជាមួយ​គ្រូបង្វឹក​កីឡាករ​កីឡាការិនី​ចិន​និង​ប្រជាជន​ចិន​ដែល​ពួកគាត់​នឹង​ចែករំលែក​ចំណេះ​ជំនាញ​ដល់​ការហ្វឹកហាត់​ដ៏​មាន​សារៈសំខាន់​នេះ​។​ក្នុងពេល​ហ្វឹកហាត់​នេះ​សំខាន់បំផុត​គឺ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ទទួលយក​នូវ​ការលំបាក​ការតស៊ូ​ការប៉ះទង្គិច​នានា​ដែល​នឹង​កើតមានឡើង​ក្នុងពេល​ហ្វឹកហាត់​។ ត្រូវគោរព​ឲ្យ​បានជា​ដាច់ខាត​នូវ​ពេលវេលា​ហ្វឹកហាត់ វិន័យ ក្រមសីលធម៌​សេចក្តី​ថ្លែ​ថ្នូរ ជាតិ​ឲ្យ​បាន​ពីព្រោះ​ការ​ចេញទៅ​ហ្វឹកហាត់​នេះ​គឺ​ក្រុម​ជម្រើសជាតិ​ទាំងអស់​ទៅក្នុង​នាម​ជាតិ​ទាំងមូល​ទៅក្នុង​នាម​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​ក្នុង​កម្រិត​រដ្ឋា​ភិល​បាល​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ឲ្យ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​។​

​លោក អ៊ូ ខូ​កាង​(Wu Gouquan)​កុងស៊ុល​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​តំណាង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​នេះ​ជា​កិច្ច​សហការគ្នា​ដោយ​ភាគី​ចិន​បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការរៀបចំ​កម្មវិធី​ហ្វឹកហាត់​ជូន​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំង​ការរៀបចំ​ទិដ្ឋាការ​ជើងហោះហើរ​របស់​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​ជា​មិត្ត​ដែកថែប​និង​ជា​សហគមន៍​រួម​ជោគវាសនា​គ្នា​ទ្វេភាគី​ដែល​កំពុង​អភិវឌ្ឍ​កម្រិត​ខ្ពស់​រយៈពេល​ជា​យូរ​មកហើយ​។​

​លោក​បន្ថែមថា​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​របស់​កម្ពុជា​រដ្ឋាភិបាល​ចិន​មិន​ត្រឹមតែ​បាន​អនុវត្ត​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែលជា​កន្លែង​រៀបចំ​កីឡា​ស៊ី​ហ្គេម​២០២៣​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​រដ្ឋាភិបាល​ចិន​ថែមទាំង​បាន​អនុវត្ត​គម្រោង​អភិវឌ្ឍ​បច្ចេកទេស​កីឡា​សម្រាប់​កម្ពុជា​។

​ជំនួយឥតសំណង​នេះ​គឺ​ដើម្បី​ជួយ​លើកកម្ពស់​នៃ​ការប្រកួត​កីឡា​របស់​កម្ពុជា​តាមរ​យៈ​ការរៀបចំ​ហ្វឹកហាត់​រួមផ្សំ​គ្នា​។​ការអនុវត្ត​គម្រោង​ទាំងនេះ​ពិតជា​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ណាស់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំងពីរ​ចិន​កម្ពុជា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ផងដែរ​។​បន្ថែម​ពីលើ​នេះ​រឹតចំណង​សាមគ្គីភាព​បន្ថែម​លើ​ការស្រឡាញ់គ្នា​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​។​

​លោក​កាង​សង្ឃឹមថា​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ដែល​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នា​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២២​នេះ​នឹង​បន្ត​ការហ្វឹកហាត់​ឲ្យ​បាន​បច្ចេកទេស​កម្រិត​ខ្ពស់​ដើម្បី​ត្រឡប់មក​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​ឲ្យ​ទទួលបាន​លទ្ធផល​ល្អជា​ផ្លែផ្កា​៕​សរន/ N